មណ្ឌល​យុវនីតិសម្បទា និង​មណ្ឌល​ស្តារ​អ្នកញៀន​គ្រឿងញៀន ស្រុក​កណ្តាលស្ទឹង​នឹង​ជួយ​ឱ្យ​អនីតិជន ក្លាយជា​ពលរដ្ឋ​សុច្ចរិត

កណ្តាល៖ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល នៅ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១បាន​ចូលរួម​អមដំណើរ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អញ្ជើញ​ត្រួតពិនិត្យ សំណង់​អគារ​នានា ក្នុង​មណ្ឌល​យុវនីតិសម្បទា និង​មណ្ឌល​ស្តារ​អ្នកញៀន​គ្រឿងញៀន ស្ថិតនៅ​ភូមិ​បារគូ ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង។

មណ្ឌល​យុវនីតិសម្បទា មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​អនីតិជន ក្នុងការ​ផ្តល់នូវ​ការអប់រំ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការអប់រំ​ចិត្តសាស្ត្រ ការព្យាបាល ការថែទាំ ការការពារ និង​ជួយ​ឱ្យ​អនីតិជន ក្លាយជា​ពលរដ្ឋ​សុច្ចរិត និង​មាន​ប្រយោជន៍​សម្រាប់​សង្គមជាតិ។

នេះ​ជា​លើក​ទី១ ដែល​កម្ពុជា​សាងសង់​មណ្ឌល​នេះ​ឡើង គឺ​អនុលោម​តាមច្បាប់​យុត្តិធម៌​អនីតិជន សម្រាប់​ដាក់​អនីតិជន ល្មើស​ដោយ​ផ្ទេរ​ចេញពី​ពន្ធនាគារ​វិញ ហើយ​ក្នុង​ឆ្នាំ​ទី១នេះ គ្រោង​ដាក់​អនីតិជន​ល្មើសច្បាប់​ចំនួន៥០០នាក់ និង​អាចមាន​លទ្ធភាព​ផ្ទុក​សរុប​ចំនួន ២០០០នាក់។

មណ្ឌល​យុវនីតិសម្បទា មាន​ទីតាំង​នៅលើ​ផ្ទៃដី​ចំនួន ៤៨.៨៣០ម៉ែត្រការ៉េ មាន​អគារ​សរុប​ចំនួន១៥ខ្នង ក្នុងនោះ​សាងសង់​ថ្មី​ចំនួន០៥ខ្នង និង​ជួសជុល​កែលម្អ​ចំនួន១០ខ្នង ការសាងសង់​កែលម្អ​នេះ​ចាប់ផ្តើម​កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ និង​បានបញ្ចប់​នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។

រីឯ​មណ្ឌល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ១៩.៧៤៨ម៉ែត​ការ៉េ បានចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *