ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​ចិន ពិភាក្សា​លើ​ការប្រើប្រាស់​ប្រព័ន្ធ GPS សម្រាប់​យានយន្ត និង​នាវា

ភ្នំពេញ៖  លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​ក្រុមហ៊ុន​សាជីវកម្ម China Great Wall Industry Corporation (CGWIC) និង​គណៈប្រតិភូ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ  ពិភាក្សា​បើក​ការិយាល័យ តំណាង​របស់ខ្លួន​ប្រចាំ​កម្ពុជា ដើម្បី​ការប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប GPS នៅក្នុង​តំបន់​អាស៊ាន និង​ចូលរួម​ក្នុង​ការធានា​សុវត្ថិភាព ការដឹកជញ្ជូន ទាំង​ផ្លូវគោក និង​ផ្លូវទឹក។

ថ្លែង​ទៅកាន់​អង្គប្រជុំ នា​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​ការ អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន ដែល​សម្រេចបាន​ជោគជ័យ ក្នុងការ​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្កាយរណប Beiduo GPS នៅ​ទូទាំង​ពិភពលោក និង​បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ដែល​ត្រៀម​បើក​ការិយាល័យ តំណាង​របស់ខ្លួន​ប្រចាំ​កម្ពុជា ដើម្បី​ការប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប GPS នេះ​នៅក្នុង​តំបន់​អាស៊ាន ចូលរួម​ក្នុង​ការធានា​សុវត្ថិភាព ការដឹកជញ្ជូន ទាំង​ផ្លូវគោក និង​ផ្លូវទឹក។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាប​ជូនទៅ​ប្រតិភូ​ក្រុមហ៊ុន​ចិន​ដែរ​ថា ក្រសួង​សាធារណការ បាន​ត្រៀមលក្ខណៈ​ជាស្រេច​ក្នុងការ សហការ​លើ​ការជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប GPS Beidou នៅ​កម្ពុជា​ជា​ប្រយោជន៍​ដល់​ការដឹកជញ្ជូន ហើយក៏​គ្រោង​នឹង​លើកយក​ប្រធានបទ​នេះ ទៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បូក​កូរ៉េ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បូក​ចិន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បូក​ជប៉ុន ដែល​កម្ពុជា គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើ​ទឹកដី​អង្គរ​ដោយផ្ទាល់ ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វីដ-១៩មាន​ភាព​ធូរស្រាល ឬ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ។

ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន ជំរុញ​ការបំពាក់ BeiDou GPS ៥៥០គ្រឿង​ដែល​បានគ្រោង​ទុក​នោះ ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ក្រសួង​អាច​យក​ជា​បទពិសោធន៍ និង​មាន​មូលដ្ឋាន ដើម្បី​ជំរុញ​ការប្រើប្រាស់​នៅ​កម្ពុជា ព្រមទាំង អាច​ប្រើប្រាស់​ដើម្បី​ពិភាក្សា ជាមួយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​នា​ចុងឆ្នាំ២០២១ខាងមុខនេះ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​សាជីវកម្ម China Great Wall Industry Corporation (CGWIC) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​ការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យា​ចាប់​រលកសញ្ញា​ពី​ចម្ងាយ (Remote Sensing) និង​ប្រព័ន្ធ​ផែនទី​ផ្លូវថ្នល់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *