សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សេចក្តីសម្រេច បង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា ដើម្បី​ងាយ ស្រួល​ក្នុងការ​គ្រប់គ្រង​ឧកញ៉ា​ឱ្យមាន​ប្រសិទ្ធភាព។

តាមរយៈ​សេចក្តីសម្រេច​របស់ សម្តេច​តេ​ជោ​ឱ្យដឹងថា ក្រុមការងារ​អន្តរក្រសួង ដើម្បី​សិក្សា រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា មាន​សមាសភាព​ចំនួន១២រូប ដែលមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន និង​មាន​អនុប្រធាន និង​សមាជិក ១១រូប​ផ្សេងទៀត​មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។

តាមរយៈ​សេចក្តីសម្រេច​របស់ សម្តេច​តេ​ជោ បន្តថា ក្រុមការងារ​អន្តរក្រសួង​នេះ មាន ភារកិច្ច​ដូចជា សិក្សា​ស្រាវជ្រាវ ផ្តួចផ្តើម​ក្នុងការ​បង្កើត លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់ ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា ។ សិក្សា​ស្រាវជ្រាវ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ជា​ធាតុ​ចូល សម្រាប់​រៀបចំ​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា ។ សិក្សា​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់ ឧកញ៉ា​ក្នុង​ការចូលរួម​កិច្ចការ​សង្គម ធ្វើការ​ពិគ្រោះ​យោបល់ ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បម្រើឱ្យ​ការរៀបចំ ។ រៀបចំ​បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ឧកញ៉ា ការស្នើសុំ​ផ្តល់​គោរមងារ​ឧកញ៉ា អ្នកឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា ។ ធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព នៃ​ការងារ​ជូន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ សម្រេច និង​ផ្តល់យោបល់​ដឹកនាំ ។ រៀបចំ​ឯកសារ​ពាក់ព័ន្ធ ជូន​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ សម្រេច និង បំពេញភារកិច្ចផ្សេងៗទៀត តាម​ការចាំបាច់។

សេចក្តីសម្រេច​របស់ សម្តេច​តេ​ជោ បន្តទៀតថា អនុប្រធាន និង​សមាជិក​ក្រុមការងារ​អន្តរក្រសួង​នេះ ត្រូវ​ចូលរួម​ប្រជុំ​តាម ការកោះអញ្ជើញ និង​ទទួល​ភារកិច្ច​តាម​ការចាត់ចែង របស់​ប្រធាន​ក្រុមការងារ។ ក្រុមការងារ​នេះ មាន​សិទ្ធិ ប្រើប្រាស់​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ដើម្បី​ជួយ​ការងារ​តាម​តម្រូវការ​ចាំបាច់ និង​អាច​ប្រើប្រាស់​ត្រា របស់​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ចែង​ការងារ​របស់ខ្លួន៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.