រាជរដ្ឋាភិបាលសម្រេចដាក់តម្លៃសេវាទឹកកខ្វក់ បញ្ចូលក្នុងវិក្កយបត្រតែមួយជាមួយទឹកស្អាត

ភ្នំពេញ៖ តម្លៃ​សេវា​ទឹក​កខ្វក់ នឹងត្រូវ​បញ្ចូល​ក្នុង​វិក្កយបត្រ​តែមួយ​ជាមួយ​ទឹកស្អាត បន្ទាប់ពី​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ ឯកភាពគ្នា​ជា​ធ្លុង​មួយ​ក្នុងការ​ដាក់ឱ្យអនុវត្ត​នូវ​សេវា​កម្មនេះ។ ឯកឧត្តម កឹម បូរី អនុ​រដ្ឋលេខា ធិ​ការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រង និង​សម្របសម្រួល​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​ស​ម្រា​ប់​ការងារ​គ្រប់គ្រង​ទឹក​កខ្វក់ មានប្រសាសន៍ថា ការដាក់ បញ្ចូល​តម្លៃ​សេវា​ទឹក​កខ្វក់​ទៅក្នុង​វិក្កយបត្រ​ទឹកស្អាត គឺជា​យន្តការ​មួយ ដែល​នឹង​រួមចំណែក​ដល់​ការធានាបាន​នូវ​និរន្តរភាព នៃ​ការវិនិយោគ​លើ​វិស័យនេះ។

ការ​ថ្លែង​បញ្ជាក់​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ស្តីពី​បេសកកម្ម​គាំទ្រ​ដល់​ការងារ​អនុវត្ត​គម្រោង​លើក​ទី៤នៃ គម្រោង​លើកកម្ពស់​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​ធនាគារពិភពលោក ដែល​រៀបចំឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា លើ​យន្ត​ការកំណត់ និង​ការប្រមូល​ថ្លៃ​សេវា​ប្រើប្រាស់​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ សំដៅ​ធានា​ដល់​ការ​ទ្រទ្រង់​លើ​ការវិនិយោគ​ក្នុង​វិស័យនេះ និង​ជំរុញ​ប្រតិបត្តិការ និង​ថែទាំ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ប្រកបដោយ​សមធម៌​និរន្តរភាព ជាពិសេស​ក្នុង​គោលបំណង​ចូលរួម​ថែរក្សា​អនាម័យ សុខភាព​សាធារណៈ ព្រមទាំង​លើកកម្ពស់​សោភ័ណភាព និង​កែលម្អ​បរិស្ថាន​ធម្មជាតិ។

អង្គប្រជុំ​ដែលមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង មន្ត្រី​គម្រោង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា នុ​វត្ត​ន៍ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ តំណាង​ធនាគារពិភពលោក និង​ភាគី​ពាក់ព័ន្ធ បាន ពិនិត្យ​ទៅលើ​ការងារ​បច្ចេកទេស កិច្ចការ​លទ្ធកម្ម កិច្ចការ ហិរញ្ញវត្ថុ កិច្ច​គាំពារ​បរិស្ថាន​និង​សង្គម ដែល​បាន​អនុវត្ត​កន្លងមក បញ្ហា​ប្រឈម និង​ដំណោះស្រាយ ដើម្បី​ជំរុញ​ការអនុវត្តន៍​នូវ​សកម្មភាព​ការងារ​នៃ​គម្រោង​លើកកម្ពស់​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ទៅតាម​ផែនការ​ដែល​គ្រោងទុក។

សូមបញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​បាននិងកំពុង​រៀប​ចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ ក្នុង​គោលបំណង​ថែរក្សា​អនាម័យ​បរិស្ថាន ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការគ្រប់គ្រង​ទឹក​កខ្វក់ ព្រមទាំង​រៀបចំ​ចម្រោះ​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍ និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ឱ្យ​ស្របតាម​កម្រិត​បទ​បញ្ញត្តិ​បច្ចេកទេស និង​ស្តង់ដារ​បរិស្ថាន៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.