ភ្នំពេញ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី១០ ខែឧសភា​នេះ បានធ្វើ​ការបដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​គេហទំព័​រ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការធ្វើ​បណ្ណ​បើកបរ​គ្រប់​ប្រភេទ និង​បានស្នើ​ដល់​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់។

តាមរយៈ​គេហទំព័រ​ផ្លូវការ ក្រសួង​សាធារណការ សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ការចុះផ្សាយ​នៅលើ​គេហទំព័រ​ទាំងឡាយ ដែលមាន​ខ្លឹមសារ​ថា៖ អនុសាខា​ក្រសួង​សម្រួល​ការងារ​តាម​អន​ឡាញ ទទួល​រៀបចំ​ធ្វើ​បណ្ណ​បើកបរ​គ្រប់​ប្រភេទ​ស្របច្បាប់ មាន​គល់បញ្ជី​ក្រសួង ផុតកំណត់​អាច​បន្ត​សុពលភាព​បាន​ស្របច្បាប់ និង​បាន​អះអាងថា ជា​អនុសាខា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាច​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ។

ក្រសួង បញ្ជាក់ថា ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ក្នុង​គេហទំព័រ​ទាំងឡាយ​ខាងលើនេះ ជា​ព័ត៌មាន​មិន​ពិត មាន​ចរិត​បង្ក​ការភ័ន្តច្រឡំ​ដល់​សាធារណជន ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​រាជរដ្ឋាភិបាល​ផងដែរ។

ក្រសួង ក៏​សូម​ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជនខិលខូច​ខាងលើ​ដែល​បាន​ផលិត​បណ្ណ​សម្គាល់​យានយន្ត ស្លាក​លេខ​យានយន្ត និង​បណ្ណ​បើកបរ​យានយន្ត​ក្លែងក្លាយ និង​ការផ្សព្វផ្សាយ​លក់​ផ្លាកលេខ​យានយន្ត​តាម​បណ្ដាញ​សង្គម​ក្នុង​គេហទំព័រ​នានា ជាពិសេស ចាត់វិធានការ​ចំពោះ​អំពើ​បោកប្រាស់ និង​ការ​ក្លែង​ឯកសារ​សាធារណៈ​ទាំងនេះ ដែល​បង្ក​ជាការ​ភ័ន្តច្រឡំ​ដល់ សាធារណជន ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន។

ជាមួយគ្នានេះ​ផងដែរ ក្រសួង​សូម​ជំរុញ​លើកទឹកចិត្ត ក៏ដូចជា​សូម​អំពាវនាវ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​មេត្តា​ចៀសវាង​ការប្រើប្រាស់​សេវាសាធារណៈ​ក្រៅផ្លូវការ ដែល​ងាយ​ធ្លាក់ចូល​ក្នុង​អំពើ​បោកប្រាស់​របស់​ជនខិលខូច នាំឱ្យ​ខាតបង់​ថវិកា  និង​ងាក​មកប្រើប្រាស់​មណ្ឌល​ផ្តល់​សេវាសាធារណៈ ទាំងឡាយ​នៅតាម​ទីតាំង​នានា​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​វិញ។

ជាងនេះទៅទៀត ដើម្បី​ការពារ​ការភ័ន្តច្រឡំ​ដល់​មហាជន ជាពិសេស​ដើម្បី​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័​ត៌ មាន​មិន​ពិត​របស់​ជន​ទុច្ចរិត និង​ក្រុម​បុគ្គល​ខូច​ដែល​បង្កឱ្យមាន​ភាពអសន្តិសុខ និង​ចលាចល​ដល់​សង្គម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ស្នើសុំ​ក្រសួង-ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់​វិធាន ការ​ឱ្យបាន​តឹងរ៉ឹង​បំផុត ដើម្បី​បង្ក្រាប​និង​ចាប់​ជនខិលខូច​ដែល​បាន​ប្រព្រឹត្ត​ខាងលើ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ឱ្យខាងតែបាន។

បច្ចុប្បន្ននេះ ក្រសួង​ក៏​កំពុង​ជំរុញ និង​ធ្វើឱ្យ​ប្រសើរ​ឡើងលើ​ការធ្វើកំណែទម្រង់​សេវាសាធារណៈ​ឱ្យ​កាន់តែ មាន​ប្រសិទ្ធភាព តម្លាភាព សុក្រឹត្យភាព គណនេយ្យភាព និង​ឆាប់រហ័ស ស្របតាម​គោលនយោបាយ​ដ៏ ត្រឹមត្រូវ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.