អង្គការ NASA បង្ហោះ​សារ​តាម​ធ្វី​ត​ធើរ បន្ទាប់ពី​ចិន​បង្ហោះ​យាន​ឆាង​អ៊ើ-5 ថា ចូរ​ចែករំលែក​ទិន្នន័យ ដូចដែល​យានអវកាស APOLLO ធ្លាប់ធ្វើ

បរទេស៖ អង្គការ NASA បាន​បង្ហោះ​សារ​តាម​ធ្វី​ត​ធើរ បន្ទាប់ពី​ចិន​បង្ហោះ​យាន​ឆាង​អ៊ើ-5 ឡើងទៅ​ប្រមូល​សំណាក​គំរូ​លើ​ភព​ស្ថាន​ព្រះ​ចន្ទ ដោយបាន​ប្រាប់ថា “យើង​សង្ឃឹមថា ប្រទេស​ចិន​នឹង​ចែករំលែក​ទិន្នន័យ ដល់​សហគមន៍​វិទ្យាសាស្ត្រ​ទូទាំង​ពិភពលោក ដើម្បី​បង្កើន​ការយល់ដឹង​របស់​យើង ពាក់ព័ន្ធ​នឹង​ភព​ស្ថាន​ព្រះ​ចន្ទ ដូចគ្នា​នឹង​ភារកិច្ច​របស់​យានអវកាស APOLLO និង​គ្រោងការ Artemis” ។

តាម​ទិន្នន័យ គ្រោងការ Artemis ដែលជា​សន្ធិសញ្ញា​ផ្នែក​ការប្រើប្រាស់​ភព​ស្ថាន​ព្រះ​ចន្ទ ជា​គ្រោងការ​អវកាស​ដែល​ស្ថិតក្រោម​ការមើល​ការខុសត្រូវ ដោយ​អង្គការ​គ្រប់គ្រង​ការហោះហើរ និង​អវកាស​ជាតិ (NASA) របស់​សហរដ្ឋអាមេរិក។

គ្រោងការ​នេះ ប្រទេស​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​ចម្បង​របស់​សហរដ្ឋអាមេរិក ក្នុង​រឿង​អវកាស​ខ្លួនឯង ក៏​បែ​ជា​មិនឃើញ​មានឈ្មោះ រួម​នៅក្នុង​កិច្ចព្រមព្រៀង​នោះដែរ។

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ថា ដោយសារតែ​ប្រទេស​រុស្ស៊ី មិន​ឯកភាព លើ​រឿង​ដែល​សហរដ្ឋអាមេរិក ជា​អ្នក​ព្រាង​សន្ធិសញ្ញា​ឡើង​តែម្នាក់ឯង។ លោក ឌី​មី​ទ្រី រ៉ូ​កូស៊ីន ប្រធាន​គ្រោងការ​អវកាស​រុស្ស៊ី បាន​ប្រាប់ថា រុស្ស៊ី​ត្រៀមខ្លួន​ជានិច្ច ក្នុងការ​ចូលរួម បើសិនជា​គ្រោងការ​នោះ ជា​កិច្ចសហការ របស់​អន្តរជាតិ​យ៉ាងពិត​ប្រាកដ។

ចំណែក​ប្រទេស​ចិន ដែល​កំពុង​ឈាន​ឡើងមក​ក្លាយជា​ប្រទេស​មហាអំណាច​ខាង​អវកាស​វិញ​នោះ ក៏​នៅ​មិនទាន់​អាច​ចូលរួម​ចុះហត្ថលេខា​បានដែរ ដោយសារតែ​ច្បាប់​របស់​សហរដ្ឋអាមេរិក បាន​ហាម​មិនឱ្យ​អង្គការ NASA សហការ​ជាមួយ​ប្រទេស​ចិន​ដោយផ្ទាល់​ឡើយ។

ទាំងអស់នេះ កិច្ចព្រមព្រៀង Artemis (ជា​ឈ្មោះ​របស់​រាជិនី​នៃ​ភព​ស្ថាន​ព្រះ​ចន្ទ) គួរ​ចាប់អារម្មណ៍​ក្នុង​វិស័យ​នយោបាយ​រវាង​ប្រទេស ដែល NASA បាន​ចុះហត្ថលេខា​នៅក្នុង Artemis Accords រួមជាមួយ​សម្ព័​ន្ធ​មិត្ត ៨ប្រទេស ដែលមាន​ដូចជា សហរដ្ឋអាមេរិក, អង់គ្លេស, កាណាដា, អូស្ត្រាលី, អ៊ីតាលី, ជប៉ុន, ឡាក់​សេម​ប៊ើ​ក, និង​សហរដ្ឋអារ៉ាប់ អេ​មី​រេ​ត ដើម្បី​សហការ​លើ​ផ្នែក​ត្រួតពិនិត្យ​អវកាស ដោយមាន​គោលដៅ​ជួយ​គ្នា​កសាង​អនាគត​ដែលមាន​សុវត្ថិភាព ស្ងប់​សុខ និង​ចម្រើន​រុងរឿង​ក្នុង​អវកាស សម្រាប់​មនុស្សជាតិ។ តែ​នៅក្នុង​ផ្នែក​មួយទៀត ក៏​ជា​កិច្ចសន្យា ការរួម​វិនិយោគទុន ធ្វើ​អណ្ដូងរ៉ែ​លើ​ភព​ស្ថាន​ព្រះ​ចន្ទ ឬ​ភារកិច្ច​ស្វែងរក​រ៉ែ​មានតម្លៃ ដោយបាន​រកឃើញថា នៅលើ​ស្រទាប់ដី​ស្ថាន​ព្រះ​ចន្ទ មាន​រ៉ែ​លោហៈ​កម្រ ដែល​កិច្ចព្រមព្រៀង​ធ្វើ​អណ្ដូងរ៉ែ​លើ​ភព​ស្ថាន​ព្រះ​ចន្ទ​នេះ មិនមាន​ប្រទេស​រុស្ស៊ី និង​ចិន​រួមជាមួយ​ឡើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព