សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

WHO បញ្ចាក់ថា វ៉ាក់សាំង Sinopharm ត្រូវបាន​គេ​ប្រើប្រាស់​ច្រើនណាស់​នៅ​ទូទាំង​ពិភពលោក ហើយវា​​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ផងដែរ

បរទេស៖ យោងតាម​លោកស្រី Mariangela Simao ជំនួយការ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) សម្រាប់​ការទទួលបាន​ផលិតផល​សុខភាព​បាន​និយាយថា វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ Sinopharm របស់​ប្រទេស​ចិន​ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​។​

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

​លោកស្រី​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា «​យើង​នៅតែមាន​ទិន្នន័យ​ដែល​បង្ហាញថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ជំងឺ​ធ្ងន់ធ្ងរ​។ វ៉ាក់សាំង Sinopharm ត្រូវបាន​គេ​ប្រើប្រាស់​ច្រើនណាស់​នៅ​ទូទាំង​ពិភពលោក​។ ខ្ញុំ​គិតថា​វ៉ាក់សាំង​ចំនួន ៦២​លាន​ដូ​សត្រូវ​បាន​គេ​ប្រើប្រាស់​រួចហើយ​។ វា​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ផងដែរ​»​។​

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ Sinopharm របស់​ចិន​ត្រូវបាន​ធ្វើឱ្យមាន​សុពលភាព​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់ ដែល​នេះ​គឺជា​វ៉ាក់សាំង​ចិន​ដំបូងបង្អស់​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ WHO ។​

​លោកស្រី Simao បាន​និយាយ​បន្ថែមថា ការអនុម័ត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ត្រួតពិនិត្យ​យ៉ាង​ទូលំទូលាយ​ពី​ក្រុម​ទីប្រឹក្សាបច្ចេកទេស​ខាងក្រៅ​ដែល​ពិនិត្យមើល​ទៅលើ​ទិន្នន័យ​ខុសៗ​គ្នា​។

លោកស្រី​បាន​កត់សម្គាល់ថា «​យើង​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំងនៅ​ក្នុងប្រទេស​ចិន​កាលពី​ក្នុង​ខែមករា និង​ខែកុម្ភៈ​។ យើង​បាន​ពិនិត្យមើល​ទិន្នន័យ​ព្យាបាល​ដែលមាន​សម្រាប់​វ៉ាក់សាំង Sinopharm​។ វា​ត្រូវបាន​គេ​ចាត់ទុកថា​វា​មាន​ភាពសមរម្យ ជាមួយនឹង​ប្រសិទ្ធភាព និង​សុវត្ថិភាព​ក្នុងការ​អនុវត្ត​ផលិតកម្ម​ល្អ​»​។​

លោកស្រី​ក៏បាន​លើកឡើង​ផងដែរ​ថា អង្គការ​សុខភាព​ពិភពលោក​បាន​ប្តេជ្ញាចិត្ត​ចំពោះ​កម្មវិធី COVAX Facility ដែលជា​យន្តការ​នៃ​ការទទួលបាន​ដោយ​សមធម៌​មួយ​ដែល​យើង​កំពុងធ្វើការ​យ៉ាងខ្លាំង និង​ខិតខំ​ដើម្បី​ទទួលបាន​នូវ​ដូ​ស​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​ចែកចាយ​៕

#អរគុណសន្តិភាព