អភិបាលខេត្ត​ពោធិ៍សាត់ នាំយក​ថវិកាសប្បុរ​សជន ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដើម្បី​ប្រើប្រាស់​លើ​ការងារ​មនុស្សធម៌ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន

ពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយស សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​អគ្គិសនី​កម្ពុជា នា​រសៀល​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បាន​នាំយក​ថវិកា​របស់​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា សប្បុរសជន និង​ក្រុមហ៊ុន​នានា សរុប​ចំនួន ២៧ម៉ឺន​ដុល្លារ និង២១លាន៤០ម៉ឺន​រៀល ប្រគល់ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១ ក្រោម​ប្រធានបទ «ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ»។

ពិធី​ប្រគល់-ទទួល ថវិកា​ខាងលើ ត្រូវបាន​ធ្វើឡើង​នៅ​ស្នាក់ការ​សាខា​កាកបាទក្រហម​ខេត្ត ដោយបាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ម៉ៅ ធនិន ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​លោក លោកស្រី ជា​អនុប្រធាន​អចិន្ត្រៃយ៍, ហិ​រញ្ញឹក, លេខាធិការ ក្នុង​ជួរ​គណៈកម្មាធិការ​សាខា​មួយចំនួនទៀត។

ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយស​សាខា បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ក្នុង​ជួរ​គណៈកម្មាធិការ​សាខា មន្ត្រី​ប្រតិបត្តិ​សាខា និង​ថ្នាក់ដឹកនាំ​គ្រប់ផ្នែក​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី លើ​ការងារ​មនុស្សធម៌ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ទទួលបាន​ជោគជ័យ ហើយ​បានធ្វើ​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ងាយ​រងគ្រោះ និង​គ្រោះមហន្តរាយផ្សេងៗបាន​ទាន់ពេលវេលា និង​ជួយ​គាំទ្រ​ដល់​សកម្មភាព​ការងារ​មនុស្សធម៌​រប​ស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​បន្តទៀត ជាពិសេស​ក្នុងអំឡុង​ការរីក​រាលដាល​ជំងឺ​កូ​វីដ។

ឯកឧត្តម ម៉ៅ ធនិន ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ឯកឧត្តម កែវ រតនៈ និង​លោកជំទាវ ព្រមទាំង​តំណាង​ក្រុមហ៊ុន និង​សប្បុរសជន​នានា ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ជួយ​ទ្រទ្រង់ និង​អបអរ​ខួប​ទី១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១។

ឯកឧត្តម​បាន​បន្ថែមថា ជា​រៀងរាល់ឆ្នាំ​យើង​បានរៀបចំ​ពិធី ដើម្បី​អបអរ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម តែ​ក្នុង​កាលៈទេសៈ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ យើង​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល។ តែ​ទោះជា​យ៉ាងណាក្តី​ឯកឧត្តម កែវ រតនៈ និង​លោកជំទាវ ព្រមទាំង​សហការី បាន​បន្ត​ចូលរួមចំណែក​យ៉ាងសកម្ម ដល់​សកម្មភាព​ការងារ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា ជាក់ស្តែង​សម្រាប់​ឆ្នាំនេះ​ផ្ទាល់ ឯកឧត្តម​បាន​ខិតខំ និង​ស្វែងរក​ធនធាន ពី​បណ្តា​ក្រុមហ៊ុន និង​សប្បុរសជន​នានា ដែល​ទទួលបាន​ថវិកា សរុប​ចំនួន ២៧ម៉ឺន​ដុល្លារ និង២១លាន៤០ម៉ឺន​រៀល សម្រាប់​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ស​បញ្ចាក់​ឱ្យឃើញ​អំពី​ទឹកចិត្ត និង​ស្មារតី​មនុស្សធម៌​ពិតប្រាកដ និង​សន្យា​យក​ថវិកា​ទាំងអស់នេះ ទៅប្រើ​ប្រាស់​ស្របទៅតាម​គោល​ការ​ច្បាស់លាស់ និង​ចំ​គោលដៅ ស្របតាម​ពាក្យស្លោក «ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា»៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.