បញ្ហា​ថ្មី!  ព័ត៌មាន​ក្លែងក្លាយ ១ទៀត ធ្វើឱ្យ​ពលរដ្ឋ​អាមេរិក​នាំគ្នា​ខ្លាច​ថា នឹងមិន​អាចមាន​កូន​បាន បើ​ចាក់​វ៉ាក់សាំង​កូ​វីដ-19

អាមេរិក​៖ ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ចចាមអារ៉ាម​យ៉ាងខុសៗ ដែលថា វ៉ាក់សាំង​ការពារ​កូ​វីដ-19 អាចធ្វើឱ្យ​មនុស្ស​អារ (មិនមាន​កូន) កំពុង​ក្លាយជា​មូលហេតុ​សំខាន់​មួយទៀត ដែល​ធ្វើឱ្យ​ពលរដ្ឋ​អាមេរិកាំង មិន​ចង់ទៅ​ទទួល​ការចាក់​វ៉ាក់សាំង និង​ក្លាយជា​ការងារ​ដ៏​ធ្ងន់​មួយ​របស់​អ្នកជំនាញការ​ផ្នែក​សុខភាព ដែល​ត្រូវតែ​បញ្ចុះបញ្ចូល អធិប្បាយ​ឱ្យ​មនុស្ស​ទាំងឡាយ បានដឹងថា រឿង​ផ្ដេសផ្ដាស​គួរឱ្យខ្លាច ដែល​ពួកគេ​បាន​អាន ឬ​បានដឹង​តាម​ប្រព័ន្ធ​សង្គម​អន​ឡាញ​នោះ វា​គ្មាន​ភ័ស្តុតាង​ពិត មក​ធានា​អះអាង​ឡើយ។

ក្នុងចំណោម​ឧទាហរណ៍​ដ៏​អាក្រក់​បំផុត​របស់​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត​ទាំងអស់នេះ បាន​ផ្សព្វផ្សាយ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក មានដូចជា បុរស​ដែល​ចាក់​វ៉ាក់សាំង មាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ហើយ អាចធ្វើ

ឱ្យ​មនុស្ស​ស្រី​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង ក្លាយជា​មនុស្ស​ស្រី​អារ(មិនអាច​មានកូន), អ្នកទទួលបាន​វ៉ាក់សាំង​រួចហើយ ដល់​ទៅ ៩៧% អាច​នឹង​ក្លាយជា​មនុស្ស​អារ និង​ការចាក់​វ៉ាក់សាំង អាចធ្វើឱ្យ​មនុស្សម្នា “ក្លាយជា​មនុស្ស​អារ​ទាំង​អស់ ទោះ​វ័យ​ណា ជំនាន់​ណាក៏ដោយ។

ខណៈដែល​ចំនួន​អ្នក​ចូល​ទទួល​វ៉ាក់សាំង​នៅ​សហរដ្ឋអាមេរិក កំពុង​ឈានចូល​ដល់​សភាវ​បង្អង់​ល្បឿន​ស្រាប់​ហើយ ដែលមាន​មូលហេតុ ១ផ្នែក មកពី​ភាព​បាក់បែក​ប្រេះឆា​ខាង​នយោបាយ និង​សង្គម​នោះ ធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ ចំនួន​ដ៏​ច្រើន​អនេក បាន​មើលស្រាល និង​មិន​ជឿ​រឿង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​របស់​ជំងឺ​រាតត្បាត ដូចដែល​បានឃើញ តាមរយៈ​លទ្ធផល​នៃ​ការស្ទង់មតិ ជា​ច្រើនដង​កន្លងមក។

ដូច្នេះហើយ ទើប​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត រឿង​ដែលថា នឹង​ក្លាយជា​មនុស្ស​អារ​នេះ រឹតតែ​ជា​ឧបសគ្គ​ធំ​សម្រាប់​ការព្យាយាម​របស់​គណៈ​គ្រប់គ្រង​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ក្នុងការ​សម្រេច​គោលដៅ ធ្វើឱ្យ​មនុស្សម្នា​ក្នុង​សហរដ្ឋអាមេរិក ទទួលយក​ការចាក់​វ៉ាក់សាំង​ភាគច្រើន ដើម្បីឱ្យ​កើតមាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ជា​សហគមន៍​ឡើង។

របាយការណ៍​ស្រាវជ្រាវ​មួយ ដែល​បាន​នាំយកមក​ផ្សព្វផ្សាយ កាលពីដើម​ខែឧសភា​នេះ បានបង្ហាញ​ឱ្យឃើញថា ក្នុងចំណោម​អ្នក​ដែល​ប្រាប់ថា ពួកគេ​នឹងមិន​ទទួលយក​វ៉ាក់សាំង​យ៉ាងពិត​ប្រាកដ​នោះ មាន​ចំនួន ២ភាគ៣ បាន​និយាយថា ពួកគេ​បារម្ភ​ថា វ៉ាក់សាំង​នឹងមាន​ផលប៉ះពាល់ ធ្វើឱ្យ​ពួកគេ​មិនអាច​មានកូន​បាន។

ខណៈពេល​ជាមួយគ្នា ប្រមាណ​ជា​ពាក់កណ្ដាល​នៃ​អ្នក ដែល​នៅ​មិនទាន់បាន​ចាក់​វ៉ាក់សាំង បាន​ប្រាប់ថា ពួកគេ​មាន​ក្ដីកង្វល់​ថា “វ៉ាក់សាំង​កូ​វីដ-19 អាច​នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន ចំពោះ​ការ​មានកូន​របស់​ពួកគេ​នាពេល​អនាគត។ លោក អេ​ស្ល៊ី ឃើ​ស៊ី​ង​ហ្គើ​រ អគ្គនាយករង​ផ្នែក​គំនិត​យោបល់​របស់​ប្រជាជន និង​ការវិភាគ​ស្រាវជ្រាវ របស់​មូលនិធិ​គ្រួសារ កៃ​ហ្ស៊ើ​រ ដែលជា​ក្រុម​មិន​យក​ផល​កម្រៃ ដែល​ធ្វើការ​ផ្នែក​នយោបាយ​សុខភាព​សាធារណៈ និង​ជា​អ្នក​ដំណើរការ​ការស្ទង់មតិ​ក្នុង​គ្រានេះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បែបនេះ។

ទាំងអស់នេះ មាន​ស្ត្រី ៥០% និង​បុរស ៤៧% ដែលមាន​អាយុ​ចន្លោះ ១៨-៤៩ឆ្នាំ ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង បាន​ប្រាប់ថា ពួកគេ​មានការ​ភ័យខ្លាច​ចំពោះ​រឿងនេះ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.