សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចម្រុះចុះវាស់វែងអាក់ផ្លូវ ក្នុងគម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែក្នុងខេត្តសៀមរាប ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចំនួន ១៥០លានដុល្លារអាម៉េរិក។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ពន្លឿនការងារចុះវាស់វែងផ្លូវ និងសិក្សាពីផលប៉ះពាល់ឱ្យបានស៊ីជំម្រៅក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងខេត្តសៀមរាបឱ្យបានលឿន ដើម្បីឆាប់បានស្ថាបនាផ្លូវទាំងនេះ។ បើគិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារវាស់វែងកំណត់អាក់ផ្លូវសម្រេចបានចំនួន១៣ខ្សែ ប្រវែងប្រមាណជាង ៥៦គីឡូម៉ែត្រ ស្មើនឹង ៥០ភាគរយហើយ។ ជាមួយគ្នានេះ សម្រាប់ប្រជាពលរដ្ឋ ដែលបានរស់នៅលើដីផ្លូវអាជ្ញាធរក៏បានជូនដំណឹងឱ្យគាត់រុះរើជាបណ្តើរៗហើយ។
សូមបញ្ជាក់ផងដែរថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តន៍គម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ធ្លាប់បាន មានប្រសាសន៍បញ្ជាក់ហើយថា សម្រាប់ប្រជាពលរដ្ឋដែលមកសង់សំណង់រស់នៅលើដី ចំណីផ្លូវគឺត្រូវរុះរើចេញឱ្យបានលឿន ដើម្បីអាជ្ញាធរស្ថាបនាផ្លូវឱ្យបានធំទូលាយសម្រាប់ សំណង់ដែលនៅលើដីផ្លូវទាំងនោះត្រូរុះរើចេញដោយគ្មានសំណង៕