អាមេរិក​ថា លោក​គីម ជុង​អ៊ុន និង​ក្រុមគ្រួសារ ទទួលបាន ការចាក់​វ៉ាក់សាំង ការពារ​កូ​វីដ-១៩ ពី​ចិន​រួចហើយ??!

បរទេស៖ អ្នកវិភាគ​របស់​សហ​រដ្ឋ​អាមេរិក បាន​បង្ហើប​ឱ្យដឹងថា មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន និង​ក្រុមគ្រួសារ បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ-១៩ ក្នុងដំណាក់កាល​សាកល្បង ១ប្រភេទ ដែល​រដ្ឋបាល​ចិន​រៀបចំ​បញ្ជូនទៅឱ្យ រួចរាល់​ហើយ។

លោក ហ៊ែរ​រី ខា​សៀ​នី​ស អ្នកជំនាញការ​ផ្នែក​ប្រទេស​កូរ៉េខាងជើង មកពី Center for the Nation Interest ដែលជា​ស្ថាប័ន​សម្បូរ​ទៅដោយ​អ្នកវិភាគខ្លាំងៗរបស់​ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជាក់ថា មនុស្ស​ក្នុង​ត្រកូល គីម និង​មន្ត្រីកំពូលៗ របស់​ប្រទេស​កូរ៉េខាងជើង​ជាច្រើន​នាក់ បាន​ចាក់​វ៉ាក់សាំង ការពារ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឬ​កូ​វីដ-១៩ រួចរាល់​ហើយ។

តែ​យ៉ាងណាក៏ដោយ នៅ​មិនទាន់មាន​ទិន្នន័យ​ថា តើ​វ៉ាក់សាំង​នោះ ជា​របស់​ក្រុមហ៊ុន​ណា និង​ឆ្លងកាត់​ការសាកល្បង អះអាងថា មាន​សុវត្ថិភាព​ហើយ ឬ​យ៉ាងណា​នៅឡើយ?

“លោក​គីម ជុង​អ៊ុន និង​មន្ត្រីកំពូលចំណាស់ៗជាច្រើន​នាក់ នៅក្នុង​ត្រកូល​គីម និង​ខ្សែបណ្ដាញ​មេដឹកនាំ​កូរ៉េខាងជើង សុទ្ធតែ​បានទទួល​ការចាក់​វ៉ាក់សាំង ដែល​ប្រទេស​ចិន រៀបចំ​បញ្ជូន​មកឱ្យ កាលពី​អំឡុង ២-៣សប្ដាហ៍​កន្លងទៅ រួចរាល់​ហើយ” លោក​ខា​សៀ​នី​ស បានបញ្ជាក់​នៅក្នុង​សំណេរ​របស់លោក ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​វេ​ប​សាយ 19FortyFive។

លោក​ខា​សៀ​នី​ស បាន​អាង​លើ​ទិន្នន័យ ពី​អ្នកវិទ្យាសាស្ត្រ​វេជ្ជ​វិទ្យា ជនជាតិ​អាមេរិក​ម្នាក់ គឺ​លោក ភី​ធើរ ជេ. ហូ​តេស ដែល​បាន​បញ្ជាក់ថា មាន​ក្រុមហ៊ុន​របស់​ចិន​យ៉ាងតិច ៣ក្រុមហ៊ុន ដែល​កំពុងស្ថិត​ក្នុងអំឡុង​ពេល​អភិវឌ្ឍន៍​វ៉ាក់សាំង ការពារ​មេរោគ​កូ​វីដ-១៩ នេះ មាន ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់ បៃ​អូ​ថេ​ក, ក្រុមហ៊ុន ឃែ​ន​ស៊ី​ណូ បៃ​អូ និង​ក្រុមហ៊ុន ស៊ី​ណូ​ហ្វ៉ា​ម គ្រុប។

ក្រុមហ៊ុន​ស៊ី​ណូ​ហ្វ៉ា​ម បាន​អះអាងថា វ៉ាក់សាំង​គំរូ​ដើម​របស់ខ្លួន ត្រូវបាន​នាំយកទៅ​ចាក់ឱ្យ​ពលរដ្ឋ​ចិន​រួចហើយ​ជិត ១លាន​នាក់។

រដ្ឋបាល​ប្រទេស​កូរ៉េខាងជើង បាន​អះអាងថា អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩នៅក្នុង​ប្រទេស នៅតែមាន​ចំនួន​សូន្យ(០) ខណៈដែល​អង្គភាព​ព័ត៌មាន​សម្ងាត់​របស់​ប្រទេស​កូរ៉េខាងត្បូង(NIS) ជឿថា មាន​ភាព​អាចទៅរួច ដែល​មេរោគ​កូ​វីដ-១៩ នឹង​ចម្លង​សាយភាយ​ចូលទៅ​ក្នុងប្រទេស​កូរ៉េខាងជើង ដែលមាន​ការលក់ដូរ និង​ធ្វើដំណើរ​ទំនាក់ទំនង​ទៅ-មក ជាមួយ​ប្រទេស​ចិនដីគោក ដែលជា​ប្រភព​កំណើត​របស់​មេរោគ​វីរុស​មួយ​នេះ មុន​នឹងមាន​បញ្ជា​បិទ​ព្រំដែន នៅក្នុង​អំឡុង​ចុង​ខែម​ករា។

ក្រុមហ៊ុន ម៉ៃ​ក្រូ​សូ​ហ្វ បាន​ថ្លែង​កាលពី​ខែ​កន្លងទៅ​ថា ហ៊ែ​ក​ឃើ​រ​ជនជាតិ​កូរ៉េខាងជើង ២ក្រុម បាន​ព្យាយាម​ចោះ​ចូល​បណ្ដាញ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍​ឱសថ ក្នុងប្រទេស​ជាច្រើន តែ​មិនបាន​បង្ហើប​ឱ្យដឹងថា តើ​មាន​ក្រុមហ៊ុន​ណាខ្លះ​ដែល​រង​ការ​ហ៊ែ​ក​នោះទេ។ ខណៈដែល​ប្រភពព័ត៌មាន បានផ្ដល់​ទិន្នន័យ​ទៅឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បានឱ្យដឹងថា ក្រុមហ៊ុន១ ក្នុងចំណោម​មុខសញ្ញា​ទាំងនោះ​គឺ AstraZeneca អ្នក​ផលិត​ថ្នាំ របស់​ប្រទេស​អង់គ្លេស។

ទិន្នន័យ​ទាំងនោះ ហាក់​មាន​ភាពស៊ីចង្វាក់​គ្នា នឹង​ពាក្យ​អះអាង​ពី NIS កាលពី​សប្ដាហ៍​កន្លងទៅ ដែល​និយាយថា ប្រទេស​កូរ៉េខាងជើង ព្យាយាម​ហ៊ែ​ក​ទិន្នន័យ របស់​អ្នក​ផលិត​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

 #អរគុណសន្តិភាព