ក្រសួង​វប្បធម៌ សម្រេចយក​ទំរង់​សិល្បៈធំៗចំនួន៣ ដើម្បី​ទៅ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​វៀតណាម

ភ្នំពេញ៖ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សម្រេចយក​ទំរង់​សិល្បៈធំៗចំនួន៣ ដែលមាន របាំ​អប្សរា របាំ​ព្រាប​សន្តិភាព​និង​ក្បាច់គុណ​ល្បុក្កតោ ដើម្បី​យកទៅ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម​នៅ​វៀតណាម នា​ចុងឆ្នាំ២០២១នេះ។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ប្រាប់​វិទ្យុជាតិ​កម្ពុជា ឱ្យដឹងថា ការ​សម្រេចយក​ទំរង់​សិល្បៈ​ទាំង៣ ទៅ​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀតណាម​នេះ ដោយសារតែ​របាំ​អប្សរា​គឺជា​អត្តសញ្ញាណ​ជាតិ របស់​កម្ពុជា ដែលជា​សិល្បៈ​អរូបី​យ​របស់​កម្ពុជា ហើយ​របាំ​អប្សរា​នេះ គឺជា​ផ្នែក​មួយ​នៃ​របាំ​ព្រះរាជ​ទ្រព្យ ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិ របស់​អង្គការ​UNESCO កាលពី​ឆ្នាំ២០០៣ ដូច្នេះ​វា​ជា​តំណាងឱ្យ​អត្ថ​សញ្ញាណ​នៃ​កម្ពុជា​ផង ហើយ​វា​ជា​ទំរង់​នៃ​របាំ​បុរាណ​របស់​ខ្មែរ​យើង​ផង ។ ឯកឧត្តម បន្តថា ចំណែក​របាំ​ព្រាប​សន្តិភាព​គឺជា​សិល្បៈក្មេងៗ ជា​ពាក្យស្លោក​កីឡា​របស់​យើង គឺ​កីឡា​រស់ក្នុង​សន្តិភាព ហើយ​ព្រាប​ជា​និមិត្តរូប​មួយ​បង្ហាញ​អំពី​សន្តិភាព ដែលមាន​សន្តិភាព​គឺមាន​ការអភិវឌ្ឍន៍ មាន​សន្តិភាព​គឺមាន​កីឡា ដើម្បី​បង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដែលមាន​សន្តិភាព ដែល​យើង​អាចមាន​លទ្ធភាព ក្នុងការ​រៀបចំ​កីឡា​ស៊ី​ហ្គេម។ ឯកឧត្តម បន្តទៀតថា ចំណែក ល្បុក្កតោ វិញ​គឺជា​សិល្បៈ​ក្បាច់គុណ​បុរាណ​មួយ​ដែល​វា​បាន​ផ្សារភ្ជាប់​និង​កីឡា ដូច្នេះ​ទំរង់​ទាំង៣នេះ វា​ផ្សារភ្ជាប់​អត្ថន័យ​គ្នា​ទៅវិញទៅមក ។ ឯកឧត្តម​បញ្ជាក់ថា បន្ទាប់ពី​ការសម្តែង​ទាំង៣ទំរង់​នេះ​ចប់ យើង​ក៏មាន​បទ​ចម្រៀង​មួយទៀត​ផងដែរ គឺ​ចម្រៀង​ស្វាគមន៍​អញ្ជើញ​មិត្ត​ភ័​ក្ក្រ​អាស៊ាន​ទាំង១១ប្រទេស ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​របស់​កម្ពុជា លើក​ទី៣២ ឆ្នាំ២០២៣ ខាងមុខ។

« យើង​បានធ្វើការ​ជាមួយនិង​គណៈកម្មាធិកា​រ​ពិធី​បើក​បិទ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដើម្បី​រៀបចំ​នូវ​កម្មវិធី​សិល្បៈ​ខ្លី​មួយ​ក្នុង​ការទទួល​ទង់​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើជា ម្ចាស់ផ្ទះ។ នៅក្នុង​នោះ​មានការ​ត្រៀម​ខ្លី​ទេ ដោយសារ​ទី១ទីតាំង​ដែល​ត្រូវ​សម្តែង​វា​មិនធំ​នោះទេ ដែល​គេ​បានកំណត់​ឱ្យ ដោយ​អាចដាក់​សិល្បៈករ​ចន្លោះ​ពី៣០ទៅ៥០នាក់​ប៉ុណ្ណោះ ។ ទី២ រយៈពេល​នៃ​ការសម្តែង​ខ្លី​ទេវា​ប្រហែលជា១០នាទី​យ៉ាងយូរ អ៊ីចឹង​យើង​យក៣ទំរង់ធំៗ គឺ​ទី១របាំ​អប្សរា ទី២របាំ​ព្រាប​សន្តិភាព​ដោយសារ​ពាក្យស្លោក របស់​ស៊ី​ហ្គេម​លើក​ទី៣២របស់​យើង គឺ​កីឡា​រស់ក្នុង​សន្តិភាព អ៊ីចឹង​យើង​មាន​ជា​របាំ​ព្រាប មួយទៀត ហើយ​ចប់​ពី​របាំ​ព្រាប ទៅ​គឺ ល្បុក្កតោ អ៊ីចឹង៣ទំរង់​នេះ​មិន​ដាច់ពីគ្នា​នោះទេ គឺ​យើង​សម្តែង​ត​គ្នា មាន​របាំ​អប្សរា​ចេញ​អ៊ីចឹង​ហើយ របាំ​ព្រាប អ៊ីចឹង​មក ល្បុក្កតោ គ្រាន់តែ​ចេញ​មុន​ចេញ​ក្រោយ​ប៉ុណ្ណឹង​ទេ »។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣១ នៅ​វៀតណាម គ្រោង​នឹងធ្វើ​នៅ​រដ្ឋធានី ហាណូយ​ចាប់ពី​ថ្ងៃទី២១ ខែវិច្ឆិកា ដល់​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខណៈដែល​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី៣២ឆ្នាំ២០២៣ កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃទី០៥ដល់១៧ ខែឧសភា​ឆ្នាំ២០២៣៕

#អរគុណស្តិភាព

Leave a Comment

Your email address will not be published.