ភ្នំពេញ៖ អ្នកវិទ្យាសាស្ត្របានបង្ហាញរូបភាពសត្វរមាំង (Rucervus eldii) ចំនួនបួនក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវិត្ត នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយស្ថិតក្រោមការគាំទ្រដោយអង្គការ WWF មានទីតាំងស្ថិតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គនៃខេត្តក្រចេះ។

សេចក្តីប្រកាសព័ត៌មានរបស់ អង្គការ WWF បានបញ្ជាក់ថា ក្រុមអ្នកអភិរក្សបានបង្ហាញក្តីរំភើបរីករាយ ខណៈពួកគេកំពុងពិនិត្យមើលរូបភាពដ៏កម្រនៃវត្តមានរបស់សត្វរមាំងញីពេញវ័យចំនួនបីក្បាល និងរមាំងជំទង់មួយក្បាល កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងចំណោមរូបថតសរុបចំនួន ១.៧១០ សន្លឹក ថតបានក្នុងចន្លោះខែសីហាដល់ខែកញ្ញានេះ ដោយការពង្រាយម៉ាស៊ីនថតរូបស្វ័យប្រវត្តិនៅតាមទីតាំងផ្សេងៗគ្នាក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា។
ការស្រាវជ្រាវនិងតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនេះជាកិច្ចសហការរួមគ្នាដោយក្រុមអ្នកស្រាវជ្រាវនិងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ សហគមន៍ព្រៃឈើ បុគ្គលិកអង្គការ WWF និងសមាជិកក្រុមល្បាតសហគមន៍ ក្រោមការឧបត្ថម្ភថវិកាដោយអង្គការ WWF-ប៊ែលហ្សិក និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)។
ក្រៅពីសត្វរមាំង ម៉ាស៊ីនថតស្វ័យប្រវិត្តក៏ផ្តិតបាននូវរូបភាពសត្វឈ្លូស ជ្រូកព្រៃ សំពោចវល្លិ៍ សំពោចក្រអូប ព្រមទាំងប្រភេទសត្វបក្សីមាឌធំសំខាន់ៗមួយចំនួនទៀត ដូចជាសត្វក្ងោកបៃតង និងត្រដក់តូចជាដើម។
រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក៦៣ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប ៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ៕