ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី «បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន»

ភ្នំពេញ៖ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​សុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បន្ត​កិច្ចប្រជុំ​ពិភាក្សា និង​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ក្រុមប្រឹក្សា​នីតិកម្ម ដោយមាន​ការចូលរួម​ពី តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋាន​នានា ក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ អ្នកជំនាញ​ផ្នែក​ច្បាប់ និង អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត។

ឯកឧត្តម ប៊ុន ហុន បាន​មានប្រសាសន៍ថា «កិច្ចប្រជុំ​ពិភាក្សា​ទៅលើ​សេចក្ដីព្រាងច្បាប់​ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន នាពេលនេះ​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ដើម្បីឱ្យ​សេចក្តីព្រាងច្បាប់​នេះ​កាន់តែ​មាន​ភាព​សុ​ក្រិ​ត្យ» ។

 

ឯកឧត្តម​បន្តថា ដោយសារតែ​វិស័យ​បច្ចេកវិទ្យា​មានការ​រីករ​ចំរើន ក្នុងនោះ​ក៏មាន​បទល្មើស​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កើនឡើង ដូច្នេះហើយ​ដោយសារ​តែមាន​ការព្រួយបារម្ភ​ពីបទ​ល្មើស​បច្ចេកវិទ្យា​នេះ​កើតឡើង​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដូច្នេះហើយ​ទើប​ក្រសួងមហាផ្ទៃ បានរៀបចំ​នៅ​សេចក្តីព្រាងច្បាប់​នេះ​ឡើង។

 

សេចក្តីព្រាងច្បាប់​ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ត្រូវបាន​តាក់តែង​ក្នុង​ឆ្នាំ២០១៦ ហើយ​បាន​ជួបប្រជុំ​ពិភាក្សា​ជា​បន្តបន្ទាប់​ចំនួន ៦៧លើក​រួចមកហើយ ដោយមាន​ទាំង​ប្រជុំ​អន្តរក្រសួង ប្រជុំ​ជាមួយ​នាយកដ្ឋាន​ជំនាញ​របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​មាន​ជំនួយ​ឧបត្ថម​បច្ចេកទេស​ពី​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម​សង្ឃឹមថា កិច្ចប្រជុំ​នា​ថ្ងៃនេះ តំណាង​ក្រសួង​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ នឹង​ជួយ​ផ្តល់យោបល់ ព្រមទាំង​ផ្តល់​ធាតុ​ចូល​បន្ថែមទៀត​ដើម្បី​រៀបចំ​ឱ្យ​សេចក្តីព្រាងច្បាប់​ស្តីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​បាន​កាន់​តែមាន​ភាព​សុ​ក្រិ​ត្យ​ឡើង។

 

សេចក្ដីព្រាងច្បាប់​ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ មាន​គោលបំណង​ធានា សុ​ច្ចរិតភាព នៃ​ការប្រើប្រាស់ ការគ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ ទិន្នន័យ​កុំព្យូទ័រ និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការការពារ​សិទ្ធិសេរីភាព​បុគ្គល ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស បច្ចេកវិទ្យា​ព័ត៌មាន។

 

ជាងនេះទៅទៀត ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ដែ ល​ប្រព្រឹត្ត​នៅក្នុង ឬ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែល​អំពើ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ឬ​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ សេចក្តីព្រាងច្បាប់​ស្តីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​មាន ៨ជំពូក និង៥០មាត្រា ហើយ​ក្រុម ការងារ​បាននិងកំពុង​តែ​ប្រមូល​ធាតុ​ផ្សំផ្សេងៗ ដែល​ពាក់ព័ន្ធ ដើម្បី​ដាក់ចូល​ទៅក្នុង​សេចក្តីព្រាងច្បាប់​នេះ ហើយ​ខ្លឹមសារ​នៅក្នុង​ច្បាប់​នេះ ក៏មាន​ចែង​អំពី​ការផ្ដន្ទាទោស​ផងដែរ៕