វ៉ាក់សាំង​កូ​វីដ-១៩ ស៊ី​ណូ​វ៉ា​ក់(Sinovac)ចំនួន៥០ម៉ឺន​ដូ​ស បាន​មកដល់​កម្ពុជា​យើង​ទៀតហើយ 

ភ្នំពេញ៖ វ៉ាក់សាំង​កូ​វីដ១៩ របស់​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់រ​បស់​មិត្ត​ចិន ចំនួន ៥០ម៉ឺន​ដូ​ស​បន្ថែមទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​នោះ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​យើង​ទៀតហើយ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ផ្លូវការ​របស់​សម្តេច​នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ថា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ៥០ម៉ឺន​ដូ​ស ដែល​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ គឺជា​វ៉ាក់សាំង​លើក​ទី៤ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ ខណៈ​លើក​ទី១ មាន​ចំនួន ១.៥លាន​ដូ​ស ត្រូវបាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃទី២៦ ខែមីនា, លើក​ទី២ មាន​ចំនួន ៥០ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៧ ខែមេសា និង​លើក​ទី៣ មាន​ចំនួន ៥០ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា​ថ្ងៃទី១១ ខែឧសភា។

សម្តេច​តេ​ជោ​បន្តថា

វ៉ាក់សាំង​កូ​វីដ-១៩ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​បន្ថែមទៀត​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ និង​ជួយ​ការពារ​សុខភាព​របស់​មនុស្ស​ពី​ការវាយប្រហារ​ដោយ​ជំងឺ​កូ​វីដ-១។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំមក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន។ វ៉ាក់សាំង​កូ​វីដ-១៩ ដែល​កំពុង​ទទួលបាន ហើយ​កំពុងដំណើរការ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើនបំផុត​ជា​របស់​ប្រទេស​ចិន ហើយ​វត្តមាន​វ៉ាក់សាំង​របស់​ចិន​លើ​ទឹកដី​កម្ពុជា បាន​កើតមាន​ក្រោម​ចំណង​ទំនាក់ទំនង​ល្អ និង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិត្ត ហើយ​ជា​ស្មារតី​រួមគ្នា​ដ៏​មុតមាំ​មួយ​រវាង​ប្រទេស​ទាំងពីរ​ក្នុងការ​យកឈ្នះ​លើ​ជំងឺ​កូ​វីដ-១៩។

កម្ពុជា ទទួលបាន​វ៉ាក់សាំង​ជាង ៤.៥លាន​ដូ​ស​រួចមកហើយ រួមមាន៖ ស៊ី​ណូ​ហ្វា​ម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១.៧លាន​ដូ​ស, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ទិញ​ពី​ចិន ២.៥លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា ៣២៤,០០០ដូ​ស ជា​ជំនួយ​របស់​ខូ​វ៉ា​ក់ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក។

កម្ពុជា​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី១០ ខែកុម្ភៈ ហើយ​មកដល់ពេលនេះ ប្រជាពលរដ្ឋ​ជាង ២លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង។

កម្ពុជា​នឹង​ស្វះ​ស្វែងរក​វ៉ាក់សាំង​ឱ្យបាន​រហូតដល់​ទៅ​ជាង ២០លាន​ដូ​ស ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជាង ១០លាន​នាក់ ដើម្បី​បង្កើត​ភាព​សាំ និង​អោយ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ និង​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​បាន​ប្រសើរ​ឡើងវិញ​នាពេលខាងមុខ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *