សហរដ្ឋអាមេរិក បញ្ជូន “នាវា​ផ្ទុក​យន្តហោះ​ចម្បាំង” ត្រឡប់​ទៅ​ឈូង​សមុទ្រ​ពែ​កស៍ និង​អះអាងថា គ្មាន​ការឈ្លានពាន​ណាមួយ​ឡើយ ទោះជា​ក្នុងអំឡុងពេល​កើតហេតុ​ការណ៍​សម្លាប់​អ្នកវិទ្យាសាស្ត្រ​អ៊ីរ៉ង់

(រូបភាព កាលពី​ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២០) នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS NIMITZ កំពុង​នាំមុខ​នាវាចម្បាំង​ផ្សេងទៀត ក្នុង​ក្រុម​នាវាចម្បាំង​របស់​សហ​រដ្ឋ​អាមេរិក(ស.រ.អា) ឆ្លងកាត់​ច្រក ហូ​មុ​ស ចូល​ឆ្ពោះទៅកាន់​ឈូង​សមុទ្រ​ពែ​កស៍។ ពេលនេះ​ក្រុម​នាវាចម្បាំង​ទាំងនេះ បាន​ត្រឡប់​ចូលទៅ​ប្រចាំការ​នៅក្នុង​ឈូង​សមុទ្រ​ពែ​កស៍​ជាថ្មី​ម្ដង​ទៀតហើយ តាំងពី​ថ្ងៃ​ពុធ(ទី២៥ វិច្ឆិកា)

បរទេស៖ ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក បានធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ភូមិភាគ​ឈូង​សមុទ្រ​ពែ​កស៍​ជាថ្មី​ម្ដងទៀត តែ​អ្នកនាំពាក្យ​កងទ័ពជើងទឹក​អាមេរិក បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍ (ទី២៨ វិច្ឆិកា) ថា សកម្មភាព​នេះ មិនមែន​មានបំណង​បង្ក “គ្រោះភ័យ​ឈ្លានពាន” ណាមួយ​ទាំងអស់ ទោះជា​ទើបតែ​កើតហេតុ​ការណ៍​លប​ធ្វើឃាត​យ៉ាង​សាហាវ​លើ​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​លំដាប់​កំពូល​របស់​អ៊ីរ៉ង់ ដែល​ក្រុង​តេ​អេ​រ៉ង់ បាន​ចោទប្រកាន់ថា ជា​ស្នាដៃ​របស់​អ៊ីស្រាអែល រួមទាំង​ប្រហែលជា​ទទួលបាន​ការអនុញ្ញាត​ពី​សហរដ្ឋអាមេរិក​ទៀត​ផង​ក្ដី។

ភូមិភាគ​មួយ​នេះ កំពុង​កើតមាន​ភាព​តានតឹង​ឡើង​យ៉ាងខ្លាំង​ជាពិសេស ក្រោយពី​កើតហេតុ​ការណ៍​លួច​ធ្វើឃាត​លោក ម៉ូ​សេន ហ្វា​គ្រី​សា​ដេ​ហ៍ កាលពី​ថ្ងៃ​សុក្រ (ទី២៧ វិច្ឆិកា) ដែល​មិនទាន់មាន​អ្នកណា​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ។

តែ លោកស្រី​វរសេនីយ៍ទោ រី​បេ​ក​កា រេ​បារី​ច អ្នកនាំពាក្យ របស់​កងទ័ពជើងទឹក​លេខ៥ របស់​អាមេរិក បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ការវិលត្រឡប់ កាលពី​ថ្ងៃ​ពុធ (ទី២៥ វិច្ឆិកា) របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ដែល​ដឹកនាំ​ដោយ​នាវា USS NIMITZ នេះ មិនបាន​ពាក់ព័ន្ធ​ជាមួយ “គ្រោះភ័យ​ឈ្លានពាន​ជាពិសេស​ណាមួយ​ឡើយ” ។

“មិនមែនជា​គ្រោះភ័យ​ឈ្លានពាន​ពិសេស​ណាមួយ ដែលជា​ហេតុ​ធ្វើឱ្យ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ប្រដេញ NIMITZ ត្រឡប់មកវិញ​នោះទេ” លោកស្រី​បាន​ថ្លែង​បែបនេះ នៅ​ក្នុងការ​ថ្លែងការណ៍។

