ក្រសួងសុខាភិបាល៖ អ្នកជំងឺ​កូ​វីដ១៩ម្នាក់បាន​ជាសះស្បើយ និង​មិនមាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នោះទេក្នុងថ្ងៃនេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការព្យាបាល ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ១៩ម្នាក់ និង​មិនមាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នោះឡើយ។

សេចក្តីប្រកាស​ព័ត៌មាន ទទួលបាន​មុននេះ​បន្តិច​បាន​បញ្ជាក់ថា អ្នកជា​សះស្បើយ​ជា បុរស​ជនជាតិ​អង់គ្លេស​អាយុ ៥៤ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ Apartment មួយកន្លែង ក្នុង​សង្កាត់​បឹងកក់២ រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​អង់គ្លេស ដោយ​ឆ្លងកាត់​ប្រទេស​ហូ​ឡង់ ហើយ​បាន​បន្ត​ជើងហោះហើរ​នៅ ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ចំនួន ០២ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង ០៧:០០ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាព​ជំងឺ​កូ​វីដ-១៩ នៅ​កម្ពុជា មាន​រកឃើញ អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប ២៧៦នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស​មាន​ចំនួន២៧៥នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ចំនួន០១នាក់៕