អាជ្ញាធរ​ខេត្តកោះកុង បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ពី​ផល់ប៉ះពាល់ នៃ​គម្រោង​អាជីវកម្ម​រ៉ែ​ខ្សាច់​ស

កោះកុង៖ ថ្ងៃ​ព្រហស្បតិ៍​ទី១៣ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុក ភ័​ក្ត្រា អភិបាលរង តំណាង​លោកជំទាវ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​ជាមួយ​មន្ទីរ និង​ស្ថាប័ន​ពាក់ព័ន្ធ​សម្រាប់​កិច្ចដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ សម្រាប់​គម្រោង​អាជីវកម្ម​រ៉ែ​ខ្សាច់​ស ស្ថិតក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ របស់​ក្រុមហ៊ុន ខេ​អិន​ភី​ជី អ៊ិន​វេស​ម៉ិ​ន ឯ.ក KNPG INVESTMENT CO.,LTD តាម​កម្មវិធី​គ្រុប​តេ​លេ​ក្រាម (ONLINE)។                               

ក្រោយពី​ការ​ស្តាប់​របាយការណ៍ និង​បទ​បង្ហាញ​របស់​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សា ឃើញថា​គម្រោង​អាជីវកម្ម​រ៉ែ​ខ្សាច់​ស នេះ​ជា​គម្រោង​អាជីវកម្ម​ចាស់​ដែល​ក្រុមហ៊ុន​បានទទួល​សិទ្ធ​បន្ត​ពី​ក្រុមហ៊ុន SIBELCO (Cambodia) Company Limited ហើយ​គម្រោង​នេះ​មិនមាន​ផលប៉ះពាល់​ច្រើន​នោះទេ ក្នុងនោះ​រដ្ឋបាលខេត្ត​បានស្នើ​សុំ​នូវ​ចំណុច​មួយចំនួន​ពី​ក្រុមហ៊ុន ដូចខាងក្រោម៖

១- សូម​ឲ្យ​ក្រុមហ៊ុន​សិក្សា​ឲ្យ​បានច្បាស់លាស់ អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ជាពិសេស​ផ្លូវ​ដើម្បី​កុំឱ្យ​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ការកាត់បន្ថយ​ធូលី​ហុយ និង​រំខាន​ដោយ​សំឡេង​ពេល​ដឹក​ខ្សាច់

២- សូម​សិក្សា​ផលប៉ះពាល់​ឱ្យបាន​ច្បាស់លាស់ និង​រៀបចំ​បច្ចេកទេស​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាវ​ប្រកបដោយ​ប្រសិទ្ធភាព ជៀសវាង​ការបង្ហូរ​ចូល​ប្រភពទឹក​ប្រើប្រាស់​របស់​ប្រជាជន

៣- សូម​ដោះស្រាយ​ផលប៉ះពាល់ និង​សំណង​នានា​ប្រសិនបើ​ការអនុវត្ត​គម្រោង​មួយ​នេះ​បាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ ដី​កម្ម​សិទ្ធ ឬ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន

៤- សូមជួយ​លើកកម្ពស់​កំរិតជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន តាមរយៈ​ការជ្រើសរើស​កម្មករ រឺ​បុគ្គលិក​ពី​ក្នុងភូមិ ឃុំ ដែល​ទីតាំង​គម្រោង​បាន​អនុវត្ត ការរៀបចំ​កម្មវិធី​សប្បុរសធម៌ ឬ​ជួយ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នានា​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន

៥- សូម​ចូលរួម​ថែរក្សា​បរិស្ថាន ធនធានធម្មជាតិ និង​ជីវចម្រុះ នៅក្នុង និង​ក្បែរ​ទីតាំង​គម្រោង​វិនិយោគ

៦- រាល់​ការសាងសង់ និង​អនុវត្ត​គម្រោង​អាជីវកម្ម​រ៉ែ​ខ្សាច់​ស របស់​ក្រុមហ៊ុន​ត្រូវគោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និង​លិខិតបទដ្ឋាន​នានា​ដែល​បានអនុញ្ញាត​ជូន​ក្រុមហ៊ុន៕

ប្រភព៖ រដ្ឋបាល​ខេត្តកោះកុង

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *