សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កម្ពុជា-សិង្ហ​បុរី បេ្ត​ជ្ញា​បន្ត​រួមគ្នា​ពង្រីក​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​បន្តទៀត

ភ្នំពេញ៖ កម្ពុជា-សិង្ហ​បុរី បាន​បេ្ត​ជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ឲ្យ​ទាន់​ទៅនឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ទាំង​ក្នុង​តំបន់ និង​ពិភពលោក។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ការប្តេជ្ញាចិត្ត​ដ៏​មុត​ស្រួច​នេះ​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅ​ទីស្ដីការក្រសួង​ការងារ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ  និង​លោកជំទាវ Teo Lay Cheng អគ្គរដ្ឋទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី។

ក្នុងឱកាស​នោះ លោកជំទាវ​អគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង ដែល​បាន​អនុញ្ញាតឱ្យ​លោកជំទាវ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក ផ្តោតទៅលើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រវាង​ប្រទេស​ទាំងពីរ ដើម្បី​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យនេះ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត។

លោកជំទាវ Teo Lay Cheng ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បាន​ជម្នះ​ឧបសគ្គ​គ្រប់បែបយ៉ាង ក្នុងការ​ចូលរួម​ស្តារ និង​កសាង​ប្រទេសជាតិ ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់។

លោកជំទាវ​អគ្គរដ្ឋទូត បាន​បញ្ជាក់ថា តាមរយៈ​បេ​កសក​កម្ម​ការទូត​រប​ស់លោក​ជំទាវ​នៅ​កម្ពុជា លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត។

ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បានលើកឡើង​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ការទូត និង​វិស័យ​នានា ពិសេស​គឺ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា និង​សិង្ហ​បុរី ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា សិង្ហ​បុរី​បាន​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ជាច្រើន​ដល់​គ្រូ​បង្គោល និង​សិក្ខាកាម​កម្ពុជា ពិសេស​សិង្ហ​បុរី​បាន​បញ្ជូន​គ្រូជំនាញៗមក​បណ្ដុះបណ្ដាល​ដល់​ប្រទេស​កម្ពុជា​ផ្ទាល់។

ចំពោះ​ផ្នែក​សុវត្ថិភាព និង​សុខភាព​របស់​កម្មករ​នៅ​កន្លែងធ្វើការ​ងារ សិង្ហ​បុរី​ក៏បាន​ជួយ​ច្រើន​ណាស់ដែរ ដូចជា​ជួយ​រៀបចំ​បច្ចេកទេស​សុវត្ថិ​ភាព​ឡ​ចំហាយ​នៅក្នុង​រោងចក្រ ការបណ្ដុះបណ្ដាល​អ្នកជំនាញ​ត្រួតពិនិត្យ​ឡ​ចំហាយ​ជាដើម ដោយបាន​ចូលរួម​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់ផ្សេងៗបាន​យ៉ាងច្រើន​នៅក្នុង​រោងចក្រ សហគ្រាស។

សំណើ​បន្ទាប់​របស់​ឯក​ឧ​ត្ត​រដ្ឋមន្ត្រី អ៉ិ​ត សំហេង ស្នើ​បន្ត​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​TVET ដែល​បាន​ចុះហត្ថលេខា​រវាង ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​វិទ្យាស្ថាន​អប់រំ​បច្ចេកទេស (ITE) នៃ​ប្រទេស​សិង្ហ​បុរី និង​ដែល​បាន​ផុតកំណត់​តាំងពី​ខែមករា ឆ្នាំ២០១៩ មកម្ល៉េះ គឺពាក់ព័ន្ធ​នឹង​វិស័យ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដែលជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស ពិសេស​គឺ​កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​គុណ​វ​ឌ្ឍិ ហើយ​កន្លងមក​សិង្ហ​បុរី​ក៏បាន​ដើរតួ​យ៉ាងច្រើន​ក្នុងការ​ជំរុញ​លើ​ការងារ​នេះ។

ចំពោះ​ការបញ្ជូន​ពល​ការិនី​ខ្មែរ ទៅធ្វើ​ការ​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ពុំទាន់​មាន​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ទទួលបន្ទុក​ណាមួយ​នៃ​ប្រទេស​សិង្ហ​បុរី​នៅឡើយ​ដែលនាំអោយ​មានការ​លំបាក​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ ការការពារ​ស្របច្បាប់ និង​ការស្វែងរក​កិច្ចសហការ​នានា​ជាមួយ​ភាគី​សិង្ហ​បុរី។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បានស្នើ​ដល់​ភាគី​សិង្ហ​បុរី ពិចារណា​បង្កើតឱ្យមាន​កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អនុញ្ញាត​ឱ្យមាន​ការបញ្ជូន​ពលករ​ទូទៅ​បន្ថែម ក្រៅពី​ពល​ការិនី (ស្ត្រី​ជំនួយការ​មេផ្ទះ)។

ចំពោះ​សំណើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ រួម​នឹង​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយនឹង​ស្ថាប័ន​ទទួលបន្ទុក​របស់​សិ​ង្ហ​បុរី លោកជំទាវ​រីករាយ និង​ពេញចិត្ត​បន្ត​កិច្ចសហការ​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​កាន់​តែមាន​ល្អប្រសើរ​បន្ត​ទៀ។

នៅក្នុង​ជំនួប​នេះដែរ ស្រប​ពេលដែល​កម្ពុជា កំពុង​ប្រារព្វ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ  លើក​ទី៤ ឆ្នាំ២០២១ ក្រោម​ប្រធានបទ «TVET ធ្វើ​ឲ្យ​ជំនាញ​កាន់តែ​ប្រសើរ និង​ប្រាក់ចំណូល​ខ្ពស់» លោកជំទាវ​អគ្គរដ្ឋទូត​ក៏បាន​ចូលរួម​សម្តែង​ការអបអរសាទរ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ក្នុងការ​ប្រារព្វ​ទិវា​នេះ​ផងដែរ៕

#អរគុណសន្តិភាព