រដ្ឋាភិបាលបាន ប្រកាស សម្រេច យកទីតាំង៥ធំៗ សម្រាប់រៀបចំធ្វើ ប្រកួតស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រកាស​សម្រេចយក​ទីតាំងធំៗ រៀបចំ​ធ្វើ​កន្លែង​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ២០២៣ មានដូចជា​រាជធានី​ភ្នំពេញ សៀមរាប ព្រះសីហនុ កែប និង​ខេត្តកំពត។

បើតាម​ការ​ឱ្យដឹងពី​អគ្គលេខាធិការ​រូបនេះ ការកំណត់​ទីលាន​ប្រកួត​ត្រូវបាន​សហព័ន្ធ​កីឡា​ជាតិ​ភាគច្រើន​បាន​ឯកភាព និង​យល់ស្រប​ទៅនឹង​ការរៀបចំ​ទីលាន​ប្រកួត​របស់​គណៈកម្មការ​ទីលាន​នៃ CAMSOC លើកលែងតែ​ខេត្តកំពត ដែល​គ្រោង​រៀបចំ​ការប្រកួត​កីឡា​ទូក​ប្រពៃណី ទូក​កា​នូ និង​កា​យ៉ាក់ ត្រូវបាន​សហព័ន្ធ​ស្នើសុំ​ឲ្យ​គណៈកម្មការ​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​ថ្មី នៅ​ជាយក្រុង​ភ្នំពេញ។

  • ខេត្តសៀមរាប ត្រូវបាន​ជ្រើសរើស​សម្រាប់​រៀបចំ​ការប្រកួតប្រណាំង​កង់
  • ខេត្ត​ព្រះសីហនុ រៀបចំ​ការប្រកួត​ម៉ូតូ​ទឹក និង​កីឡា​ទូកក្ដោង
  • ខេត្ត​កែប ត្រូវ​ប្រកួត​ទ្រី​យ៉ាង​ត្លុង រីឯ​ខេត្តកំពត គឺ​ត្រៀម​ការប្រកួត​កីឡា​ទូក​ប្រពៃណី ទូក​កា​នូ និង​កា​យ៉ាក់ (មិនទាន់​សម្រេច​ទេ)។

ចំណែក​ប្រភេទ​កីឡា​ភាគច្រើន ត្រូវ​ប្រកួត​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ពហុ​កីឡដ្ឋាន​ជាតិ។

ឯកឧត្តម វ៉ា​ត់ ចំរើន សង្កត់ធ្ងន់ថា នេះ​គ្រាន់តែ​ជា​កិច្ចប្រជុំ​គណៈអចិន្ដ្រៃយ៍ CAMSOC ដើម្បី​រៀបចំ​បញ្ជូន និង​ស្នើសុំ​សេចក្ដីសម្រេច​លើ​ទីតាំង នៃ​ទីលាន​ប្រកួត​កីឡា​ស៊ី​ហ្គេម ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ពោលគឺ​មិនទាន់​សម្រេច​ត្រឹម​កិច្ចប្រជុំ​នេះឡើយ ហើយ​ក្រោយ​ធ្វើការ​កំណត់​ទីលាន​ប្រកួត​កីឡា​ទូក​រួច គណៈអចិន្ដ្រៃយ៍​នឹងធ្វើ​របាយការណ៍​ជូន​សម្ដេច​ពិជ័យ​សេនា​តែម្ដង។ ចំពោះ​ពិធី​បើក-បិទ ដែល​ត្រូវធ្វើ​កម្មវិធី​គម្រោង​លម្អិត​ពី​ដើម រហូតដល់​ចប់ នឹងត្រូវ​ពិភាក្សាគ្នា​នាពេល​ក្រោយ​ទៀត ។

ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម វ៉ា​ត់ ចំរើន បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​អចិន្ត្រយ៍ តាម​ប្រព័ន្ធ​អន​ឡាញ កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រយ៍ គណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី៣២ ឆ្នាំ២០២។

កិច្ចប្រជុំ​នេះ​គឺ​ផ្ដោតលើ​របៀបវារៈសំខាន់ៗចំនួន២គឺ ទី១-ការកំណត់​ទីតាំង នៃ​ទីលាន​ប្រកួត​កីឡា​ស៊ី​ហ្គេម ដែលមាន​កីឡា៤០ប្រភេទ​ត្រូវ​កំណត់​ទីតាំង និង ទី២-ពិភាក្សា​ពី​កម្មវិធី​លម្អិត សម្រាប់​ពិធី​បើក-បិទ​ស៊ី​ហ្គេម​ឆ្នាំ២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *