ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី១ នៃ​ក្រុមការងារ​ចរចា​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ម៉ុង​ហ្គោ​លី

(រាជធានី​ភ្នំពេញ)៖ កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម មាន​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី១ នៃ​ក្រុមការងារ​ចរចា​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ម៉ុង​ហ្គោ​លី ក្រោម​អធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ម៉ុង​ហ្គោ​លី ដើម្បី​ពិនិត្យ​លើ​ទស្សនទាន​នៃ​ការសិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ម៉ុង​ហ្គោ​លី ដោយមាន​ការចូល រួម​ពី​តំណាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​លើកឡើងថា ការសិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​ចរចា​លើ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ម៉ុង​ហ្គោ​លី គឺជា​ការអនុវត្ត​ស្របតាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់​ទី៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​បើក​ច្រក​ទីផ្សារ​នឹង​នាំឱ្យមាន​លំហូរ​ពាណិជ្ជកម្ម​កើនឡើង និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​វីរុស​កូ​វីដ-១៩ ដែលមាន​លក្ខណៈ​មិន​ប្រកដប្រជា។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង ពិភាក្សា​និង​ប្រមូល​ធាតុ​ចូល​ពី​សមាជិក​ក្រុមការងារ​អន្តរក្រសួង លើ​ឯកសារ​ទស្សនទាន​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​អាស៊ី​បូព៌ា (ERIA)។ ជា​លទ្ធផល កិច្ចប្រជុំ​បានបញ្ចប់​នូវ​ការពិនិត្យ​លើ​ឯកសារ​ទស្សនទាន និង​បានសម្រេច​លើកសំណើ​ទៅ ERIA ព​ន្លឿ​ន​បញ្ចប់​របាយការណ៍​ស្រាវជ្រាវ​របស់ខ្លួន។

ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សមាជិក​ក្រុមការងារ​ទាំងអស់ នឹង​បាន​ជំ​រុញឱ្យ​ក្រុមការងារ​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បីឱ្យ​ការសិក្សា​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ទទួលបាន​ជោគជ័យ។ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​ជាមួយ​វិទ្យាស្ថាន ERIA នឹង​ទទួលបាន​លទ្ធផល​ផ្លែផ្កា នាពេលខាងមុខ។

អត្ថបទ៖ នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក