ក្រសួង​អប់រំ​បញ្ជាក់ថា នឹង​ផ្តល់​និទ្ទេស​ជូន​បេក្ខជន​ប្រឡង​បាក់​ឌុប​ក្នុងឆ្នាំនេះ​ដូចឆ្នាំមុនៗ

ភ្នំពេញ៖ ឯកឧត្ដម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ជាក់ថា ក្រសួង​នឹង​ផ្តល់​និ​ន្ទេ​ស​ជូន​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ក្នុង​ឆ្នាំ២០២០នេះ ដូចជា​ការប្រឡងឆ្នាំមុនៗដែរ ខណៈ​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ក្នុងឆ្នាំនេះ មាន​ជាង ១២ម៉ឺន​នាក់

ឯកឧត្ដម រស់ សុ​វាចា បានបញ្ជាក់​ឱ្យដឹង នា​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ​ថា ការប្រឡង​បាក់​ឌុប​ឆ្នាំ២០២០នេះ នឹងមាន​និទ្ទេស A, B, C, D, E ដូច​ឆ្នាំមុន​ដែរ។ ប៉ុន្ដែ​ដើម្បី​រក្សា​គុណភាព​នៃ​ការប្រឡង ក្រសួង​អប់រំ យុវជន និង​កីឡា​បន្ត​អនុវត្តន៍​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន ជាមួយនឹង​ការអនុវត្ត​វិធានការ​សុវត្ថិ ភាព​សុខភាព​សម្រាប់​ការប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី២១-២២ ខែធ្នូ​ឆ្នាំ ២០២០ ។

ឯកឧត្ដម​បាន​បន្ដថា ក្រសួង​អប់រំ​បាន​កំពុង​រៀបចំ​លិខិត​ស្នើសុំ​បន្ត​កិច្ចសហការ​ពី​សំណាក់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួងមហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រសួងសុខាភិបាល។ ទន្ទឹមនេះ ចំពោះ​លទ្ធភាព​យ៉ាងណា​នោះ​ក្រសួង​អប់រំ នឹង​បញ្ជាក់ជូន​ពី​ការចូលរួម​របស់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ក្រោយ​មានការ ឆ្លើយតប​នាពេល​ក្រោយ។

អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា “ខ្ញុំ​សូម​អនុញ្ញាត​ផ្ញើ​សារ​ជូនប្អូនៗសិស្សានុសិស្ស ជាពិសេស​បេក្ខជន​ប្រឡង​ថា ការសម្រេច​បំណង​ជីវិត​ស្ថិតនៅក្នុង​កណ្តាប់ដៃ​រប​ស់ប្អូនៗ ហើយ​ស្វ័យ​សិក្សា ដើរតួនាទី​សំខាន់ ជាពិសេស​ក្នុង​បរិបទ​កូ​វីដ-១៩” ។

ឯកឧត្ដម​បាន​បន្ដថា ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​លើកទឹកចិត្ត​សិស្សានុសិស្ស​បន្ត​ស្វ័យ​សិក្សា និង​រៀនសូត្រ​តាម​អន​ឡាញ និង​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក២ ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ក្រោម​ការគាំទ្រ​ពី​លោកគ្រូ អ្នកគ្រូ មាតាបិតា និង​គ្រប់​ភា គី​ពាក់ព័ន្ធ​ដោយ​បន្ត​អនុ វត្ត​ន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

ឯកឧត្ដម​ក៏បាន​ថ្លែងអំណរគុណ​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួង មុន និង​ក្នុង​បរិបទ​កូ​វីដ-១៩ក្នុងការ​ត្រៀម​រៀបចំ​ដំណើរការ​ប្រឡង​បាក់​ឌុប​ក្នុងឆ្នាំនេះ។

ក្រសួង​អប់រំ​បញ្ជាក់ថា នឹង​ផ្តល់​និទ្ទេស​ជូន​បេក្ខជន​ប្រឡង​បាក់​ឌុប​ក្នុងឆ្នាំនេះ​ដូចឆ្នាំមុនៗ

បើ​យោងតាម​ក្រសួង​អប់រំ យុវជន និង​កីឡា​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២០ បេក្ខជន​ដែល​ដាក់ឈ្មោះ​ចូលរួម​ប្រឡង​បាក់​ឌុប​មាន​ចំនួន​សរុប ១២១ ២០១ នាក់ (កើន ៤ ១៥៨ នាក់) ស្រី ៦៣ ៩៣៧ នាក់ ក្នុងនោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​មាន ចំនួន ៤០ ៧៦៥ នាក់ (៣៣,៦៣ភាគរយ) ស្រី ២៣ ៦៣៦ នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៨០ ៤៣៦ នាក់ (៦៦,៣៧ភាគរយ) ស្រី ៤០ ៣០១ នាក់។ ចំពោះ​បេក្ខជន​ចំណេះ​ទូទៅ ១០២ ០៣៧ នាក់ (៨៤,១៩ភាគរយ) បេក្ខជនស្វៃរិន ១៣ ៩៩១ នាក់(១១,៥៤ភាគរយ)បេក្ខជន​បំពេញវិជ្ជា ៣ ២៦០ នាក់ (២,៧ភាគរយ) និង​បេក្ខជនស្វៃរិន​បំពេញវិជ្ជា ១ ៩១៣ នាក់(១,៥៨ភាគរយ) ។ បេក្ខជន​សាធារណៈ ១១៣ ១៧៣ នាក់(៩៣,៣៨ភាគរយ) ស្រី ៥៩ ៨៣៣ នាក់ និង​បេក្ខជន​ឯកជន ៨ ០២៨នាក់ (៦,៥៧ភាគរយ) ស្រី ៤ ១០៤ នាក់ ។

 

បើតាម​ក្រសួង​អប់រំ​បាន​បន្ថែមថា ក្នុងចំណោម​បេក្ខជន​ដាក់ចូល​រូ​ម​ប្រឡង ទាំងអស់​មាន​បេក្ខជន​ជ្រើសរើស​ភាសា​អង់គ្លេស​ចំនួន ១២០ ៦០៥ នាក់ (៩៩,៥១ភាគរយ) ស្រី ៦៣ ៦៣២ នាក់ និង​បេក្ខជន​ជ្រើសរើស​ភាសា​បារាំង​ចំនួន៥៩៦នាក់ (០,៤៩ភាគរយ)ស្រី៣១៧នាក់។ សម្រាប់​មណ្ឌល​ប្រឡង​ទៅ​ទាំង​ប្រទេស​មាន​ចំនួន២៣៧មណ្ឌល (កើន៣៥មណ្ឌល) និង​ចំនួន​បន្ទប់​ប្រឡង​ចំនួន ៤ ៨៩១ បន្ទប់ (កើន១៦៧បន្ទប់) ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ មាន៨២មណ្ឌល (កើន៧មណ្ឌល) ១ ៦៥១ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ សង្គម មាន១៥៥មណ្ឌល (កើន២៨មណ្ឌល) ៣ ២៤០ បន្ទប់៕