សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

វ៉ាក់សាំង​កូ​វីដ-១៩ កន្លះ​លាន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ

ភ្នំពេញ៖ វ៉ាក់សាំង​សំរាប់​បង្ការ​ជំងឺ​កូ​វីដ-១៩ ម៉ាក Sinovac របស់​ក្រុមហ៊ុន​ចិន​ចំនួន៥០ម៉ឺន​ដូ​ស​ទៀតហើយ នឹងត្រូវ​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ ខណៈ​រដ្ឋាភិបាល​បានទទួល​ការកោតសរសើរ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​លើ​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ជាង​មួយឆ្នាំ​ហើយ​ដែល​ជំងឺ​កូ​វីដ-១៩ បាន​រាតត្បាត​នៅលើ​ពិភពលោក។ ជាង​មួយ​ឆ្នាំនេះ កម្ពុជា​បាន​រកឃើញ​មនុស្ស៣៤,៨៣៣នាក់ កើត​ជំងឺ​កូ​វីដ-១៩ ហើយ២៦៦នាក់ បាន​ស្លាប់បាត់​បង់ជីវិត។ មកដល់ពេលនេះ វ៉ាក់សាំង​កូ​វីដ-១៩ ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​បន្ថែមទៀត ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ និង​ជួយ​ការពារ​សុខភាព​របស់​មនុស្ស ពី​ការវាយប្រហារ​ដោយ​ជំងឺ​កូ​វីដ-១៩ ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន។ ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំមក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន។

គិតពី​ត្រឹម​ថ្ងៃទី០៧ ខែកុម្ភៈ មកដល់​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជាង៦លាន​ដូ​ស​រួចហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ។ វ៉ាក់សាំង​កូ​វីដ ១៩ ដែល​កំពុង​ទទួលបាន ហើយ​កំពុងដំណើរការ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើនបំផុត​ជា​របស់​ប្រទេស​ចិន។

វត្តមាន​វ៉ាក់សាំង​របស់​ចិន​លើ​ទឹកដី​កម្ពុជា ត្រូវបាន​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា កើតមាន​ក្រោម​ចំណង​ទំនាក់ទំនង​ល្អ និង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិត្ត ហើយ​ជា​ស្មារតី​រួមគ្នា​ដ៏​មុតមាំ​មួយ រវាង​ប្រទេស​ទាំងពីរ​ក្នុងការ​យកឈ្នះ​លើ​ជំងឺ​កូ​វីដ-១៩។

រដ្ឋាភិបាល​ចិន ធ្លាប់បាន​ប្រកាស​បង្ហាញ​នូវ​ជំហរ​មុតមាំ​របស់ខ្លួន ក្នុង​ការជួយ​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩នេះ រហូត​ទទួលបាន​ជោគជ័យ។

លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន ធ្លាប់បាន​គូសបញ្ជាក់ថា ចិន និង​កម្ពុជា​ជា​បងប្អូន​ល្អ​នឹង​គ្នា ដែល​ប្រៀប​ដូច​ដៃ និង​ជើង គឺជា​មិត្ត​ល្អ​នឹង​គ្នា ដែល​តែង​ជួយ​គ្នា​ទៅវិញទៅមក។ ដរាបណា​ជំងឺ​កូ​វីដ​នៅក្នុង​ប្រទេស​កម្ពុជា​មិនទាន់​បញ្ចប់ ការផ្តល់​ជំនួយ​របស់​ចិន​មកកាន់​ប្រទេស​កម្ពុជា ក៏​មិនអាច​បញ្ឈប់​បានឡើយ។ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​វីរុស​កូ​វីដ ប្រជាជន​ចិន បន្ត​គាំទ្រ​ជាមួយ​ប្រជាជន​កម្ពុជា​ជានិច្ច។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា នៅក្នុង​ខែមិថុនា នេះ វ៉ាក់សាំង​ប្រមាណ ៤.៥លាន​ដូ​ស នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា ដែលជា​ការជួយ​ឱ្យ​កម្ពុជា មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ។

សម្តេច​តេ​ជោ​បានប្រកាស​ដែរ​ថា “កម្ពុជា​នឹង​សម្រេច​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ចំនួន១០លាន​នាក់ នៅក្នុង​ឆ្នាំ២០២១នេះ ឬ​យ៉ាងយូរបំផុត​នៅ​ដើមឆ្នាំ២០២២”៕

#អរគុណសន្តិភាព