រុស្ស៊ី ប្រកាស​ដាក់ “អាមេរិក-សាធារណរដ្ឋ​ឆេ​ក” ជា​រដ្ឋ «ដែល​មិនមែនជា​មិត្ត»

ប្រទេស​រុស្ស៊ី៖  ​បានប្រកាស​កាលពី​ថ្ងៃទី១៤ ឧសភា ដាក់​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ឆេ​ក ជា​រដ្ឋ​ដែលមាន​ទង្វើ “មិនមែនជា​មិត្ត” ជា​ផ្លូវការ បញ្ជាក់​អំពី​សម្ព័ន្ធភាព​រវាង​ប្រទេស ដែល​ភាព​តានតឹង កាន់តែ​កើនឡើង​ទ្វេដង។

លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន នៃ​ប្រទេស​រុស្ស៊ី បាន​ចុះហត្ថលេខា​លើ​ច្បាប់​ថ្មី​មួយ កាលពី​ខែមេសា ដែល​បញ្ជា ឱ្យ​កំណត់​ចំនួន​មន្ត្រី​ក្នុង​តំបន់ ដែល​ប្រតិបត្តិ​ការងារ​ជាមួយ​ស្ថានទូត និង​អង្គភាព​ការងារ​បរទេស ដោយ​ប្រគល់ឱ្យ​រដ្ឋបាល​រៀបចំ​បញ្ជី​ឈ្មោះ “ប្រទេស​មិនមែនជា​មិត្ត” ដែល​នឹងត្រូវ​ប្រឈម​នឹង​ច្បាប់​កំណត់​ខាងលើ។

លទ្ធផល​នៃ​ការ​ត្រូវ​ដាក់ចូល​បញ្ជី​ឈ្មោះ​នេះ ធ្វើឱ្យ​សហរដ្ឋ មិនអាច​ជួល​ពលរដ្ឋ​រុស្ស៊ី​ធ្វើការ សូម្បីតែ​ម្នាក់ ចំណែក​ស្ថានទូត​សាធារណរដ្ឋ​ឆេ​ក អាច​ជួល​ពលរដ្ឋ​រុស្ស៊ី​ឱ្យធ្វើ​ការ​បាន តែ​មិន​លើស ១៩នាក់​ឡើយ។

សម្ព័ន្ធភាព រុស្ស៊ី-សាធារណរដ្ឋ​ឆេ​ក ចាប់ផ្ដើម​អាក្រក់​ឡើង កាលពី​ខែ​កន្លងទៅ ក្រោយ​រដ្ឋបាល​ឆេ​ក ចេញមក​ប្រកាស ចោទប្រកាន់ថា អង្គភាព​ព័ត៌មាន​សម្ងាត់​របស់​ក​ង​ទ័ព​រុស្ស៊ី ស្ថិតនៅ​ពីក្រោយ​ហេតុការណ៍​បំផ្ទុះ​ឃ្លាំង​សព្វាវុធ កាលពី​ឆ្នាំ២០១៤ និង​ថែមទាំង​បណ្ដេញ​អ្នកការទូត​រុស្ស៊ី ១៨នាក់​ចេញពី​ប្រទេស​ទៀតផង។

ប្រទេស​រុស្ស៊ី បា​នប​ដិ​សេ​គ្រប់ការ​ចោទប្រកាន់​ទាំងអស់ និង​ឆ្លើយតប​វិញ​ដោយ​ការបណ្ដេញ​អ្នកការទូត​ឆេ​ក​ដូចគ្នា រួមទាំង​បញ្ជា​ឱ្យ​ស្ថានទូត​សាធារណរដ្ឋ​ឆេ​ក ប្រចាំ​ក្រុង​មូ​ស្គូ កាត់បន្ថយ​ចំនួន​មន្ត្រី​ក្នុង​តំបន់​ទៀតផង។

កាល​ថ្ងៃទី១៤ ក្រសួងការបរទេស​សាធារណរដ្ឋ​ឆេ​ក បាន​ចេញមក​រិះគន់​ទង្វើ​របស់​ប្រទេស​រុស្ស៊ី​ថា បំពាន​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ដែល​អនុញ្ញាតឱ្យ​ប្រទេសនីមួយៗ ជួយ​សម្រួល​ភាពងាយស្រួល​ដល់​គណៈ​អ្នកការទូត​ក្នុងការ​ប្រតិបត្តិ​ភារកិច្ច និង​ថែមទាំង​ជាការ​ញុះញង់​ឱ្យ​ទំនាស់​រវាង​ប្រទេស កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ទៀតផង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.