សមាជិក​រដ្ឋសភា​វ័យក្មេង​កម្ពុជា-ចិន ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ទស្សនៈ​ជុំវិញ​បញ្ហា​រួម​របស់​ប្រទេស​ទាំងពីរ ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈប្រតិភូ​សមាជិករ​ដ្ឋ​សភា​វ័យក្មេង​នៃ​រដ្ឋសភា​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​សហការី ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សមាជិក​រដ្ឋសភា​វ័យក្មេង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សមាជិកសភា​វ័យក្មេង​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស ដឹកនាំ​ដោយ  លោកជំទាវ វ៉ាង ហុង​យ៉ាន (Wang Hongyan) ប្រធាន​គណៈប្រតិភូ​សភា​វ័យក្មេង​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ធ្វើការ​ចែករំលែក​ព័ត៌មាន ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ទស្សនៈ ជុំវិញ​បញ្ហា​រួម​របស់​ប្រទេស​ទាំងពីរ ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន។

កិច្ចប្រជុំ​នេះ​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​ភ្ជាប់​ពី​វិមាន​រដ្ឋសភា ទៅ​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន  នៅ​រសៀល​ថ្ងៃទី២៤  ខែឧសភា  ឆ្នាំ២០២១។

មានប្រសាសន៍​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈប្រតិភូ​សមា​ជិ​ក​រដ្ឋសភា​វ័យក្មេង​កម្ពុជា ក៏ដូចជា​លោកជំទាវ វ៉ាង ហុង​យ៉ាន (Wang Hongyan) ប្រធាន​គណៈប្រតិភូ​សភា​វ័យក្មេង​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស សុទ្ធតែ​បាន​មានប្រសាសន៍​រំលេច​ពី​សារៈសំខាន់​នៃ​កិច្ចប្រជុំ​នា​ថ្ងៃនេះ ដោយ​ចាត់ទុកថា នេះ​ជា​វេទិកា​មួយ ដែល​អនុញ្ញាត​ឲ្យ​សមាជិកសភា​វ័យក្មេង​នៃ​ប្រទេស​ទាំងពីរ មានឱកាស​ចែករំលែក​ព័ត៌មាន បទពិសោធន៍​ការងារ និង​ធ្វើការ​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​ជុំវិញ​បញ្ហា​រួម​របស់​ប្រទេស​ទាំងពីរ ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី តំបន់ និង​ពិភពលោក។

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​បន្ថែមថា កិច្ចប្រជុំ​ទ្វេភាគី​ដ៏​សំខាន់​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​នូវ​ភាពរឹងមាំ​នៃ​ចំណងមិត្តភាព​កម្ពុជា-ចិន ក្នុង​ការកសាង​សហគមន៍​ជោគវាសនា​រួម ដែលមាន​លក្ខណៈ​យុទ្ធសាស្ត្រ ជាពិសេស​រវាង​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ប្រសិទ្ធ​នាម​ថា “ចំណងមិត្តភាព​ដែកថែប” និង​បាន​បង្កើតជា ”ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

នៅក្នុង​កិច្ចប្រជុំ​នេះ សមាជិកសភា​វ័យក្មេង​នៃ​ប្រទេស​ទាំងពីរ បានផ្ដល់​បទ​អន្តរាគមន៍ និង​ធ្វើការ​ពិភាក្សា​លើ​ប្រធានបទ​ចំនួន​បី​ផ្សេងគ្នា យ៉ាង​ក្បោះក្បាយ ដោយ​រំលេច​ចេញ​នូវ​ខ្លឹមសារសំខាន់ៗ ជាច្រើន​ជូន​ដល់​អង្គប្រជុំ ទៅតាម​ប្រធានបទនីមួយៗ មានដូចជា៖

ប្រធានបទ​ទី១គឺ « ការលើកកម្ពស់​សន្តិភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច ការរក្សា​ពហុភាគី​និយម និង​ការកសាង​វិបុលភាព​សម្រាប់​មនុស្សជាតិ តាមរយៈ​ការបន្ត​គាំទ្រ​គ្នា និង​សហការគ្នា​លើ​គ្រប់​ទិដ្ឋភាព ក្នុងដំណាក់កាល និង​ក្រោយ​ការ​រី​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩»។ សម្រាប់​ការផ្ដល់​បទ​អន្តរាគមន៍​លើ​ប្រធានបទ​ទី១នេះ សម​ភាគី​ចិន​មាន​ឯកឧត្ដម Chen Fuli សមាជិក​គណៈកម្មាធិកា​រ​កិច្ចការបរទេស នៃ​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស និង​ឯកឧត្ដម Zue Guang សមាជិកសភា នៃ​សភា​ខេត្ត​យូ​ណាន ឯខាង​ភាគី​កម្ពុជា​គឺមាន​ឯកឧត្ដម សួស យ៉ា​រ៉ា អនុប្រធាន​គណៈកម្មកា​រ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ជា​អ្នកផ្ដល់​បទ​អន្តរាគមន៍។ នៅក្នុង​ប្រធានបទ​ទី១នេះ ភាគី​ទាំងពីរ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ភាពមិន​អាច​ខ្វះ​បាន​នៃ​ស្មារតី​ពហុភាគី​និយម ជាពិសេស​កិច្ច​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​គ្រប់​វិស័យ ទាំង​ក្នុងអំឡុង និង​ក្រោយពេល​កូ​វីដ ១៩ ដើម្បី​រួមគ្នា​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការកសាង​វិបុលភាព​សម្រាប់​មនុស្សជាតិ គឺ​ស្រប​នឹង​ឃ្លា​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើក​ក្នុង​ពិធី​បើក​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដែលថា “គ្មាន​ប្រទេស​ណាមួយ​មាន​សុវត្ថិភាព​នោះទេ ដរាប​ប្រទេស​ទាំងអស់​មិនមាន​សុវត្ថិភាព។

