សម្តេច​តេ​ជោ ហ៊ុន សែន៖ វ៉ាក់សាំង ៤.៥លាន​ដូ​ស​ទៀត នឹង​មកដល់ ហើយ​កម្ពុជា​នឹងមាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​តាម​ផែនការ

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ១៩ ប្រមាណ ៤.៥លាន​ដូ​ស​ទៀត នឹង​មកដល់​ប្រទេស​កម្ពុជា នៅ​ខែមិថុនា​នេះ។ សម្តេច​តេ​ជោ បាន​បញ្ជាក់ដែរថា ផែន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ឱ្យបាន ១០លាន​នាក់ អាច​សម្រេច​ត្រឹម​ដំណាច់ឆ្នាំ២០២១នេះ ឬ​ត្រឹម​ដើមឆ្នាំ២០២១។

ការបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​តាមរយៈ​សារ​សំឡេង​ពិសេស​ស្តីពី​ផែន​ការចាក់​វ៉ាក់សាំង​កូ​វីដ១៩ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​បញ្ជាក់ដែរថា កម្ពុជា​នឹង​សម្រេច​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចំនួន ១០លាន​នាក់ នៅក្នុង​ឆ្នាំនេះ ឬ​យ៉ាងយូរបំផុត​នៅ​ដើមឆ្នាំ២០២១។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ «យើង​នឹងមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​ចាក់។ តាម​គម្រោង​នឹង​មក​ប្រមាណ ៤លាន ៥សែន​ដូ​ស​ទៀត សម្រាប់​ខែមិថុនា និង​មកជា​បន្តបន្ទាប់។ យើង​នឹង​អាច​ចាក់​យ៉ាងហោចណាស់​ក្នុង ៥លាន ទៅ ៦លាន​នាក់ មុន​ដំណាច់​ឆ្នាំនេះ ក្នុងចំណោម ១០លាន​នាក់។ ហើយ​យើង​នឹង​ខិតខំ​ធ្វើឱ្យ​សម្រេច​នូវ​ការចាក់​វ៉ាក់សាំង ១០លាន​នាក់​នៅក្នុង​ឆ្នាំនេះ ឬ​យឺត​បំផុត នៅ​ដើម​ឆ្នាំក្រោយ​តែម្តង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​ទទួលបាន​នូ​វ៉ាក់សាំងគ្រប់ៗគ្នា»។

បើទោះបីជា​យ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទទួលបាន​វ៉ាក់សាំង ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​វិធាន​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ១៩ ដោយ​ប្រើ​វិធាន «៣ការពារ និង៣កុំ» ហើយ​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ ក៏​មិនត្រូវ​បោះបង់​វិធាន​នេះ​ផងដែរ។

សម្តេច​តេ​ជោ បាន​អំពាវនាវ​យ៉ាង​ដូច្នេះ «ក្នុងពេល​វេលា​នេះ​ត្រូវ​ប្រើប្រាស់ [៣ការពារ ៣កុំ] ការពារ​ខ្លួន​ឱ្យខាងតែបាន​សិន​ទម្រាំ​វ៉ាក់សាំង​ទៅដល់ ហើយ​បើទោះបីជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​ហើយក៏​ដោយ ក៏​មិនត្រូវ​ភ្លេច [៣ការពារ និង៣កុំ] ព្រោះ​វ៉ាក់សាំង​មិនអាច​ទប់​បាន​គ្រប់ការ​ចម្លង​នោះទេ គឺ​យើង​ត្រូវ​ប្រើប្រាស់​វ៉ាក់សាំង​ផង និង​វិធី​ការពារ​ខ្លួន​ពី​កូ​វីដ១៩ផង»។

សូមបញ្ជាក់ថា កម្ពុជា បានទទួល​វ៉ាក់សាំង​ជា​លើកដំបូង​នៅក្នុង​ខែកុម្ភៈ។ រហូតមកដល់​ពេលនេះ កម្ពុ​ជាមាន​វ៉ាក់សាំង​ក្នុង​ដៃ​ជាង ៦លាន​ដូ​ស។ តាមរយៈ​វ៉ាក់សាំង​នេះ កម្ពុជា ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ជាង ២.៤លាន​នាក់ ស្មើនឹង​ជាង ២៤ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​នឹងត្រូវ​ចាក់​វ៉ាក់សាំង។

លទ្ធផល​ចាក់​វ៉ាក់សាំង​ដែល​សម្រេចបាន​នេះ ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី២ ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ជា​ប្រទេស​ដែល​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន និង​លឿន៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *