ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់(តំបន់ក្រហម) ។
បើគិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ចំនួនប្រមាណ ៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ថ្ងៃនេះប្រជាពលរដ្ឋចំនួន ២០.០០០គ្រួសារដែលនឹងទទួលអំណោយនៅថ្ងៃទី១២ ខែឧសភានេះ រួមមាន៖ នៅខណ្ឌមានជ័យ ចំនូន៤.០០០គ្រួសារ, ខណ្ឌពោធិ៍សែនជ័យ ចំនួន ៨.០០០គ្រួសារ, ខណ្ឌដង្កោ ចំនួន ៥០០គ្រួសារ, ខណ្ឌឫស្សីកែវ ចំនួន ៤.៤០០គ្រួសារ, ខណ្ឌជ្រោយចង្វារ ចំនួន ៥០០គ្រួសារ, ខណ្ឌ៧មករាចំនួន ៣០០គ្រួសារ, ខណ្ឌទួលគោកចំនួន ១.០០០គ្រួសារ, ខណ្ឌច្បារអំពៅ ចំនួន៥០០គ្រួសារនិងខណ្ឌកំបូល ចំនួន ៨០០គ្រួសារ ។

មន្ត្រីដដែលបានបន្តថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំ និងបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចំនួនប្រមាណ ៤០ម៉ឺនគ្រួសារហើយ។

សូមបញ្ជាក់ថា អនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោកចំនួន ២០៦នាក់ និងរថយន្ត ៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលមាន ដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់៕

#អរគុណសន្តិភាព