អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ «ទំនប់ដំណាក់អំពិល, ទំនប់ដំណាក់ឈើក្រំ» និងការបង្កបង្កើនផលស្រូវដើមរដូវវស្សា

ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បាន​ដឹកនាំ​ក្រុមការងារ​មន្ទីរជំនាញ ចុះ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្រ «ទំនប់​ដំណាក់​អំពិល, ទំនប់​ដំណាក់​ឈើ​ក្រំ» និង​ការ​បង្កបង្កើនផល​ស្រូវ​ដើមរដូវ​វស្សា នៅ​ក្រុង​ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ ស្រុក​តា​លោ​សែន​ជ័យ និង​ស្រុក​បាកាន ក្នុង​គោលបំណង ដើម្បី​គ្រប់គ្រង​ការផ្តល់​ទឹក ឱ្យចំ​គោលដៅ​ប្រជាកសិករ។

បើតាម​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​អំពិល បច្ចុប្បន្ន​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​បញ្ចាល់ទឹក​ចូលទៅ​ប្រឡាយ​មេ មាន​ប្រវែង២១គីឡូម៉ែត្រ និង​ប្រឡាយ​រង​ជាច្រើន​ផ្សេងទៀត ងាយស្រួល​ឱ្យ​បងប្អូន​ប្រជាកសិករ​ទាញយក​ទឹក មក​ស្រោច​ស្រពតាម​តម្រូវការ។ ដោយឡែក​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ បច្ចុប្បន្ន​ត្រូវបាន​នឹង​កំពុង​ស្ថាន​ជិត​រួចរាល់​ហើយ អាច​ផ្តល់​អត្ថប្រយោជន៍ ស្រោចស្រព​ផ្ទៃដី សរុប១៦,១០០ហិកតា លើ៥១ភូមិ ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​តា​លោ​សែន​ជ័យ នៃ​ខេត្តពោធិ៍សាត់។

ជាមួយគ្នា​នោះ លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យដឹង​ដែរ​ថា ការងារ​បង្កបង្កើនផល​ស្រូវ​ដើមរដូវ​វស្សា គិត​ត្រឹម​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ សម្រាប់​ផែនការ​គឺ ១១៥,០០០ហិកតា បច្ចុប្បន្ន​ភ្ជួរ​រាស់​បាន ៩៩,១៤៧ហិកតា អនុវត្តបាន​សរុប ៦៩,០៦៤ហិកតា ស្មើនឹង៦០.០៦% ក្នុងនោះ​ស្រូវ​ដើមរដូវ អនុវត្តបាន២៤៤ហិកតា ស្រូវស្រាល៥២,៩៦២ហិកតា ស្រូវកណ្តាល១១,៦៤៤ហិកតា ស្រូវធ្ងន់៣,៨២១ហិកតា ស្រូវចំការ៦៣ហិកតា និង​ស្រូវ​ឡើង​ទឹក៣៣០ហិកតា។ លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ប្រៀបធៀប​ឆ្នាំមុន ផែនការ ១១៥,០០០ហិកតា អនុវត្តបាន ២១,០០២ហិកតា ស្មើនឹង១៨.២៦%។

ថ្លែង​ក្នុងឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ឯកឧត្តម ម៉ៅ ធនិន បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ បន្ត​ខិតខំ​បង្កបង្កើនផល និង​ជ្រើសរើស​ពូជស្រូវ​ណា ដែលជា​តម្រូវការ​ទីផ្សារ និង​អាច​លក់បាន​តម្លៃ​ខ្ពស់។ ជាការ​ពិតណាស់ថា មិន​ត្រឹមតែ​ទំនប់​ធារាសាស្ត្រ​ទាំង២ខាងលើ​នោះទេ គឺ​នៅមាន​ទំនប់​ធារាសាស្ត្រផ្សេងៗជាច្រើន​ទៀត ដែល​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​ជា​កាដូ​ជូន​ខេត្ត​របស់​យើង ដើម្បីឱ្យ​ការងារ​បង្កបង្កើនផល​របស់​បងប្អូន ទទួលបាន​ទិន្នផល និង​ផ្លែផ្កា​ខ្ពស់ ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ។

ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ​ការងារ​មួយចំនួន ជុំវិញ​ការគ្រប់គ្រង​ទឹក ប្រើប្រាស់​ទឹក និង​ទម្លាក់​ទឹក ឱ្យចំ​តម្រូវការ​ប្រជាកសិករ ព្រមទាំង​បន្ត​ចុះ​ពិនិត្យ​ទីតាំង​គ្រោង​សាងសង់​រដ្ឋបាល​ប្រមូលផ្តុំ ស្រុក​តា​លោ​សែន​ជ័យ នៃ​ខេត្តពោធិ៍សាត់​ផងដែរ។

ប្រជាពលរដ្ឋ​ដែល​ទទួលផល​ពី​ទំនប់​ធា​រាស្ត្រ​ខាងលើ បាន​គោរព​ថ្លែងអំណរគុណ ជូន​ចំពោះ​សម្តេច​ពុក ហ៊ុន សែន និង​សម្តេចម៉ែ ប៊ុន រ៉ានី ហ៊ុនសែន ដែល​បានផ្តល់​សមិទ្ធផល​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក នឹង​សន្យា​គាំទ្រ ព្រមទាំង​ដើរ​តាម​សម្តេច​ទាំង​ទ្វេរ​ជា​រៀងរហូត៕

ប្រភព៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *