អ៊ីរ៉ាក់៖ស្លាប់​យ៉ាងហោចណាស់៥២នាក់​និង​របួស២២នាក់​ទៀត​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​មន្ទីរពេទ្យ​ផ្ទុក​អ្នកជំងឺ​កូ​វីដ

បរទេស៖ក្រុមមន្ត្រី​សុខាភិបាល​និង​ប៉ូលីស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​អះអាងថា​មនុស្ស​យ៉ាងហោចណាស់៥២នាក់​បាន​បាត់​បង់ជីវិត​និង២២នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​អគារ​មន្ទីរពេទ្យ​មួយកន្លែង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​ពោរពេញ​ទៅដោយ​អ្នកជំងឺ​ដោយសារ​កូ​វីដ។

ហេតុការណ៍​ឆេះ​មន្ទីរពេទ្យ​នេះ​គឺជា​លើក​ទី២ហើយ​ក្នុងប្រទេស​អ៊ីរ៉ាក់​ត្រឹមតែ​រយៈពេល៣ខែ​ចុងក្រោយ​ដែល​វា​ត្រូវបាន​គេ​មើលឃើញថា​អាច​បណ្តាលមកពី​ការផ្ទុះ​ធុង​អុកស៊ីសែន​របស់​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង Nassiriya។

មន្ត្រី​សុខាភិបាល​ម្នាក់​បាន​អះអាងថា​មនុស្ស​ស្លាប់​ចុងក្រោយ​ដែល​អាច​ទាញ​បាន​សាកសព​មក​ក្រៅ​នោះ​គឺមាន​ទៅដល់៥២នាក់​និង​របួស​សរុប២២នាក់​ប៉ុន្តែ​ប្រតិបត្តិ​ការស្វែងរក​នៅតែ​បន្ត​ធ្វើឡើង​ចំពោះ​ជនរងគ្រោះ​ផ្សេងទៀត​ដែល​ប្រហែលជា​អាច​នៅមាន​ជាប់​ពី​ក្នុង​កំទេចកំទី​បាក់បែក។

រំលឹក​ដែរ​ថា​កាលពី​ខែមេសា​កន្លងទៅ​ហេតុការណ៍​ផ្ទុះ​បំពង់​អុកស៊ីសែន​ដូចគ្នានេះ​បានកើត​ឡើង​ម្តង​ហើយ​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បា​ដា​ដដែល​វា​បាន​បណ្តាល​ឲ្យ​មាន​អ្នក​បាត់បង់​ជីវិត​ដល់​ទៅ៨២នាក់​និង​របួស១១០នាក់៕

#អរគុណសន្តិភាព