ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំស្ដីពីការ រៀបចំឯកសារការកាត់ដីជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ កងកម្លាំង ដែលរស់នៅលើដីរដ្ឋ នៃភូមិសាស្ត្រខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុក ឃុំពាក់ព័ន្ធមួយចំនួនក្នុងខេត្ត។
ក្នុងកិច្ចប្រជុំ តាមរបាយការណ៍របស់នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បាន បញ្ជាក់ថា កន្លងមកមានមន្ទីរអង្គភាព ដែលបានដាក់ពាក្យសុំកាត់ដីចេញពីបញ្ជីសារពើភណ្ឌ របស់រដ្ឋ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ និងកងកម្លាំង ដែលបានកាន់កាប់រស់នៅអាស្រ័យ ផលជាយូរឆ្នាំនៅលើដីរបស់រដ្ឋ មានសរុបចំនួន៨អង្គភាព រួចមកហើយ បច្ចុប្បន្នមានចំនួន ៦អង្គភាពទៀត កំពុងដាក់ពាក្យស្នើសុំបន្ថែម។

ក្នុងនោះមានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានចំនួន ១១ទីតាំង មាន១៧ កន្លែង ស្មើ១៥៥គ្រួសារ, សង្កាត់ក្រាំងអំពិល ក្រុងកំពត មាន១ ទីតាំង មាន៣កន្លែង ស្មើនឹង ៣២គ្រួសារ, វិទ្យាល័យហ៊ុនសែនឈូកមានចំនួន១កន្លែងស្មើនឹង២០គ្រួសារ, រោងចក្រជីហ្វូ ស្វាតស្រុកបន្ទាយមាស១ កន្លែងស្មើ៩០គ្រួសារ, អតីតដីនិងអគារការិយាល័យ ពាណិជ្ជកម្ម ស្រុកកំពង់ត្រាច ១កន្លែងស្មើ៨គ្រួសារ, សាលាខេត្តថ្មី ដែលអតីតផ្ទះមុខងារខេត្ត ក្រុងកំពត ១ន្លែងស្មើ១គ្រួសារ ដែលបច្ចុប្បន្នសំណើទាំងអស់នេះ ខ្លះនៅមិនទាន់មានឯកសារ គ្រប់ គ្រាន់ត្រឹមត្រូវតាមនីតិវិធីច្បាប់នៅឡើយ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាការផ្ដល់កម្មសិទ្ធិដីធ្លី ស្រប ច្បាប់ជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នជំនាញ ពាក់ព័ន្ធតែងតែបាននឹងកំពុងយកចិត្តទុកដាក់ជំរុញអនុវត្តន៍ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ពាក់ព័ន្ធនឹងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ឬដីលំនៅឋានស្របច្បាប់ជូនប្រជាពលរដ្ឋ និង មន្ត្រីរាជការកងកម្លាំង ដែលត្រូវកាត់ចេញពីដីសារពើភណ្ឌរបស់រដ្ឋ ដែលពួកគាត់រស់នៅកាន់ កាប់យូរឆ្នាំមកហើយនោះ គឺប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តែងបានដាក់ ចេញគោលការណ៍ណែនាំ ផ្អែកតាមច្បាប់គតិយុត្តនានាឱ្យរាជធានី ខេត្ត អនុវត្តន៍កាត់ឆ្វៀល ជូនពួកគាត់ឱ្យកាន់កាប់ឆាប់រហ័សស្របតាមលក្ខណៈច្បាប់។ ប៉ុន្តែដោយ ឡែកពាក់ព័ន្ធការ អនុវត្តផ្ដល់ប័ណ្ណកម្មសិទ្ធិ នៃការកាត់ដីចេញពីសារពើភណ្ឌរបស់រដ្ឋឱ្យស្របតាមលក្ខណៈ ច្បាប់សម្រាប់ជូនប្រជាពលរដ្ឋមន្ត្រីរាជការ និងកងកម្លាំងនៅក្នុងខេត្តកំពតកន្លងមកមាន លក្ខណៈស្មុគ្រស្មាញអូសបន្លាយយូរឆ្នាំ ពីអាណត្តិអភិបាលខេត្តមួយ ទៅអភិបាលខេត្តមួយ។ ដូច្នេះដើម្បីជំរុញការងារឱ្យបានសម្រេចឆាប់រហ័ស បញ្ចៀសបាននូវបញ្ហាប្រឈមនានា បន្តទៀត។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានសំណូមពរ ឱ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធ លើកជាបញ្ហាក្នុងកិច្ចប្រជុំដើម្បីរួមគ្នាពិនិត្យពិភាក្សា និងវាយតម្លៃលើទីតាំងដីនីមួយៗជាក់ ស្ដែងសម្រាប់បានជាមូលដ្ឋាន ក្នុងការជំរុញដល់អ្នកកាន់កាប់អាស្រ័យផល រៀបចំឯកសារ គ្រប់គ្រាន់ត្រឹមត្រូវដាក់ពាក្យស្នើសុំឱ្យបានស្របតាមនីតិវិធីច្បាប់ ប្រកបដោយតម្លាភាព បញ្ចៀសបាននូវការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ ដើម្បីផ្ដល់ភាពកក់ក្ដៅ ជូនអ្នកកាន់កាប់ ពោល គឺប្រជាពលរដ្ឋមន្ត្រីរាជការ និងកងកម្លាំងដែលបានអាស្រ័យផលរស់នៅជាក់ស្ដែង ដើម្បីផុត ក្ដីកង្វល់បារម្ភបន្តទៀតសម្រាប់ពួកគាត់ផងដែរ៕
#អរគុណសន្តិភាព