រដ្ឋបាល​ខេត្តក្រចេះ រៀបចំ​កិច្ចប្រជុំ​ពិនិត្យ​លើ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​បច្ចុប្បន្ន​កម្ម ឆ្នាំ២០២១-២០២៥ ខេត្តក្រចេះ

ក្រចេះ៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី១៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាល​ខេត្តក្រចេះ​បានរៀបចំ​កិច្ចប្រជុំ ”ពិនិត្យ​លើ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​បច្ចុប្បន្ន​កម្ម ឆ្នាំ២០២១-២០២៥ ខេត្តក្រចេះ” ក្រោម​អធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​ក្រចេះ។

កិច្ចប្រជុំ​នេះ រៀបចំឡើង​ដើម្បី​ពិនិត្យ​លើ​សកម្មភាព​យុទ្ធសាស្ត្រនីមួយៗ ដើម្បី​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​ដែល​បាន​ដាក់ចេញ​ប្រែក្លាយ​ខេត្តក្រចេះ​ទៅជា​ខេត្ត​គោលដៅ​ឋានសួគ៌​នៃ​ទេសចរណ៍ធម្មជាតិ វប្បធម៌ មាន​ភាព​ទាក់ទាញ​ក្នុង​តំបន់​ភូមិភាគ​ឦសាន​តាមរយៈ​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍​ឲ្យ​កាន់​តែមាន​គុណភាព និង​បង្កើត​នូវ​ព្រឹ​តិ្ត​ការណ៍​ទេសចរណ៍​ប្លែកថ្មី។

ផែនការ​នេះ បានកំណត់​យក​នូវ​យុទ្ធសាស្ត្រ​គោល​ចំនួន៨ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តក្រចេះ​រួមមាន៖

១. ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍

២. ការសិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍

៣. ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្រួលការ​ធ្វើដំណើរ​ទេស​ចរណ៍

៤. សន្តិសុខ សុវត្ថិភាព និង​ការគ្រប់គ្រង​ផលប៉ះពាល់​អវិជ្ជមាន

៥. ប្រព័ន្ធ​ច្បាប់ និង​យន្តការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍

៦. ការអភិវឌ្ឍ​ធនធានមនុស្ស និង​សមភាព​យេនឌ័រ

៧. ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍

៨. ការ​ភិ​រក្ស និង​ការគ្រប់គ្រង​ធនធានធម្មជាតិ។

ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​បាន​ឯកភាព​លើ​ការរៀបចំ​ផែនការ​នេះ និង​ផ្តល់​អនុសាសន៍​បន្ថែម​ឲ្យ​គណៈកម្មាការ​ដាក់បញ្ចូល​នូវ​តំបន់​សក្តានុពល​ចំនួន៣បន្ថែមទៀត​ដើម្បី​អភិវឌ្ឍ​ឲ្យ​ចំ​គោលដៅ បន្ថែម​លើសពីនេះទៅទៀត ឯកឧត្តម​អភិបាលខេត្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​តាម​មូលដ្ឋាន​រួមគ្នា​អភិរក្ស និង​ពិនិត្យ​លទ្ធភាព​រៀបចំ​តំបន់​សក្តានុពល​ដែលមាន​ស្រាប់​ក្នុង​តំបន់​របស់ខ្លួន ជួយ​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផងដែរ៕

ប្រភព៖ រដ្ឋបាល​ខេត្តក្រចេះ

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.