ក្រសួងសុខាភិបាលបាន​រក​ឃើញ​ករណី​សង្ស័យលើ​បុរស​ជនជាតិ​ហុង​គ្រី​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ១៩ ដែល​កំពុង​រត់គេចខ្លួន

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញ​សេចក្ដី​ជូន​ព័ត៌មាន​ដោយ​បញ្ជាក់​ពី​ករណី​សង្ស័យ​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ថ្មី លើ​បុរស​ជនជាតិ​ហុង​គ្រី​ម្នាក់ នៅ​ខេត្តសៀមរាប ដែល​កំពុង​រត់គេចខ្លួន​បាត់​ពី​កន្លែង​ស្នាក់នៅ។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បណ្តាញ​ព័ត៌មាន Fresh News ទើប​ទទួលបាន​មុននេះ​បន្តិច​បាន​បញ្ជាក់ថា ជា​បុរស​ដែល​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ១៩នេះ ជា​ជនជាតិ​ហុង​គ្រី អាយុ៧០ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​គ្រួស ឃុំ​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប។

បុរស​រូបនេះ ជា​អ្នកធ្វើដំណើរ​ពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​តាម​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយ លទ្ធផល​តេស្ត​របស់គាត់​នៅពេលនោះ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ-១។ បន្ទាប់មក​គាត់​ត្រូវបាន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅ កន្លែង​ស្នាក់នៅ​របស់​តាម​អាសយដ្ឋាន​ខាងលើនេះ នៅ​ខេត្តសៀមរាប រហូតដល់​ថ្ងៃទី១៣នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក របស់គាត់​ត្រូវ​នឹង​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ការធ្វើ​តេស្ត​ឡើងវិញ​ក៏បាន​បង្ហាញ​លទ្ធ​ផលស​ង្ស័​យ​ថា វិជ្ជមាន​វីរុស​កូ​វីដ-១៩ ហើយ​វត្ថុ​សំណាក​របស់គាត់​ត្រូវបាន​បញ្ជូន (មកដល់​នៅវេលា​យប់​ម៉ោង​ប្រហែលជា១១៖០០យប់ នៃ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០) ធ្វើការ​វិភាគ​បញ្ជា​ក់នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​ការវិភាគ​របស់​វិទ្យាស្ថាន​នេះ នឹងធ្វើ​នៅវេលា​ព្រឹក​នៃ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រីឯ​លទ្ធផល​រំពឹងថា​នឹង​អាច​ទទួលបាន​នៅ​ល្ងាច​នៃ​ថ្ងៃ​ដដែល។

ទន្ទឹមនឹង​ពេល​នៃ​ការបញ្ជូន​វត្ថុ​សំណាក និង​រង់ចាំ​ការវិភាគ​បញ្ជាក់​លើ​ភាព​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ស្រាប់តែ​ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មិនអាច​ទាក់ទង​ជាមួយ​បុរស​រូបនេះ​បានឡើយ ដោយ​បុរស​ខាងលើនេះ បាន​រត់គេច​ចេញពី​កន្លែង​ស្នាក់នៅ​ខាង លើ​របស់គាត់​បាត់​តែម្ដង។ បច្ចុប្បន្ន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តសៀមរាប កំពុង​ព្យាយាម​រុករក​បុរស​ជនជាតិ ហុង​គ្រី​រូបនេះ តែ​មិនទាន់​រកឃើញ​នៅឡើយ​ទេ។

ប្រសិនបើ​នៅ​ល្ងាច​នៃ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់គាត់ ពិតជា​ឃើញ វិជ្ជមាន​វីរុស​កូ​វីដ-១៩ មែន​នោះ ស្ថានភាព​គេចវេស​របស់គាត់​បែបនេះ (តាំងពី​ម៉ោង​ប្រហែលជា៩យប់​នៃ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ រហូតមកទល់​ពេលនេះ) នឹង​អាចមាន​ហានិភ័យ​ឆ្លង​ដល់​សហគមន៍ បើ​គាត់​ធ្វើដំណើរ​ច្រើន និង​ជួប​មនុស្ស​ច្រើន។ ក្រុម​ឆ្លើយតប​បន្ទាន់ និង​ធ្វើការ​ស្រាវជ្រាវភ្លាមៗ នៅពេល​រកឃើញ​បុរស​នេះ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​សាធារណជន​មេត្តា ប្រសិនបើ​បានឃើញ ឬ​ដឹង​ព័ត៌មាន​អំពី​បុរស​ជនជាតិ​ហុង​គ្រី​អាយុ ៧០ឆ្នាំនេះ សូម​លោកអ្នក មេត្តាជួយ​ផ្តល់ព័ត៌មាន​ឱ្យបាន ឆាប់​ជាទីបំផុត​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច (មានការ​អំពាវនាវ​ស្រាវជ្រាវ​រក​របស់​អធិការដ្ឋាន​ស្នងការ​នគរបាល​ក្រុង សៀមរាប​តាំងពី​យប់​ម៉ិ​ញ) ឬ​តាម​លេខ ១១៥ ដើម្បី​ក្រសួង អាច​ចាត់វិធានការ​សុ ខា​ភិ​បាល បាន​ទាន់ពេលវេលា ហើយ​បងប្អូន​ដែល​បាន​ប៉ះពាល់​ជាមួយ​បុរស​ខាងលើនេះ សូម​ចូលរួម​មក​បង្ហាញខ្លួន នៅ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដើម្បី​ធ្វើតេស្តរ​កវី​រុស​កូ​វីដ-១៩ ដើម្បី​រួមគ្នា​អាច​នឹង​បញ្ចៀស​បាន​នូវ​ការចម្លង ចូល​សហគមន៍។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប ២៧៥នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៤នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ ចំនួន០១នាក់៕