គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នី​ភ្នំពេញ-ព្រះសីហនុ សម្រេចបាន​ជាង ៥៥ភាគរយ ខណៈ​គ្រោង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ២០២៣

ភ្នំពេញ៖ រសៀល​ថ្ងៃ​ចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​អមដំណើរ​លោកជំទាវ និ​ន សា​ផុន ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (គណៈកម្មការ​ទី៩) នៃ​រដ្ឋសភា និង​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អញ្ជើញ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការដ្ឋាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ មក​ខេត្ត​ព្រះសីហនុ។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ខេត្ត​ព្រះសីហនុ មាន​ប្រវែង ១៩០គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ខែកក្កដា ឆ្នាំ២០១៩ គិត​ត្រឹម​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការ​សាងសង់​សម្រេចបាន ៥៥,០៥% ហើយ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ផ្លូវ​នេះ​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើ​រយៈពេល​សាងសង់៤៨ខែ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២ ០១៩លាន​ដុល្លារ សហរដ្ឋអាមេរិក មាន​គន្លង​ផ្លូវ​ចំនួន០៤គន្លង ទទឹងផ្លូវ​សរុប ២៤,៥ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស៧កន្លែង កន្លែង​ឈប់សម្រាក​ចំនួន០៣កន្លែង ចំណតរថយន្ត០១កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ចំនួន០៤កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន៤០កន្លែង ស្ពាន​តូច​ចំនួន០៥កន្លែង ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ០៨គីឡូម៉ែត្រ និង​ខេត្ត​ចំនួន០៤បួន ក្នុងនោះ​មាន៖ ខេត្តកណ្តាល​ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង ១,៩២គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ខេត្ត​ព្រះសីហនុ គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី១ និង​ជា​គម្រោង​ផ្លូវ របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត​នៅ​កម្ពុជា ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់បន្ថយ​តម្លៃ​ភស្តុភា​រកម្ម​ផងដែរ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.