ក្រសួងបរិស្ថាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ និង​ដៃគូ​អភិវឌ្ឍន៍

ភ្នំពេញ៖ ឯកឧត្តម ទិន ពន្លក អនុប្រធាន​ទី២ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចី​ភាព និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ និង​ដៃគូ​អភិវឌ្ឍន៍ «ការផ្តល់​សុពលភាព​លើ​របាយការណ៍​ការចូល​រួមចំណែក​របស់​ជាតិ ដើម្បី​អនុវត្ដ​ន៍​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ» នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ។

ក្រសួងបរិស្ថាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ និង​ដៃគូ​អភិវឌ្ឍន៍

ប្រភពពី​ក្រសួងបរិស្ថាន​ឱ្យដឹង​បន្តថា កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ និង​ដៃគូ​អភិវឌ្ឍន៍ រៀបចំឡើង​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ លោក លោកស្រី ជា​សមាជិក​ក្រុមការងារ​បច្ចេក ទេស​ប្រែប្រួល​អាកាសធាតុ តំណាង​ស្ថានទូត ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន  ស្ថាប័ន​សិក្សា និង​អ្នកពាក់ព័ន្ធផ្សេងៗចំនួន​ប្រមាណ ៧៩នាក់ ។

ប្រភព​ដដែល​បន្តថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង៖ ១) បង្ហាញ​ពី​របាយការណ៍​ការចូល​រួមចំណែក​របស់​ជាតិ ដើម្បី​អនុវត្ដ​ន៍​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​របស់​កម្ពុជា (NDC Update) ។ ២) ស្វែងរក​ការបញ្ជាក់​អះអាង ការផ្ទៀងផ្ទាត់ និង​ការឯកភាព​លើ​លទ្ធផល នៃ​ការធ្វើ​សារពើ​ភណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការ​ស្នើឡើង​នូវ​សកម្មភាព​កាត់បន្ថយ​ព្រមទាំង​វិធានការ​បន្ស៊ាំ​នានា និង។ ៣)ផ្តល់​សុពលភាព​សេចក្តីព្រាង​របាយការណ៍​ការចូលរួមចំណែករ​បស់​ជាតិ ដើម្បី​អនុវត្ដ​ន៍​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​របស់​កម្ពុជា។

របាយការណ៍ NDC Update លើក​ទី២នេះ មិន​គ្រាន់តែ​បង្ហាញ​អំពី​ជំហរ​របស់​ប្រទេស​កម្ពុជា ក្នុងការ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បង្កើន​សកម្មភាព​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​នូវ​កម្មវិធី​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព តាមរយៈ​កម្មវិធី/គម្រោង​ដូចជា គម្រោង REDD+ និង​ថាមពល​កកើត​ឡើងវិញ​ជាដើម។ល។

ឯកឧត្តម បាន​កោតសរសើរ និង​អរគុណ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ និង​ដៃគូ​អភិវឌ្ឍន៍​ដូចជា (UNDP, World Bank, GGGI, UN Women, WHO, FAO, UK Embassy, NDC Partnership ។ល) ដែល​ចូលរួម​គាំទ្រ​រៀបចំ​របាយការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ឱ្យ​លេច​ជា​រូបរាង​ឡើង និង​ពិនិត្យ​ផ្តល់យោបល់​លើ​សកម្មភាព​អាទិភាព​នៃ​ផ្នែក​និង​វិស័យនីមួយៗ ដើម្បីឱ្យ​សម្រេចបាន​តាម​ផែនការ​សម្រាប់​ដាក់ជូន​ទៅ​លេខាធិការដ្ឋាន UNFCCC នៅ​ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ។ ពិសេស​ដើម្បី​បង្ហាញ​ការចូលរួម​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ សម្រាប់​សន្និសីទ​កំពូល​លើក​ទី២៦ នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP26) ឆ្នាំ២០២១ នៅ​ប្រទេស​អង់គ្លេស។

ឯកឧត្តម បាន​មានប្រសាសន៍ថា សូមបញ្ជាក់ថា ចំណុច​មួយ​ដែល​មិនទាន់បាន​ឯកភាព​គឺ​ការកំណត់ Scenario សម្រាប់​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពី​វិស័យ​ព្រៃឈើ និង​ការប្រែប្រួល​ការប្រើប្រាស់​ដី និង​រង់ចាំ​ការសម្រេច​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព៕