ភ្នំពេញ៖ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ឯ.ក (ផ្សារ Makro) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

ពិធីចុះ MOU នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ ឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោក យុទ្ធភូមិ ចារើនស៊ុក នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ឯ.ក លោកអគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងក្រុមការងារជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍លើកឡើងអំពីស្ថានភាពវិវត្តន៍ថ្មីៗនៃជំងឺកូវីដ-១៩ ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងសកលលោក ដោយបានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ ប្រទេសកម្ពុជា បានចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ជាច្រើន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអំពាវនាវឱ្យប្រជាកសិករត្រូវខិតខំធ្វើការដាំដុះ និងជំរុញផលិតកម្មកសិកម្ម រួមមានការចិញ្ចឹមសត្វ ផលិតកម្មស្រូវ និងការដាំដំណាំផ្សេងៗ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ព្រមទាំងបង្កើតទីផ្សារថ្មីៗជូនប្រជាកសិករ ដែលជាកាលានុវត្តភាពដ៏មានសក្តានុពលសម្រាប់វិស័យកសិកម្ម-ផលិតកម្ម ក្នុងនោះគម្រោងអេមស៍បានដើរតួយ៉ាងសំខាន់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា កន្លងមកថ្មីៗនេះ ដោយមើលឃើញពីសហប្រតិបត្តិការល្អ គម្រោងអេមស៍ (AIMS) និងផ្សារម៉ាក្រូ បានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នា ដោយសារតែមានគោលដៅសំខាន់ៗរួមគ្នា ដូចជា បង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ប្រទេសកម្ពុជាតាមរយៈគូភាគី កំណត់រកឱកាសសម្រាប់សកម្មភាពសហការគ្នា និងកម្មវិធីនានាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់គូភាគី ។ បង្កើតឱកាសសហការដែលបានកំណត់ស្របតាមគោលដៅ អត្ថប្រយោជន៍ និងគំរូអាជីវកម្មសំខាន់ៗរបស់ភាគីនីមួយៗ ធ្វើជាដៃគូយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈម និងនិរន្តរភាពនៅក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្ម ផលិតផលកែច្នៃក្នុងស្រុក ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងបញ្ហាទីផ្សារ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមទៀតថា ការងារនេះគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការសំខាន់មួយរវាងភាគីទាំងពីរ។ ជំហាន បន្ទាប់ទៀត ភាគីទាំងពីរត្រូវពង្រីកកិច្ចសហប្រតិបត្តិការលើផលិតផលកសិ-ពាណិជ្ជកម្មសក្តានុពលអង្ករ ក៏ដូចជាផលិតផលដែលគម្រោងនឹងពង្រីកវិសាលភាពអនុវត្តន៍ និងផលិតផលសម្រេចរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាផ្សេងៗទៀត ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាពិសេសរួមចំណែកដល់ការលើកស្ទួយយុទ្ធនាការប្រើប្រាស់ផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