សៀមរាប៖រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទការចេញ និងចូលផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២៦ ខែឧសភានេះរហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប។
ការសម្រេចបិទការចេញ និងចូលផ្សារសាមគ្គីនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៣នាក់កាលពីថ្ងៃទី២៥ ខែឧសភាម្សិលមិញ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ក្នុងចំណោមអ្នកទាំង៣នាក់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ ស៊ុ សុធា ភេទស្រី អាយុ៥០ឆ្នាំ ដែលមានអាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជាអាជីវករលក់កាហ្វេ យីហោ ឧម៉ា លក់កាហ្វេ នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ស្ត្រីរូបនេះបានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពសាច់ញាតិនៅរាជធានីភ្នំពេញ នៅចន្លោះថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញតាមរថយន្តក្រុង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាបបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ឬធ្លាប់ចូលទិញកាហ្វេពីទីតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារសាមគ្គី ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

#អរគុណសន្តិភាព