សិង្ហបុរី និងអូស្ត្រាលី ពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចបៃតង

មេដឹកនាំរបស់ប្រទេសសិង្ហបុរី និងអូស្ត្រាលី បានជួបពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចបៃតងថ្មីមួយ (GEA) ដែលមានគោលបំណងជួយសម្រួលដល់កំណើនបៃតងតាមរយៈវិធានការជាក់ស្តែង។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយកាលពីថ្ងៃទី១១ ខែតុលា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មសិង្ហបុរី លោក Gan Kim Yong បានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្ត្រាលី លោក Dan Tehan ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ។

តាមកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរសង្ឃឹមថាវានឹងជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគតាមរយៈការបន្ធូរបន្ថយបទប្បញ្ញត្តិទៅលើអាជីវកម្ម។ ពួកគេក៏មានបំណងដកចេញនូវឧបសគ្គដែលមិនមែនជាពន្ធគយក្នុងការធ្វើពាណិជ្ជកម្មទំនិញបរិស្ថាន និងសេវាកម្ម ព្រមទាំងពន្លឿនការស្រូបយកបច្ចេកវិទ្យាបៃតងដែលមានការបញ្ចេញឧស្ម័នទាបផងដែរ។

ប្រទេសទាំងពីរបាននិយាយថា «កិច្ចព្រមព្រៀងដំបូងរបស់ពិភពលោក» មួយនេះនឹងធ្វើឱ្យភាពជាដៃគូទ្វេភាគីរបស់ពួកគេកាន់តែស៊ីជម្រៅតាមរយៈការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងបរិស្ថាន។

ពួកគេបាននិយាយបន្ថែមថា គោលដៅធំជាងនេះ គឺធ្វើឱ្យកិច្ចព្រមព្រៀងនេះដើរតួនាទីជាអ្នកនាំផ្លូវដែលរួមចំណែកដល់ការអភិវឌ្ឍគោលនយោបាយពហុភាគី និងតំបន់ ដោយ «បង្កើតគោលនយោបាយ បទដ្ឋាន និងគំនិតផ្តួចផ្តើម ដែលមិនត្រឹមតែបង្កើតការងារល្អនៅក្នុងវិស័យកំណើនបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងអភិបាលកិច្ចបរិស្ថាន និងសមត្ថភាពជាសកលដើម្បីដោះស្រាយបញ្ហាបរិស្ថានផងដែរ»៕