កែប៖ ក្រុមហ៊ុន ទ្រី ភាព គ្រោងអភិវឌ្ឍកោះទន្សាយស្ថិតនៅខេត្តកែបទៅជាតំបន់រមណីយដ្ឋានបែបលំហែរកាយ លំនៅដ្ឋាន ភោជនីយដ្ឋាន ក៏ដូចជាសេវាកម្មចាំបាច់ជាច្រើនទៀត ដើម្បីបំរើដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។ នេះ បើតាមការឱ្យដឹងពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីពេលថ្មីៗនេះ។
ឯកឧត្តម សោម ពិសិដ្ឋ បញ្ជាក់ថា ក្រុមហ៊ុនទ្រីភាពបានដាក់សំណើរមកកាន់រដ្ឋបាលខេត្តកាលពីពេលថ្មីៗនេះ ដើម្បីអភិវឌ្ឈកោះនេះនាពេលខាងមុខនេះ។
បើតាម ឯកឧត្តម សោម ពិសិដ្ឋ គម្រោងអភិវឌ្ឍន៍កោះទន្សាយនេះផ្អែកលើគោលការណ៍របស់រដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តគឺឈរលើផលចំណេញសម្រាប់វិស័យឯកជន រដ្ឋាភិបាល និងផលប្រយោជន៍សាធារណៈ។

កោះទន្សាយជាកោះដ៏ល្បីឈ្មោះមួយប្រចាំខេត្តកែប ក្នុងចំណោមកោះផ្សេងទៀត ដោយកោះនេះមានឆ្នេរខ្សាច់ ដើមដូង ព្រៃឈើដ៏ស្រស់ស្អាត និងខៀវស្រងាត់។ កោះនេះបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើន ទៅសំរាកលំហែរនាពេលកន្លងមក។
កោះទន្សាយ មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍ នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ។ នៅតំបននេះជារមណីដ្ឋានធម្មជាតិ ដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន៕

#អរគុណសន្តិភាព