ការឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ បាន​ជាង ៦២ម៉ឺន​គ្រួសារ សរុប​ថវិកា​អស់ ១០០លាន​ដុល្លារ

ភ្នំពេញ៖ អនុវត្តន៍​តាម​សេចក្តីប្រកាស​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្តីពី​ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ រយៈពេល៣ខែ ចាប់ពី​ខែមិថុនា​មកនេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​បាន​ចំនួន ៦២៤.៦៤៤គ្រួសារ ស្មើនឹង ២.៥០១.៥២០នាក់ សរុប​ថវិកា​អស់ ១០០លាន​ដុល្លារ​អាម៉េរិក។

ឯកឧត្តម​រដ្ឋមន្ត្រី វង សូត បាន​លើកឡើងថា សម្តេចនាយក​រដ្ឋមន្ត្រី បានប្រកាស បើក​កម្មវិធី​អនុវត្តន៍​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ នៅ​ថ្ងៃទី២៤ ខែមិថុនា ហើយ​នៅ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ចាប់ផ្តើម​បើក​លុយ។ ផ្អែកលើ​ទិន្នន័យ​រួម ដែលមាន​ភាគី ពាក់ព័ន្ធ ពិសេស​ក្រសួងផែនការ​ទាក់ទិន​ការកំណត់​ទិន្នន័យ ក្រសួង​សង្គមកិច្ច​ជា​អ្នកប្រតិបត្តិ ជាក់ស្តែង ក្រសួង​ហិរញ្ញ​ហិរញ្ញវត្ថុ​ជា​អ្នកផ្តល់​លុយ។

ក្នុង​តួលេខ ៥៦ម៉ឺន​គ្រួសារ ដល់ អនុវត្តន៍​ជាក់ស្តែង​មានគ្រួសារ​ក្រីក្រ​កើន​លើស​ហ្នឹង។ អីចឹង តួលេខ​នេះ​យើង​បាន​ត្រួតពិនិត្យ មុន​ក្នុង​កម្រិត​ប៉ាន់ស្មាន តែ​ប្រតិបត្តិ​ជាក់ស្តែង​យើង​ផ្អែក​ទៅតាម​ចំនួន​ជាក់ស្តែង តែ​ក៏ យើង​មាន​ហេតុផល​មួយ​ទាក់ទិន​នឹង​ការឧបត្ថម្ភ​សាច់ប្រាក់​នេះ ក្រសួងផែនការ​ក៏បាន​លើក​ថា ចំនួន​គ្រួសារ​ក្រីក្រ​បើសិនណា​គាត់​ស្ថិតក្នុង​ស្ថានភាព​ក្រីក្រ​ពិតប្រាកដ តែ​មិនទាន់មាន​ប័ណ្ណ យើង​បាន​បើក​សិទ្ធិ​ឱ្យ​គាត់​ស្នើសុំ និង​ចេញ​ប័ណ្ណ​ទទួលស្គាល់​ពួកគាត់ ហើយ​គាត់​នឹង អាច​បើក​លុយ​បាន។

អីចឹង យើង​បានកំណត់​នៅ​រាងរាល់​ថ្ងៃទី១៥ នៃ​ខែនីមួយៗ យើង​នឹង បញ្ចប់​ការឧបត្ថម្ភ​សាច់ប្រាក់ ហើយ​អ្នក​ដែល​បាន​បញ្ចូល​ថ្មី​នឹង​ចាប់ បើក​ជូន​ពីថ្ងៃ​ទី១៦ទៅ ក្នុង​ខែ​ជា​បន្តបន្ទាប់។ សម្រាប់​ខែកញ្ញា​នេះ​យើង​បញ្ចប់​ការឧបត្ថម្ភ​នៅ​ថ្ងៃទី២៤ ហើយ​ចាប់ ពីថ្ងៃ​ទី២៥ ខែកញ្ញា​នេះ​ទៅ​យើង​ចាប់ផ្តើម​បើកប្រាក់​ឧបត្ថម្ភ​ខែ​ថ្មី​ទៀត។

តាម​របាយការណ៍​រប​ស់​ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សប្ប​ទា បានឱ្យដឹងថា មកដល់​ថ្ងៃនេះ​យើង​បាន អនុវត្តន៍​បាន៣ខែ ហើយ​អស់សាច់​ប្រាក់​ជាង ១០០លាន​ដុល្លារ ដល់​គ្រួសារ​ក្រីក្រ​ចំនួន​ជាង ២លាន ៥សែន​នាក់ តែ​បច្ចុប្បន្ន​យើង​កំពុង​បានទទួល​ការស្នើសុំ ចូល​ជា​សមាជិកគ្រួសារ​ក្រីក្រ​ថ្មី​ជាច្រើន​បន្ត បន្ទាប់​ទៀត៕