អ្នកនាំពាក្យ​រូបនោះ បន្តថា “ការ​ត្រឡប់មកវិញ​របស់ NIMITZ មាន​ចំណុចកណ្ដាល ស្ថិត​លើ​ការថែរក្សា​សមត្ថភាព​របស់ CENTCOM (ពាក្យកាត់ របស់ US Central Command ទីបញ្ជាការ​ផ្នែក​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក ដែល​មើល​ការខុសត្រូវ​យុទ្ធសាស្ត្រ លើ​បរិវេណ តាំងពី​មជ្ឈិមបូព៌ា រហូតដល់​អា​ហ្វ​ហ្គា​នី​ស្ថាន) ក្នុងការ​ប្រ​ពឹ​ត្ត​ប្រតិបត្តិ​តាម​ដែល​បានរៀបចំ​ទុក និង​ត្រៀម​រួចជាស្រេច​ក្នុង​ការចូល​ជួយ​ថែរក្សា​ស្ថិរភាព និង​សន្តិសុខ​របស់​ភូមិភាគ​នោះ”

មន្ទីរ​បញ្ច​កោណ (ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក) ធ្លាប់បាន​ថ្លែង​កាលពីពេល​មុននេះ​ថា ក្រុម​នាវាចម្បាំង​ទាំងនេះ នឹង​បំពេញ​តួនាទី ផ្ដល់​ការគាំទ្រ និង​ការពារ​ខាង​ផ្លូវអាកាស ខណៈដែល​នឹងមាន​ការដក​កង​ទាហាន​ជាច្រើន​ពាន់​នាក់ ចេញពី​ប្រទេស​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងអំឡុង​ពាក់កណ្ដាល​ខែមករា ឆ្នាំ​ថ្មី តាម​បញ្ជា​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ។

ទាំងអស់នេះ តាម​បញ្ជា​នោះ ទាហាន​អាមេរិកាំង ប្រមាណ​ជាង ២ ០០០នាក់ នឹងត្រូវ​ដកចេញ​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង ៥០០នាក់ ចេញពី​អ៊ីរ៉ាក់ ដែល​នឹង​ធ្វើឱ្យ​ក្នុងប្រទេសនីមួយៗ នៅសល់​ទាហាន​អាមេរិកាំង​តែ​ប្រមាណ ២ ៥០០នាក់​ប៉ុណ្ណោះ។

ក្រុម​នាវា​ពិឃាត ដែល​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង NIMITZ  កាលពីពេលថ្មីៗនេះ បាន​ទៅ​ចូលរួម​ជាមួយ​នាវាចម្បាំង​របស់​អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន ក្នុងការ​ហ្វឹកហាត់ តាម​កាលវិភាគ​ដែល​បានកំណត់​ទុក នៅឯ​ឈូង​សមុទ្រ​អារ៉ាប់។

គណនី​ធ្វី​ត​ធើរ​របស់​កងទ័ពជើងទឹក​លេខ៥ របស់​សហរដ្ឋអាមេរិក បានបង្ហាញ​រូបភាព​ជាច្រើន ដែល​ក្រុម​យន្តហោះ​ប្រចាំការ​នៅលើ​នាវាចម្បាំង NIMITZ កំពុង​ចេញ​ហោះហើរ នៅក្នុង​បរិវេណ​ដែល​ពួកគេ​ប្រចាំការ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ទាំងនោះ ជាធម្មតា ក្រៅពី​នាវា​ផ្ទុក​យន្តហោះ​ដែលជា​អ្នកដឹកនាំ​ក្រុម​នាវា​ទាំងអស់នោះ​ហើយ នៅមាន​ទាំង​នាវា​ល្បាត ១គ្រឿង នាវា​ពិឃាត ១គ្រឿង និង​ក្រុម​យន្តហោះ​ចម្បាំង​ប្រចាំការ​លើ​នាវា​ទាំងនោះ​ទៀតផង។

ខណៈដែល​នាវា​ផ្ទុក​យន្តហោះ NIMITZ នេះ មាន​ប្រវែង​បណ្ដោយ ៣០០ម៉ែត្រ មាន​កង​នាវិក​ច្រើនជាង ៦ ០០០នាក់ និង​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ប្រមាណ​ជា ៩០គ្រឿង​ទៀតផង៕

ក្រុមអ្នកតវ៉ា​ជនជាតិ​អ៊ីរ៉ង់ បាន​ដុត​រូបថត​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ និង​អនាគត​ប្រធានាធិបតី ចូ​បៃ​ដិ​ន នៅក្នុង​ការប្រមូល​ផ្ដុំគ្នា នៅខាងមុខ​ក្រសួងការបរទេស នៃ​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃ​សៅរ៍ (ទី២៨វិច្ឆិកា) ដើម្បី​ប្រឆាំង​តវ៉ា ការ​លួច​ធ្វើឃាត​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ ម៉ូ​សេន ហ្វា​គ្រី​សា​ដេ​ហ៍

ប្រភព៖ សារព័ត៌មាន AFP

#អរគុណសន្តិភាព