ក្រសួងអប់រំនិងដៃគូអភិវឌ្ឍន៍ នឹងដាក់ពង្រាយបណ្ដាញអ៊ីនធឺណិតល្បឿនលឿន ជូនដល់គ្រឹះស្ថានសិក្សាសាធារណៈ

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន​វៀត​ធេ​ល (ខេ​ម​បូ​ឌា) បានដាក់​ពង្រាយ​បណ្ដាញ​អ៊ីនធឺណិត​ល្បឿន​លឿន ជូន​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ ដើម្បី​ជំរុញ​ការអប់រំ​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា។

ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​វិទ្យុជាតិ​កម្ពុជា​ថា ក្រសួង​អប់រំ​យុវជន និង​ក្រុមហ៊ុន វៀត​ធេ​ល ខេ​ម​បូ​ឌា បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល៥ឆ្នាំ ស្ដីពី​កិច្ចសហប្រតិបត្តិការ​ប​ច្ចេក​វិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ ក្នុង​វិស័យ​អប់រំ ដើម្បី​រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត សម្រាប់​ក្រសួង​អប់រំ យុវជន​និង​កីឡា ដែលជា​ផ្នែក​មួយ​ក្នុងការ​លើកស្ទួយ​ការអប់រំ​តាម​ប្រ​ឌីជីថល​នៅ​កម្ពុជា។ អ្នកនាំពាក្យ​ក្រសួង​អប់រំ បន្ដថា កិច្ចសហការ​នេះ គឺ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​អប់រំ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​គ្រប់​កម្រិត ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ដោយ​ផ្ដោត​សំខាន់​លើ​ការដាក់​ពង្រាយ​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន ជូន​ដល់​គ្រឹះស្ថានសិក្សា សាធារណៈ និង​ការដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​សាលារៀន តាម​សាលារៀន​គោលដៅ​មួយចំនួន។

«ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​ក្រុមហ៊ុន​វៀត​ធេ​ល ខេ​ម​បូ​ឌា បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ៥ឆ្នាំ ២០២០-២០២៤ ស្ដីពី​កិច្ចសហប្រតិបត្តិការ​ប​ច្ចេក​វិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​ក្នុង​វិស័យ​អប់រំ ដើម្បី​ជំរុញ​ការអប់រំ​ឌីជីថល​នៅ​កម្ពុជា ដោយ​ផ្ដោតទៅលើ​ការ ដាក់ពង្រាយ​បណ្ដាញ​អ៊ីនធឺណិត​ល្បឿន​លឿន​ជូន​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ការដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង ព័ត៌មាន​នៅតាម​សាលារៀន​គោលដៅ​ចំនួន ១៥។ ក្រសួង​អប់រំ យុវជន និង​កីឡា ពង្រីក​វិសាលភាព​គម្រោង​ជាជំហានៗតាម​លទ្ធភាព និង តាម​ពេលវេលា​ដែល​សមស្រប»។

គួររំលឹកថា កាលពី​ថ្ងៃទី១២ ខែឧសភា ២០២១ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ពិភាក្សា​ស្តីពី ការអនុវត្តន៍​គម្រោង​ជាមួយ​ក្រុមហ៊ុន​វៀត​ធេ​ល (ខេ​ម​បូ​ឌា)ដល់ មន្ទីរអប់រំ​ទាំង ២៥រាជធានី/ខេត្ត និង​តំណាង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ស្ដីពី​ការ អនុវត្តន៍​គម្រោង​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​កម្មវិធី​គ្រប់គ្រង​តាម​សាលារៀន៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *