សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ថ្នាក់ដឹកនាំ​ខេត្តពោធិ៍សាត់ អញ្ជើញ​ទទួល និង​ចូលរួម​នាំយក​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រគល់ជូន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ចំនួន៥ខេត្ត

ពោធិ៍សាត់៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់-ទទួល ថេប​ប្លេ​ត និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ដល់​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចំនួន០៥ខេត្ត។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ខេត្ត​ទាំង៥នោះ​រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន។

នៅក្នុង​ឱកាស​នោះ​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​ទឹកចិត្ត​គិតគូរ​ទៅដល់​ក្រុមគ្រូពេទ្យ​របស់​យើង មិន​ត្រឹម​គិត​អំពី​សុខទុក្ខ និង​ដាក់ចេញ​នូវ​វិធានការ​នានា​សម្រាប់​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ទេ ក៏ប៉ុន្តែ​សម្តេច​តែង​គិត​អំពី​សុខទុក្ខ​របស់​គ្រូពេទ្យ។ និយាយ​ដោយឡែក សម្តេច​តេ​ជោ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ក្នុង​ការផ្តល់​ការចាក់​វ៉ា​ក់​ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ ដែលមាន​អាយុ​ពី១៨ឆ្នាំ​ឡើងទៅ នៅក្នុង​ផែនការ​គោល​កំណត់ ១០លាន​នាក់។

លោកជំទាវ​បាន​ថ្លែង​ទៀតថា «សម្តេច​តេ​ជោ​ក៏បាន​ស្វែងយល់ ហើយក៏​បាន​យល់​ពី​ផល​លំបាក​របស់​ក្រុមគ្រូពេទ្យ​របស់​យើង ដែល​ផ្តល់នូវ​ការចាក់​វ៉ាក់សាំង​នេះ។ ដោយសារ​យើង​មាន​តម្រូវការ​នៃ​ការចាក់​ច្រើន បងប្អូន​ប្រជាពលរដ្ឋ​ច្រើន បើ​និយាយ​ដោយឡែក​បច្ចុប្បន្ននេះ យើង​កំពុង​ចាក់​ស្រោច​នៅ​រាជធានី​ភ្នំពេញ តាម​ការសម្រេច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងមួយថ្ងៃៗយើង​បាន​បាន៤ទៅ៥ម៉ឺន​នាក់ លើសពី​ផែនការ​កំណត់​របស់​យើង​ទៀត»។

លោកជំទាវ​វេជ្ជបណ្ឌិត ក៏បាន​ថ្លែង​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំង៥ ដែល​ទទួលបាន​សម្ភារ​នៅពេលនេះ គឺ​យកទៅ​ប្រើប្រាស់​ឲ្យ​ចំ​ទិសដៅ​ដើម្បី​បម្រើ​នូវ​កិច្ចការងារ​ផ្សេង និង​ដាក់បញ្ចូល​នៅក្នុង​បញ្ជីសារពើភ័ណ្ឌ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់

#អរគុណសន្តិភាព