ប្រធានបទ​ទី២គឺ «ការកាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​សេដ្ឋកិច្ចសង្គម​ដោយ​ជំងឺ​កូ​វីដ១៩ និង​ការលើកកម្ពស់​នូវ​ភាព​ធន់​ក្រោយ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​នេះ ៖ បទពិសោធន៍ និង​ទស្សនាទាន»។ ប្រធានបទ​នេះ ខាង​ភាគី​ចិន​មាន​ឯកឧត្ដម Guo Hongquan សមាជិកសភា នៃ​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស ជា​អ្នកផ្ដល់​បទ​អន្តរាគមន៍ ឯខាង​កម្ពុជា​គឺមាន​ឯកឧត្ដម ឃុ​ត ចាន់​ដា​រ៉ា សមាជិក​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ជា​អ្នកផ្ដល់​បទ​អន្តរាគមន៍។ ដោយ​ភាគី​ទាំងពីរ​បានបង្ហាញ​ពី​សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ ព័ត៌មាន បទពិសោធន៍ និង​ទស្សនៈ​រវាង​កម្ពុជា ចិន ដើម្បី​រួមគ្នា​កាត់បន្ថយ​ផលប៉ះពាល់​ដែល​ជះឥទ្ធិពល​ដោយ​ជំងឺ​កូ​វីដ១៩  និង​ជាពិសេស​គឺ​ការធ្វើការ​រួមគ្នា ដើម្បី​បង្កើន​ភាព​ធន់​សម្រាប់​សេដ្ឋ​កិច្ច​សង្គម បន្ថែមទៀត ក្រោយ​វិបត្តិ​នេះ​ត្រូវ​បានបញ្ចប់។

ចំណែក​ប្រធានបទ​ទី ៣គឺ «ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​សភា​ចិន-កម្ពុជា ជាពិសេស ទំនាក់ទំនង​នៃ​សមាជិកសភា​វ័យក្មេង​នៃ​ប្រទេស​ទាំងពីរ ឆ្ពោះទៅកាន់​ការពង្រឹង​នីតិរដ្ឋ»។ សម្រាប់​ប្រធានបទ​ទី៣នេះ ខាង​ភាគី​កម្ពុ​ជាមាន លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ជា​អ្នកផ្ដល់​បទ​អន្តរាគមន៍ ឯ​ភាគី​ចិន​មាន ឯកឧត្តម Wang Sen សមាជិកសភា នៃ​សភា​តំបន់​វិ​ន​ហ្សា​ន ខេត្ត​យូ​ណាន។ តាមរយៈ​ប្រធានបទ​ទី៣ គណៈប្រតិភូ​ប្រទេស​ទាំងពីរ ក៏បាន​ពិភាក្សា​បន្ថែម លើ​គោលដៅ​បន្ត​ជំរុញ​ឲ្យ​បាន​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​ទាំងពីរ ឆ្ពោះទៅរក​ការពង្រឹង​នីតិរដ្ឋ ដែលជា​ធាតុ​មួយ​ដ៏​ចាំបាច់​ក្នុងចំណោម​ធាតុ​នានា​ដើម្បី​ធានា​និរន្តរភាព​នៃ​វឌ្ឍនភាព​ជារួម​របស់​សង្គមជាតិ។

មានប្រសាសន៍​ថែ្ល​ង​បិទ​កិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​វាយតម្លៃ​ខ្ពស់ និង​បង្ហាញ​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ចំពោះ​លទ្ធផល​ដែល​សម្រេចបាន​ដោយ​កិច្ចប្រជុំ​ទ្វេភាគី​នាពេលនេះ ជាពិសេស​ការផ្លាស់ប្តូរ​យោបល់ បទពិសោធន៍ និង​ទស្សនៈ​នៃ​ការចូលរួម​ផ្ទាល់​ជាមួយ​បក្ស និង​រដ្ឋាភិបាល​នៅក្នុង​កិច្ចការ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ទស្សនវិស័យ​ឆ្ពោះទៅ​អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំងពីរ ជាពិសេស​ក្នុង​ក្របខណ្ឌ​សមាជិកសភា​វ័យក្មេង​ដើម្បី​កសាង​សហគមន៍​ជោគវាសនា​រួម​ដែលមាន​លក្ខណៈពិសេស គឺ​ពេញលេញ ពិតប្រាកដ កម្រិត​ខ្ពស់ និង​ស៊ីជម្រៅ៕

#អរគុណសន្តិភាភ

Leave a Comment

Your email address will not be published.