បរទេស៖ អភិមហាសេដ្ឋីចិត្តបុណ្យ ប៊ីលល៍ ហ្គេតស៍ (Bill Gates) ត្រូវបានអះអាងថា ធ្លាប់មានសម្ព័ន្ធភាពបែបសហាយស្មន់ ជាមួយបុគ្គលិកស្រីម្នាក់នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ហើយលោក បានលាឈប់ពីតំណែងប្រធានគណៈកម្មការគ្រប់គ្រងក្រុមហ៊ុនម៉ៃក្រូសូហ្វត៍ កាលពីឆ្នាំកន្លងទៅ ក្នុងអំឡុងពេលដែលខាងគណៈកម្មការគ្រប់គ្រងក្រុមហ៊ុន កំពុងស៊ើបអង្កេតពីរឿងរ៉ាវនោះ។ នេះបើតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៦ ឧសភាកន្លងទៅ។
សារព័ត៌មានWall Street Journal បានរាយការណ៍ថា គណៈកម្មការគ្រប់គ្រងក្រុមហ៊ុន បានដឹងរឿងនោះក្នុងឆ្នាំ២០១៩ នៅពេលដែលស្ត្រីវិស្វករម្នាក់របស់ម៉ៃក្រូសូហ្វត៍ បានសរសេរសំបុត្រប្ដឹងផ្ដល់ ដោយអាងថា នាង និងលោកហ្គេតស៍ មានសម្ព័ន្ធភាពខាងផ្លូវភេទជាមួយគ្នាជាច្រើនឆ្នាំកន្លងមក។ ស្ត្រីរូបនោះ បានទាមទារ កែសម្រួលមុខតំណែងតួនាទីការងារនៅក្នុងម៉ៃក្រូសូហ្វត៍ និងសំណូមពរសុំឱ្យលោកស្រីមេលីនដា ភរិយារបស់លោកហ្គេតស៍ ដែលបច្ចុប្បន្នលែងលះគ្នាហើយនោះ បានអានសំបុត្រ ១ច្បាប់នោះផង (តែរឿងនេះ មិនច្បាស់ថា តើលោកស្រីមេលីនដា បានអានសំបុត្រ ១ច្បាប់ ឬក៏អត់ឡើយ)។
របាយការណ៍របស់ វ៉ល ស្ទ្រីត ហ្សួរណាល់ បានបញ្ជាក់ថា ខាងគណៈកម្មការគ្រប់គ្រង បានជួលក្រុមហ៊ុនច្បាប់មួយ ឱ្យចូលមកស៊ើបអង្កេតរឿងនេះ ជាពិសេសក្នុងរឿងសម្ព័ន្ធភាពរបស់អ្នកទាំង។
ក្នុងអំឡុងការស៊ើបអង្កេត សមាជិកគណៈកម្មការមួយផ្នែក បានសម្ដែងក្ដីកង្វល់ចំពោះការចោទប្រកាន់នោះ និងសម្រេចចិត្តថា លោកហ្គេតស៍ ដែលជាស្ថាបនិកក្រុមហ៊ុនតិចណូឡូជីមួយនេះក្នុងឆ្នាំ១៩៧៥ គួរតែលាឈប់ពីតំណែងប្រធានគណៈកម្មការគ្រប់គ្រងក្រុមហ៊ុន។
តែយ៉ាងណាក្ដី អភិមហាសេដ្ឋីម្នាក់នេះ នៅតែបានទទួលការជ្រើសរើស ឱ្យត្រឡប់មកគ្រងតំណែងនៅក្នុងជួរគណៈកម្មការគ្រប់គ្រងម៉ៃក្រូសូហ្វត៍ ក្នុងកិច្ចប្រជុំភាគហ៊ុនិកប្រចាំឆ្នាំដដែល។ របាយការណ៍ព័ត៌មាន បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្ដី ទីបំផុតទៅ លោកបានលាឈប់ មុនការស៊ើបអង្កេតនឹងចប់សព្វគ្រប់ ដោយអាងថា ត្រូវការផ្ដោតអារម្មណ៍ទៅលើការងារសប្បុរសធម៌។

“ម៉ៃក្រូសូហ្វត៍ បានទទួលសំបុត្រដែលគួរឱ្យព្រួយបារម្ភ ១ច្បាប់ ក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០១៩ ដែលអះអាងថា លោក ប៊ីល ហ្គេតស៍ ចាប់ផ្ដើមមានសម្ព័ន្ធភាពជិតស្និទ្ធ ជាមួយបុគ្គលិកស្រិម្នាក់របស់ក្រុមហ៊ុនក្នុងឆ្នាំ២០០០” អ្នកនាំពាក្យរបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វត៍បានថ្លែងបន្តថា “គណៈកម្មការគ្រប់គ្រង បានពិនិត្យមើលក្ដីព្រួយបារម្ភនោះ ក្រោមជំនួយរបស់ក្រុមហ៊ុនច្បាប់មកពីក្រៅ ដែលបានដំណើរការស៊ើបអង្កេតយ៉ាងល្អិតល្អន់…ពេញមួយរយៈពេលស៊ើបអង្កេត ម៉ៃក្រូសូហ្វត៍ បានប្រគល់ការគាំទ្រយ៉ាងធំទូលាយដល់បុគ្គលិកដែលលើកឡើងពីក្ដីព្រួយកង្វល់នោះផងដែរ”
