សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាលខេត្ត​សម្រេចយក​វិទ្យាល័យ​ដំ​ដែក ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដែល​មកពី​ស្រុក​ចំនួន៣ជាប់​ព្រំប្រទល់​គ្នា

ខេត្តសៀមរាប៖ នៅ​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១  រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ-១៩ចំនួន៤៦នាក់ ភាគច្រើន​ជា​អ្នកស្រុក​ជីក្រែង និង​សូទ្រនិគម ជាពិសេស​អ្នកបម្រើ​ការងារ​នៅ​ហាង​ពិភព​ធម្មជាតិ ចំនួន​ដែល​ការរក​ឃេ​ី​ញ​នេះ​មាន​រយៈពេល៣ថ្ងៃ  មាននៅ​ក្នុងស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង ខេត្តសៀមរាប​ដែលមាន​កើន​ឡើងជា​បន្តបន្ទាប់​គួរ​ឲ្យ​ព្រួយបារម្ភ និង​មិនដែល​ធ្លាប់មាន​នៅក្នុង​ខេត្តសៀមរាប ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក ម៉ក់ ប្រុស អភិបាល​នៃ​គណៈ​អភិបាលស្រុក​សូទ្រនិគម បាន​បញ្ជាក់ថា ដោយសារតែ​អ្នក​វិជ្ជមាន​កូ​វីដ-១៩នៅ​តំបន់​នេះ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​ឲ្យ​រដ្ឋបាល​ស្រុក​យក​ទីតាំង​វិទ្យាល័យ​ដំ​ដែក ស្ថិតនៅក្នុង​ទីរួមស្រុក​សូទ្រនិគម ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដែល​មកពី​ស្រុក​ចំនួន៣ជាប់​ព្រំប្រទល់​គ្នា គឺ​សូទ្រនិគម ស្រុក​ជីក្រែង និង​ស្រុក​ស្វាយ​លើ  ។  គិត​មកដល់ពេលនេះ  អាជ្ញាធរ​ស្រុក​បានរៀបចំ​កន្លែង​រួចរាល់​ហើយ​ដែល​ជំហាន​ដំបូង​នេះ ទីតាំង​នេះ​អាចដាក់​អ្នកជំងឺ​បាន​ចំនួន ៦០នាក់។

លោក​បាន​បន្តថា ដោយសារតែ​អ្នកពាក់ព័ន្ធ​មាន​ច្រើន ដូចនេះ​ក្រុម​គ្រួ​ពេទ្យ បាន​ចុះ​ទៅយក​សំណាក​ពួកគាត់​នៅតាម​គោលដៅនីមួយៗ ដោយ​មិន​ឲ្យ​ពួកគាត់​ប្រមូលផ្តុំ​គ្នាច្រើន​នោះទេ។  ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ អាជ្ញាធរ​មិនទាន់​សម្រេច​បិទ​ភូមិ​ណាមួយ​នៅឡើយ​ទេ ដោយ​សម្រេច​បិទ​តែ​តាម​តំបន់​មួយចំនួន​ដែលមាន​ការប៉ះពាល់​ប៉ុណ្ណោះ ព្រោះ​នៅ​តំបន់​ជនបទ​អ្នកភូមិ​រស់នៅឆ្ងាយៗពីគ្នា។

សូមបញ្ជាក់ថា រដ្ឋបាល​ខេត្តសៀមរាប​បាន​បង្ហាញថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ  មានការ​ឆ្លង​រាល​ដា​ជំងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង សរុប​ចំនួន៦៦នាក់ (ស្រុក​សូទ្រនិគម៣១នាក់ និង ស្រុក​ជីក្រែង៣៥នាក់) ដែល​ករណីនេះ គឺជា​ការឆ្លង​ក្នុង​សហគមន៍ ហើយ​ពុំទាន់​អាច​កំណត់​មុខសញ្ញា​ច្បាស់លាស់ អំពី​ប្រភព នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩នៅឡើយ។

រដ្ឋបាល​ខេត្តសៀមរាប សូម​បន្ត​អំពាវនាវ​ដល​ល​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍ ដែល​កំពុងមាន​ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម និង ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល នូវ​វិធានការ”៣កុំ  ៣ការពារ” និង​អនុវត្តន៍​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បានជា​ប្រចាំ  ៕

#អរគុណសន្តិភាព