អភិបាលខេត្ត​មណ្ឌលគិរី បាន​នាំយក​អំណោយ​របស់​អង្គការ​ដៃគូរ ផ្តល់ជូន​ប្រជា​ពល​ដ្ឋ​ខ្វះខាត​ចំនួន ១១៦គ្រួសារ នៅក្នុង​ស្រុក​កែវ​សីមា

មណ្ឌលគិរី៖ ដើម្បី​ជួយ​ដោះស្រាយ​នូវ​ការខ្វះខាត​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ក្នុងអំឡុងពេល​នៃ​ជំងឺ​កូ​វីដ-១៩ នា​ព្រឹក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​លោក​មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងបី ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក និង​តំណាង​អង្គការ​ដៃគូរ​ជាច្រើនរូប បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ របស់​អង្គការ DPA ប្រចាំខេត្ត​មណ្ឌលគិរី ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ១១៦គ្រួសារ ស្ថិតនៅក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា។

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ពិសេស ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់ជរា ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ និង​គ្រួសារ​រងគ្រោះ​ដោយ​ប្រការផ្សេង។

ឯកឧត្តម បន្ថែមថា សម្ភារ​ដែល​ផ្តល់ជូន​ពលរដ្ឋ​នាពេលនេះ គឺជា​អំណោយ​មនុស្សធម៌​របស់​អង្គការ DPA ប្រចាំខេត្ត​មណ្ឌលគិរី ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​អាជ្ញាធរខេត្ត ក្នុងការ​ដោះស្រាយ នូវ​ការខ្វះខាត​របស់​ពលរ​ដ្ឋ​បាន​មួយរយៈ ជាពិសេស ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធផល​ភាព ក្នុងការ​បង្កបង្កើនផល និង​ប្រកបមុខរបរផ្សេងៗបន្ថែមទៀត។

ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ DPA ប្រចាំខេត្ត​មណ្ឌលគិរី ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ស្បៀង និង​សម្ភារ​ផ្សេង​ដល់​ពលរដ្ឋ​ខ្វះខាត ក្នុងអំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១។ បន្ថែម​លើស​នេះ ឯកឧត្តម បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ​ចិញ្ចឹមសត្វ រួមទាំង ដាំ​ដុះ​ដំណាំ​ចម្រុះផ្សេងៗ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ជ​ប់​ខ្ជួន​លើ​វិធានការ ៣ការពារ និង ៣កុំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩។

នាឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត និង​សហការី បាន​នាំយក​ទេយ្យទាន និង​បច្ច័យ​មួយចំនួន ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ស្រែ​ព្រះ។

អំណោយ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ១១៦គ្រួសារ មកពី​ភូមិ​ចំនួន ០៦ ក្នុង​ឃុំ​ស្រែ​ព្រះ ដោយ​ក្នុង១គ្រួសារ ទទួលបាន​អង្ករ ៥០គីឡូក្រាម ត្រីខ ប្រេងឆា និង​ទឹកត្រី ដើម្បី​ដោះស្រាយ​ការហូបចុក​ប្រចាំថ្ងៃ​បាន​មួយកម្រិត​ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្ត​មណ្ឌលគិរី

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.