អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់ធ្វើ​កន្លែង​ពិនិត្យ​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ-១៩កម្រិត​ស្រាល និង​ទីតាំង​ត្រៀម​រៀបចំ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម

កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ នៅ​រសៀល​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មន្ទីរ-អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​ធ្វេ​ី​កន្លែង​ពិនិត្យ​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ-១៩កម្រិត​ស្រាល នៅ​វិទ្យាល័យ​ព្រះសីហនុ បន្ថែម​ពីលើ​មន្ទី​ពេទ្យ​មេគង្គ​កំពង់ចាម ដែល​បច្ចុប្បន្ន​មានតែ ៤០៥គ្រែ និង​ទីតាំង​ត្រៀម​រៀបចំ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក បន្ថែម​នៅ​វិទ្យាល័យ​ដីដុះ បន្ទាប់ពី​ចំនួន​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​នឹង​ករណី​វិជ្ជមាន​កូ​វីដ-១៩ ត្រូ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក មានការ​កើន​ឡើងជា​លំដាប់។

ក្នុងឱកាស​នោះ​ឯកឧត្តម អ៊ុន ចាន់​ដា​អភិបាលខេត្ត បាន​ណែនាំ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង សហការ​ជាមួយនឹង​អ្នកពាក់ព័ន្ធ​ខិតខំ​កែលំអរ និង​បំពេញបន្ថែម​នៅ​បរិក្ខា​អគ្គិសនី រួម​នឹង​ប្រព័ន្ធ​ទឹកស្អាត​នៅតាម​អាគារនីមួយៗឲ្យ​បាន​ឆាប់រហ័ស។

ឯកឧត្តម​អភិបាលខេត្ត បាន​គូសបញ្ជាក់ថា យើង​មិនត្រូវ​នៅ​បង្អែបង្អង់ ដោយសារ​សភាពការណ៍​ចេះតែមាន​ការវិវត្តន៍ ស្រប​ពេលដែល​កំណើន​នៃ​ការរកឃើញ​ករណី​វិជ្ជមាន​កូ​វីដ-១៩ មានការ​កើន ហើយ​ការស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​នឹង​អ្នកជំងឺ​កូ​វីដ-១៩ ក៏​ចេះតែ​កើន​ឡើងជា​លំដាប់ គឺ​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវខិតខំ​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម​ពី​អី្វ​ដែល​បានរៀបចំ​រួចហើយ ដើម្បី​ត្រៀមលក្ខណៈ និង​បង្កលក្ខណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក រយៈពេល១៤ថ្ងៃ។

គួរ​បញ្ជាក់ថា៖ កាលពី​ថ្ងៃទី២១ ខែឧសភា​ឆ្នាំ២០២១ ខេត្តកំពង់ចាម បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ-១៩ ចំនួន ៨៤នាក់​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​វិជ្ជមាន​កូ​វីដ-១៩ ក្នុង​ខេត្តកំពង់ចាម មាន​ចំនួន​សរុប ៤៨៤នាក់ ហើយ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម មាន​ចំនួន ៣៥៤នាក់។ អ្នក​ប៉ះពាល់​ដោយផ្ទាល់​នឹង​ករណី​វិជ្ជមាន​កូ​វីដ-១៩ មាន​ចំនួន ២.៦៤២នាក់ កំពុង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាលខេត្ត និង​របស់​រដ្ឋបាល​ស្រុក​ក្នុង​ខេត្ត៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.