ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ត​ភ្ជាប់​ពី​ខេត្តក្រចេះ ទៅ​ខេត្តកំពង់ធំ ត្រូវ​បានបញ្ចប់​ការសិក្សា រង់ចាំតែ​ការសម្រេច​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន​បាន​ឯកភាព​ផ្ដល់​ថវិកា​កម្ចី​មក​កម្ពុជា ក្នុងការ​សាងសង់​ស្ពាន​មួយកន្លែង​ក្នុង​ខេត្តក្រចេះ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ជួយ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​ទៀតផង ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍ថា គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ដែល ត​ភ្ជាប់​ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ ត្រូវ​បានបញ្ចប់​ការសិក្សា​ហើយ ដោយ​ត្រូវ​រង់ចាំ​ការសម្រេច​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ស្ពាន​នាពេលខាងមុខ ។ ឯកឧត្តម​បញ្ជាក់ថា គម្រោង នេះ​គឺ​ទទួលបាន​កម្ចី​ពី​ប្រទេស​ចិន ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទន្លេមេគង្គ ខណៈ​បច្ចុប្បន្ន​ពួកគាត់​ឆ្លងកាត់​ទន្លេ​ដោយ​សាឡាង​ឬ​ទូក ដ។

« យើងខ្ញុំ​ត្រៀម​ទទួល​ចម្លើយ​ពី សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី ដើម្បី​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ស្ពាន​នៅ​ខេត្តក្រចេះ​របស់​យើង ដែល​មិត្ត​ចិន​របស់​យើង​បាន​ឯកភាព​ហើយ នឹង​ផ្ដល់​ថវិកា​កម្ចី​មក​សាងសង់​ស្ពាន​នៅ​ក្រចេះ ម្យ៉ាងវិញទៀត ផ្លូវ​ពី​ខេត្តក្រចេះ​ទៅ​ខេត្តស្ទឹងត្រែង ក្រសួង​បាននិងកំពុង​កែលម្អ និង​លើកកម្ពស់​គុណភាព​ផ្លូវ​បាន​ប្រវែង៩៣គីឡូម៉ែត្រ​ហើយ ដែលជា​ជំនួយឥតសំណង​របស់​មិត្ត​ចិន ឥឡូវនេះ​មិត្ត​ចិន កំពុង​ពិចារណា​ដើម្បី​សាងសង់​បន្ដទៀត រហូតដល់​ព្រំដែន​កម្ពុជា-ឡាវ »។

ឯកឧត្តម​បាន​បន្តថា រាជរដ្ឋាភិបាល​បាន​ជំរុញ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​និង​ស្ពាន ជាច្រើន​ទៅដល់​តំបន់​ដាច់ស្រយាល ដែល​បានរួម​ចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ហើយ​បាន​ទាក់ទាញ​អ្នកវិនិយោគ​មក​អភិវឌ្ឍ នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។

សូមបញ្ជាក់ថា តាម​ការសិក្សា​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ស្ពាន​មួយ​ខ្សែ​នេះ មាន​ប្រវែង ១,៧៦១ម៉ែត្រ ដែល​នឹងត្រូវ​សាងសង់ឡើង​ក្រោម​ថវិកា​កម្ចីសម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយនឹង​ប្រើប្រាស់​រយៈពេល​ចន្លោះ​ពី ២ ទៅ៣ឆ្នាំ ក្នុងការ​សាងសង់ ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *