ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងសមាគមធនាគារនៅកម្ពុជា រួមគ្នាពង្រីកវិសាលភាពការងារក្នុងវិស័យ ធុរកិច្ចថ្មី និងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ការពង្រីកវិសាលភាពនេះធ្វើឡើងដោយការចុះអនុស្សរណៈយោគយល់គ្នារវាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសមាគមធនាគារនៅកម្ពុជា ស្តីពី «កិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថល និងទូរមនាគមន៍ ធ្វើឱ្យមានឌីជីថលភាវូបនីយកម្ម និងសមាហរណកម្មជាខ្សែច្រវាក់ឌីជីថល ដែលកំពុងតែកើតឡើងនៅក្នុងគ្រប់វិស័យ រួមទាំងវិស័យហិរញ្ញវត្ថុផង។
សក្តានុពល នៃបច្ចេកវិទ្យាថ្មី នឹងដើរតួនាទីជាឃ្លាស់ថ្មី សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលនឹងកកើតបានជា ទម្រង់សេដ្ឋកិច្ចមួយថ្មី ហៅថា សេដ្ឋកិច្ចឌីជីថល។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយល់ច្បាស់ និងចាត់ទុក ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាវិស័យអាទិភាពសម្រាប់អភិវឌ្ឍប្រទេស ដូចដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ។
ក្នុងទិសដៅនេះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រគោលនយោបាយសេដ្ឋកិច្ច ឌីជីថលកម្ពុជា សម្រាប់ជាត្រីវិស័យតម្រង់ទិសការអនុវត្តការស្រូបយក បច្ចេកវិទ្យា ឌិជីថល ឱ្យបានជាអតិបរមា ដើម្បីបង្កើនការប្រកួតប្រជែងការច្នៃប្រឌិត និងផលិតភាព នៃទំនិញនិងសេវាកម្ម ខណៈដែលហានិភ័យ និងបច្ច័យអវិជ្ជមានមួយចំនួន ពីបច្ចេកវិទ្យានេះ ត្រូវបានគ្រប់គ្រង។
បច្ចេកវិទ្យាឌីជីថល ក៏បានធ្វើទំនើបកម្មលើវិស័យហិរញ្ញវត្ថុ បង្កើតបានជាម៉ូដែលថ្មីមួយ ដែលគេហៅថា បច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់បំពេញតម្រូវការសេវាហិរញ្ញវត្ថុទាំងវិស័យធនាគារ និងមិនមែនធនាគារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាជាស្នូល។ ការអភិវឌ្ឍនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើរតួនាទី យ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចឌីជីថល ជារួម និងដោយឡែកជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។ សេចក្តី ព្រាងគោលនយោបាយសេដ្ឋកិច្ចឌីជីថល បានបង្ហាញពីតម្រូវការនៃការរៀបចំកសាងប្រព័ន្ធបង់ប្រាក់ថ្នាក់ជាតិ ដែលជាផ្នែកមួយនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់ជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការដឹកជញ្ជូនចុងក្រោយ និងសេវាអនឡាញនានា។
ទោះបីជាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា មានការលូតលាស់គួរឱ្យកត់សំគាល់ វិស័យនេះនៅតែប្រឈមនឹងបញ្ហាគន្លឹះៗ និងត្រូវការការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ពីស្ថាប័នរដ្ឋ និងឯកជន។ បញ្ហាមួយចំនួន នឹងត្រូវដោះស្រាយក្នុងក្របខ័ណ្ឌរួមនៃគោលនយោបាយសេដ្ឋកិច្ចឌីជីថល ប៉ុន្តែយន្តការអន្តរស្ថាប័នអាចចូលរួម អភិវឌ្ឍវិស័យនេះជាបណ្តើរ។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការ រវាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ និងសមាគមធនាគារនៅកម្ពុជា នឹងក្លាយជាបង្គោលចរថ្មីមួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៏វិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ រួមទាំងការបណ្តុះធុរកិច្ចថ្មីលើវិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរយ:ពេលវែង។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ ថ្មីៗនេះបានប្រែក្លាយខ្លួនជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមាន ភារកិច្ចចម្បងក្នុងការបណ្តុះធុរកិច្ចថ្មី និង ជំរុញឱ្យមានការចូលរួមអភិវឌ្ឍធុរកិច្ចថ្មី ក្នុងគោលដៅបង្កើនឱកាសក្លាយ ជាអាជីវកម្មជោគជ័យដល់ធុរកិច្ចថ្មីទាំងនោះ។ កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពដល់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ក្នុងការរៀបចំកម្មវិធីបណ្តុះធុរកិច្ចថ្មីបន្ថែមទៀត ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយមានការគាំទ្រពី សមាគមធនាគារនៅកម្ពុជា និងធនាគារជាសមាជិក ជាបច្ចេកទេស និងការប្រឹក្សាយោបល់ធុរកិច្ចជាដើម។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ និងបន្តការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល៕