សម្ដេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ការដកហូត EBA មួយផ្នែក​របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា គឺជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការដែល​សហភាព​អឺរ៉ុប​ដកហូត EBA មួយផ្នែក​ពី​កម្ពុជា នៅ​ដែល​ប្រទេស​នេះ​កំពុង​ប្រឹងប្រែង​តស៊ូ​ជម្នះ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ គឺជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ ។

នៅក្នុង​សេចក្ដីថ្លែងការណ៍ ក្នុងឱកាស​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី៧៥ តាមរយៈ​ប្រព័ន្ធ​វីដេអូ នា​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ទោះបីជា​យ៉ាងណា កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង ដូចដែល​ខ្លួន​ធ្លាប់​បានធ្វើ​អស់​រយៈពេល៤០ឆ្នាំ​កន្លងមកនេះ ក្នុងការ​ការពារ​នូវ​អ្វីដែល​ខ្លួន​ជឿជាក់ថា​ជា​មាគ៌ា​ដ៏​ត្រឹមត្រូវ នោះ​គឺ​ការការពារ​អធិបតេយ្យភាព និង ថែរក្សា​សន្តិភាព ដែល​កសាងបាន​យ៉ាង​លំបាកលំបិន និង​ទទួលបាន​នូវ​ការ​សាទរ​ពេញទំហឹង​ដោយ​ប្រជាជាតិ​កម្ពុជា​ទាំងមូល ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​បំផុត និង​កំពុងតែ​ងើបឈរ​ឡើងជា​ប្រជាជាតិ​មួយ ស្មើមុខ​មាត់ ស្មើភាព និង​ស្មើ​សិទ្ធិ ជាមួយ​បណ្តា​ប្រជាជាតិ​ដទៃ​នៅក្នុង​តំបន់ និង សកលលោក។ សម្ដេច​តេ​ជោ​បាន​ថ្លែង​រម្លឹក​អំពី​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ថា  ប្រមាណ​ជាង ៤០ ឆ្នាំមុន កម្ពុជា​ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដែល​ប្រជាជន​កម្ពុ​ជាជាង ២ លាន​នាក់ បាន​បាត់​បង់ជីវិត​នៅក្នុង​ដៃ​របប​ដ៏​ព្រៃផ្សៃ​នេះ។ អ្នក​រស់រានមានជីវិត​ទាំង​បាក់ស្បាត និង សល់​តែ​បាតដៃ​ទទេ គឺជា​អ្នក​ដែល​ស្ដារ​ប្រទេសជាតិ​ពី​គំនរ​ផេះផង់ ។ អ្វីដែល​គួរឱ្យ​ហួសចិត្ត គឺ​អ្នក​ដែល​រស់រានមានជីវិត​ទាំងអស់នោះ បែរជា​ទទួលរង​ទណ្ឌកម្ម​ពី​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ ដែល​ថែមទាំង​បានអនុញ្ញាត​ឱ្យ​មេ​ពិឃាត​ខ្មែរក្រហម កាន់កាប់​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ទៅវិញ។ រដ្ឋាភិបាល​ដដែល​ទាំងនោះ ដែល​បាន​ផ្សព្វផ្សាយ​ឥតឈប់ឈរ​អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស គឺជា​អ្នក​ដែល​បាន​រារាំង​ប្រជាជន​ពី​ការទទួលបាន​ចំណីអាហារ សុខុមាលភាព ការអប់រំ ផ្ទះសម្បែង ការអភិវឌ្ឍ និង​ជាពិសេស សុខ-សន្តិភាព អស់​រយៈពេល​ជាង១២ឆ្នាំ។

 

ប្រមុខ​ដឹកនាំ​កម្ពុជា​បាន​គូសបញ្ជាក់​បន្ថែមថា ក្នុងនាម​ជា​ប្រទេស​តូច​មួយ​ដែល​ស្រលាញ់​សន្តិភាព និង ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​កម្ពុជា​អាច​ដើរតួនាទី​ចូលរួមចំណែក​របស់ខ្លួន​នៅក្នុង​សហគមន៍​អន្តរជាតិ​បាន លុះត្រាតែ​មានការ​ធានាថា វិធាន​ច្បាប់​នានា​ដែល​គ្រប់គ្រង​ប្រព័ន្ធ​អន្តរជាតិ ត្រូវបាន​អនុវត្តន៍​ប្រកបដោយ​សមភាព។ សម្ដេច​តេ​ជោ​ថ្លែងបន្តថា  គួរឱ្យ​សោកស្ដាយ​ដែលជារឿយៗ អាស្រ័យ​ទៅនឹង​មហិច្ឆតា​នយោបាយ និង របៀបវារៈ​ឱកាសនិយម​លាក់ពុត​របស់​ប្រទេស​មួយចំនួន កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹង​ស្តង់ដារ​ទ្វេ​ដែល​ប្រកបដោយ​ល្បិចកល និង ការសម្រេចចិត្ត​ដែលមាន​ភាពលម្អៀង និង មាន​ចេតនា​នយោបាយ ពោលគឺ​ភាពអយុត្តិធម៌។ សម្ដេច​តេ​ជោ​បាន​ថ្លែង​សង្កត់ធ្ងន់ថា ពិភពលោក​កំពុង​ជួប​បញ្ហា ប្រជាជន​កំពុង​រងទុក្ខវេទនា ហើយ​ភពផែនដី​កំពុងតែ​រងគ្រោះ។ បញ្ហា​ប្រឈមធំៗ គឺ​ស្ថិតនៅ​ចំ​ពីមុខ​យើងទាំងអស់គ្នា ហើយ​មាន​ប្រទេស​ខ្លះ​បាន​និង កំពុង​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ។ សរុបសេចក្ដី​មក វា​អាស្រ័យទៅលើ​ប្រទេស​ដែលមាន​អំណាច​ខ្លាំងក្លា​ជាងគេ​បំផុត ក្នុងការ​បញ្ឈប់​ការគំរាមកំហែង​ដល់​សន្តិភាព​ពិភពលោក និង ភាព​រស់រាន​របស់​ភពផែនដី។ ជាមួយគ្នានេះ វា​ក៏​អាស្រ័យទៅលើ​មហាអំណាច​ទាំងឡាយ ទាំង​ថ្នាក់​កំពូល  ទាំង​ថ្នាក់កណ្ដាល ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​ធានាបាន​នូវ​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ ដែល​ឈរលើ​ការគោរព​អធិប-តេ​យ្យ​គ្នា​ទៅវិញទៅមក និង សន្តិ​សហ​វិជ្ជមាន ៕