ចំណែកអ្នកនាំពាក្យរបស់លោកហ្គេតស៍ បានទទួលស្គាល់ថា “ការសេពគប់សហាយស្មន់នេះ បានកើតឡើងជិត ២០ឆ្នាំមុន ដែលវាក៏យូរយារណាស់ហើយ និងបានចប់ទៅវិញដោយសម្រួល” និងបានថ្លែងទៀតថា ការសម្រេចចិត្តលាឈប់ពីគណៈកម្មការគ្រប់គ្រង មិនមានពាក់ព័ន្ធនឹងរឿងនេះទេ “ការពិត លោកធ្លាប់បានប្រាប់ថា ចង់មានពេលវេលាឱ្យបានច្រើនឡើង ជាមួយកិច្ចការសប្បុរសធម៌ ដែលចាប់ផ្ដើមឡើងរួចហើយកាលពីច្រើនឆ្នាំមុន”
ក្រុមហ៊ុនម៉ៃក្រូសូហ្វត៍ ធ្លាប់រងការរិះគន់យ៉ាងខ្លាំង នៅក្នុងខែមេសា ២០១៩ ក្រោយពីវេបសាយព័ត៌មាន Quartz បានរាយការណ៍ថា មានសំបុត្រពាក់ព័ន្ធតគ្នា ១ច្បាប់ ត្រូវបានផ្ញើបន្តគ្នានៅក្នុងក្រុមហ៊ុន ជារឿងរ៉ាវដែលបណ្ដាបុគ្គលិកស្រីៗ នាំគ្នាចែករំលែកពីបទពិសោធការរងការល្មើសផ្លូវភេទ និងការប្រតិបត្តិមិនស្មើភាព។
តាមពីក្រោយរបាយការណ៍ព័ត៌មាននោះ ខាងលោក សាតាយ៉ា ណេដេលឡា CEO របស់ម៉ៃក្រូសូហ្វត៍ បានថ្លែងថា ក្រុមហ៊ុននឹងផ្លាស់ប្ដូរកម្មវិធីការចាត់ការពាក្យតវ៉ាប្តឹងផ្ដល់រឿងរងការល្មើសផ្លូវភេទ និងការប្រតិបត្តិមិនស្មើភាពរបស់ក្រុមបុគ្គលិក។
របាយការណ៍ព័ត៌មានរបស់ វ៉ល ស្ទ្រីត ហ្សួរណាល់ កើតមានឡើងក្រោយពីប្រព័ន្ធផ្សព្វផ្សាយមួយទៀត បានរាយការណ៍ក្នុងថ្ងៃជាមួយគ្នា បកអាក្រាតលម្អិតរឿងរ៉ាវ ដែលលោកហ្គេតស៍ ធ្លាប់ពាក់ព័ន្ធរឿងអាស្រូវជាមួយស្ត្រីជាច្រើននាក់នៅក្នុងការិយាល័យរបស់លោក ទោះជាលោកបានរៀបការជាមួយលោកស្រី មេលីនដា នៅឆ្នាំ១៩៩៤ រួចហើយក៏ដោយ ខណៈដែលកាសែត នីវយ៉ក ថាមស៍ បានលើកយកឧទាហរណ៍ ២ករណី ដែលមហាសេដ្ឋីរូបនេះ បបួលស្រីៗ ដែលធ្វើការឱ្យលោកនៅក្នុងម៉ៃក្រូសូហ្វត៍ និងមូលនិធិ ប៊ីលល៍ និងមេលីនដា ចេញទៅដើរលេងជាមួយគ្នា។
ទាំង ២ហេតុការណ៍ និងហេតុការណ៍ផ្សេងៗទៀត បានបង្កើតសភាពបរិស្ថានដែលទើសទាល់ ធុញថប់ចិត្តនៅក្នុងកន្លែងធ្វើការ ក្នុងខណៈដែលជីវិតផ្ទាល់ខ្លួនរបស់លោកហ្គេតស៍ ចាប់ផ្ដើមក្លាយជារឿងខ្សិបខ្សៀវ និយាយដើមច្រើនឡើងក្នុងក្រុមបុគ្គលិក។ វ៉ល ស្ទ្រីត ហ្សួរណាល់ បានរាយការណ៍ថា យ៉ាងណាក៏ដោយ មិនបានប្រាកដច្បាស់ថា លោកស្រីមេលីនដា បានដឹងអំពីទង្វើរបស់ស្វាមី ឬក៏អត់ឡើយ។
កាលពីអំឡុងដើមខែកន្លងទៅ លោកប៊ីលល៍ ហ្គេតស៍ និងលោកស្រីមេលីនដា បានថ្លែងបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ២៧ឆ្នាំ ដោយប្រាប់ថា “លែងជឿតទៀតហើយថា យើងអាចរីកធំធាត់ទៅជាមួយគ្នាបាន ក្នុងឋានៈជាគូគ្រងនឹងគ្នាក្នុងអំឡុងពេលតទៅខាងមុខទៀតនៃជីវិតរបស់យើង” ចំណែកលោកស្រីមេលីនដា បានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងសុំលែងលះថា ជីវិតអាពាហ៍ពិពាហ៍របស់យើងទាំង២ “បាក់ដួលរលំ បែបមិនអាចកែកុនបានទៀតឡើយ”៕
ប្រភព៖ Newyork Post
ប្រែសម្រួលដោយ ទិទីតំតាតូ
#អរគុណសន្តិភាព