កម្ពុជា ប្រាប់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន​ថា កម្ពុជា​បាន​ទប់ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​ការរីក​រាលដាល​វីរុស​កូ​វីដ-១៩

ភ្នំពេញ៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន ដែល​ដឹកនាំ​ដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត មៃ​ឃើ​ល មី​ចា​ឡាក់ (Michael Michalak) អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​គ្រប់គ្រង​ប្រចាំ​តំបន់ (US-ABC) តាមរយៈ​វីដេអូ​អន​ឡាញ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយបាន​ជម្រាបជូន​ក្រុមប្រឹក្សា​ពី​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស-កូ​វីដ-១៩ ។

លោកជំទាវ​វេជ្ជបណ្ឌិត បាន​ថ្លែង​ប្រាប់ថា បើទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ ដោយសារតែ​ជំងឺ​កូ​វីដ-១៩ ហើយ​ដែល​រុញឱ្យ​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ​យ៉ាងណាក្ដី ប៉ុន្តែ​បានស្នើ​ធុរជន អាមេរិក ដែល​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា កុំ​មានការ​ព្រួយបារម្ភ ក្នុង​គ្រា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បន្ថយល្បឿន​នៃ​ការធ្វើកំណែទម្រង់ផ្សេងៗ  និង​ប្រព័ន្ធ​លើកទឹកចិត្តថ្មីៗនៅក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូបនេះ​បាន​គូសបញ្ជាក់​ជម្រាប​អង្គប្រជុំ​ថា គិត​ត្រឹម​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ចំនួន ២៧៥ករណី ហើយ​មានតែ  ០១ករណី ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង​មិនមាន​ករណី​ស្លាប់​ដោយសារ​ជំ​ងឹ​កូ​វីដ-១៩ នោះទេ។

លើសពីនេះ លោកជំទាវ​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​អាមេរិក​ទាំងអស់ ធ្វើ​អាជីវកម្ម​របស់ខ្លួន​ដោយ​អនុលោម​តាមច្បាប់​ដែលមាន​ជាធរ​មាននៅ​កម្ពុជា ដើម្បី​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​ផលិតផល និង​សេវា​សុខភាព​ដែលមាន​គុណភាព និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ជាមួយ​ក្រសួងសុខាភិបាល ដែលជា​កិច្ចការ​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ដ៏​ច្រើន  ក្រោម​ការចង្អុលបង្ហាញ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ៕