មិនគួរ​ឱ្យ​ជឿ!! យន្តហោះ​បុក​គ្នា​កណ្ដាល​អាកាស ស្ទើរតែ​ដាច់​ជា២ តែ​អ្នកបើក​មិនដឹង ចុះចត បាន​យ៉ាង​ព្រងើយ

បរទេស៖ អ្នកបើក​យន្តហោះ​ធុន​តូច ១គ្រឿង ដែល​បាន​ហោះ​បុក​គ្នា​ជាមួយ​យន្តហោះ ១គ្រឿង​ទៀត​នៅលើ​អាកាស ក្បែរ​ទីក្រុង ឌែ​ន​វើ​រ សហរដ្ឋអាមេរិក បានស្នើ​សុំ​ការ​ចុះចត​ជាបន្ទាន់ ដោយសារតែ​គ្រឿង​ម៉ាស៊ីន​មាន​បញ្ហា ដោយ​មិន​បានដឹង​ឡើយ​ថា យន្តហោះ​របស់គាត់ ស្ទើរតែ​ដាច់​ជា ២កំណាត់​ទៅហើយ និង​អ្វីដែល​គួរឱ្យ​ស្ងើច នោះ​គឺ យន្តហោះ​ទាំង ២គ្រឿង អាច​ចុះចត​បាន​យ៉ាង​មាន​សុវត្ថិភាព ដោយ​គ្មាន​នរណាម្នាក់​រងរបួស ឬ​មាន​គ្រោះថ្នាក់​បន្តិច​ណា​ឡើយ។

យន្តហោះ​ទាំង ២គ្រឿង កំពុង​ត្រៀមខ្លួន​ចុះចត នៅឯ​ព្រលានយន្តហោះ​តូច​មួយ​ក្នុង​តំបន់ នៅ​ម្ដុំ​ជាយ​ទីក្រុង ឌែ​ន​វើ​រ កាលពី​ថ្ងៃ​ពុធ (ទី១២ ឧសភា) តែ​ក្នុងអំឡុង​ពេលនោះ ស្រាប់តែ​កើតការ​បុក​គ្នា (ប្រាវ!) កណ្ដាល​អាកាស​តែម្ដង។ នេះ​បើតាម​ការ​ឱ្យដឹងពី​គណៈកម្មការ​ផ្នែក​សុវត្ថិភាព​ខាង​ការដឹកជញ្ជូន​នៃ​សហរដ្ឋអាមេរិក ឬ NTSB និង​អង្គភាព​ពន្លត់​អគ្គិភ័យ សៅ​ថ៍ មេ​ថ្រូ។

របាយការណ៍ បាន​បញ្ជាក់ថា អ្នកបើក ដែលមាន​តែម្នាក់ឯង​នៅក្នុង​យន្តហោះ​ប្រភេទ Fairchild Metro Liner ម៉ាស៊ីន២ ជា​យន្តហោះ​ដែល​ធំ​ជាង អាច​បញ្ជា​យន្តហោះ​របស់ខ្លួន ឱ្យទៅ​ចុះចត​យ៉ាង​សុវត្ថិភាព​នៅឯ​អាកាសយា​ន​ដ្ឋា​ន ខន់​ធេ​ននៀល ដោយ​មិនបាន​ដឹងថា យន្តហោះ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​នៃ​តួ​យន្តហោះ ស្ទើរតែ​ដាច់​ជា២ ទៅហើយ​នោះឡើយ។

“…មើលទៅ ដូចជា​ម៉ាស៊ីន​ខាងស្ដាំ​មាន​បញ្ហា ដូច្នេះ ខ្ញុំ​ស្នើសុំ​ការ​ចុះចត​ទីនេះ!!”  នេះ​គឺកំណត់​ត្រា​សំឡេង​សន្ទនា របស់​អ្នកបើក ជាមួយ​បន្ទប់​គ្រប់គ្រង​ការហោះហើរ​នៅឯ​ព្រលាន។

ឯ​យន្តហោះ ១គ្រឿង​ទៀត ជា​យន្តហោះ​ម៉ាស៊ីន១ Cirrus ស៊េរី​ឆ្នាំ2016 ដែល​ជួល​ដោយ Independence Aviation និង​ខាង​ក្រុមហ៊ុន បានឱ្យដឹងថា អ្នកបើកបរ ទទួលជោគជ័យ​ក្នុងការ​ប្រើ​ប្រព័ន្ធ​តម្លោះ​ឆត្រយោង​សុវត្ថិភាព ឬ Airframe parachute system ដែល​ច្នៃប្រឌិត​ដោយ​ក្រុមហ៊ុន Cirrus Aircraft សម្រាប់​ពន្យឺត​ការធ្លាក់​ចុះ​របស់​យន្តហោះ ក្រោយ​ការបុក​គ្នា។

លោក ច​ន បារធ​ម៉ា​ន់ន៍ អភិបាលរង​ស្រុក អា​រ៉ា​ផា​ហូ ខោ​ន​ធី បាន​បញ្ជាក់ថា យន្តហោះ Cirrus មាន​អ្នកបើក១នាក់ និង​អ្នកដំណើរ ១នាក់​នៅក្នុង​យន្តហោះ ពេលដែល​រង​ឧប្បត្តិហេតុ និង​បាន​ប្រើ​ប្រព័ន្ធ​ឆត្រយោង​សុវត្ថិភាព ដោយ​យន្តហោះ​បាន​ចុះចត​យ៉ាង​សុវត្ថិភាព នៅក្នុង​វាលស្រែ​មួយកន្លែង ជិត​ផ្ទះ​អ្នកស្រុក ក្នុង​ឧទ្យាន Cherry Creek State។

លោក បារធ​ម៉ា​ន់ន៍ ថ្លែងថា “អ្នកបើក​យន្តហោះ​ទាំង២ គួរតែ​ទៅ​ទិញ​ឆ្នោត​ផ្សងសំណាង ភ្លាមៗទៅ…ខ្ញុំ​ចាំ​មិនបាន​ថា តើ​រឿង​បែបនេះ​ធ្លាប់​កើតឡើង​ដែរឬទេ? ជាពិសេស ពេល​ពួកគេ​ដើរចេញ​មកពី​យន្តហោះ យ៉ាង​ព្រងើយ…ខ្ញុំ​ថា វា​គួរឱ្យ​អស្ចារ្យ​ណាស់!”

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.